បងប្អូនកម្មករនិយោជិតនៃរោងចក្រអិមអិល (ML)រីករាយ និងសប្បាយចិត្តដែលបានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់ក្រសួងការងារ

28-05-2026 14:43

(បន្ទាយមានជ័យ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអបអរសាទរដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រអិមអិល (ML) ក្នុងខេត្តបន្ទាយមានជ័យទាំង ៦៨៣នាក់ ដែលបានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងទីតាំងរោងចក្រអិមអិល (ML) ផ្ទាល់។ នេះគឺជាការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា បានបញ្ជាក់ថា ការបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍នៅថ្ងៃនេះ គឺជាលើកទី២ ខណៈដែលបងប្អូនបានបើកលើកទី១ ម្តងហើយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិត ដែលមានបំណងចង់ស្វែងរកការងារធ្វើឱ្យមកទទួលយកឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ ឬទំនាក់ទំនងតាមរយៈប្រព័ន្ធ Hotline ១២៩៧ ដែលកំពុងរងចាំទទួល។

ក្រៅពីទទួលប្រាក់ឈ្នួល បងប្អូនកម្មករនិយោជិតនៃរោងចក្រអិមអិល (ML) ក៏អាចដាក់ពាក្យធ្វើការងារភ្លាមៗដោយផ្ទាល់ជាមួយរោងចក្រស៊ិនគី អឹភែរឹល ដែលបានចុះទៅផ្តល់ឱកាសការងារផ្ទាល់នៅរោងចក្រអិមអិល (ML) ផ្ទាល់នៅថ្ងៃនេះផងដែរ៕