មេអាវុធហត្ថខេត្តតាកែវ ដាក់បទបញ្ជាដល់កងកម្លាំងឲ្យបន្តតាមដាន និងស្រាវជ្រាវបទល្មើស Online Scam ហើយឈានដល់ការបង្ក្រាបជាបន្ទាន់

28-05-2026 15:25

(តាកែវ)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី សេង មហា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៨ ខែឧសភាឆ្នាំ ២០២៦នេះ បានដឹកនាំលោកមេបញ្ជាការរង លោកប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ ដែលជាក្រុមការងារទាំង៣ និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១០ ដើម្បីប្រជុំត្រួតពិនិត្យ ប្រគល់តួនាទីភារកិច្ច ជូនក្រុមការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា «Online Scam» នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ។

នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សេង មហា បានដាក់បទបញ្ជាយ៉ាងម៉ុងម៉ាត់ ឲ្យមន្ត្រីកងរាជអាវុធហត្តទាំងអស់ ជាពិសេសលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ តាមបណ្ដាក្រុងស្រុកទាំង១០នៅក្នុងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់តាមដាន មុខសញ្ញាជនល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយបើរកឃើញមានបទល្មើស ឬមានការសង្ស័យណាមួយត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីចុះបង្ក្រាបឲ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឲ្យខេត្តតាកែវទាំងមូល គ្មានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបន្ថែមថា បញ្ហាស្គេមអនឡាញនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំង ព្រមទាំងជំរុញឲ្យគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរាជធានីខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ រួមនិងបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ ដូច្នោះមន្រ្តីកងរាជអាវុធហត្ថទាំងអស់ត្រូវប្រឹងប្រែងចូលរួមអនុវត្តន៍ការងារនេះ ឲ្យទទួលបានជោគជ័យ៕