គណៈកម្មការអន្តរក្រសួង ចុះវាយតម្លៃបញ្ចប់សុពលភាពការងារថែទាំខួបផ្លូវ ២ខ្សែ នៅឃុំស្វាយ និងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

28-05-2026 15:21

(កំពង់ឆ្នាំង)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ២ខ្សែ ក្រាលល្បាយក្រួសប្រវែងសរុបជិត ១៣គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅឃុំស្វាយ និងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

នាឱកាសនោះលោក ឈឹម សៅគី បានលើកឡើងពីគុណបំណាច់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី, ដោយសម្តេចបានជំរុញអភិវឌ្ឍន៍ សម្រេចបាននូវសមិទ្ធផលជាទីមោទនៈ។

លោកបានបន្ថែមថា ភាពជោគជ័យដ៏ត្រចះត្រចង់នេះ បានកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុង ប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជនមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតតាមប្រក្រតីភាព ហើយក៏ជាមូលដ្ឋានដ៏សំខាន់សម្រាប់ រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោករដ្ឋលេខាធិការប្រចាំការ បន្តថា ទាក់ទងការអភិវឌ្ឍផ្លូវជនបទវិញ, ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងតែងតែចុះពិនិត្យដោយផ្ទាល់នៅ តាមបណ្តាខេត្តនានា ទាំងនៅលើការងារស្ថាបនា ការថែទាំ និងគម្រោងអភិវឌ្ឍន៍ថ្មីៗជាដើម ព្រោះផ្លូវមានសារៈសំខាន់ណាស់ សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ជាពិសេសការតភ្ជាប់ទៅកាន់តំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋជាដើម។

ជុំវិញផ្លូវជនបទនេះ លោកលេខាធិការប្រចាំការ ក៏បានកោតសរសើរដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដែលបាន យកចិត្តទុកដាក់ថែទាំរហូតដល់បញ្ចប់សុពលភាព ដោយបានរក្សានូវគុណភាពផ្លូវបានល្អប្រសើរ ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ក្រោមរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, ដោយសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍ មិនថានៅតាម ទីក្រុង ទីប្រជុំជន និងតាមជនបទនោះឡើយ ព្រោះការអភិវឌ្ឍផ្លូវ ទឹក ភ្លើង សាលារៀន និងមណ្ឌលសុខភាពជាដើម គឺជាការជំរុញបង្កើត សុខដុមរមនានៅក្នុងសង្គម៕