បណ្ឌិត សម តារា ណែនាំយុវជនត្រូវត្រៀមខ្លួនទាំងផ្នែកសុខភាព បញ្ញា សីលធម៌ និងស្មារតីស្នហាជាតិ ដើម្បីអាចចូលរួមអភិវឌ្ឍ និងការពារជាតិ
28-05-2026 15:39
(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានថ្លែងណែនាំយុវជនត្រូវត្រៀមខ្លួនទាំងផ្នែកសុខភាព បញ្ញា សីលធម៌ និងស្មារតីស្នហាជាតិ ដើម្បីអាចចូលរួមអភិវឌ្ឍ និងការពារជាតិ ឆ្លើយតបទៅនឹងសភាពការណ៏នៃពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ការថ្លែងណែនាំបែបនេះរបស់លោកបណ្ឌិត សម តារា បានធ្វើឡើងនៅក្នុងដំណើរអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខសិស្សានុសិស្សនៅសាលាវិទ្យាល័យស្វាយជ្រំ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
លោកបណ្ឌិតបានបន្តថា យុវជនត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាឆ្អឹងខ្នងនៃអនាគតរបស់ជាតិ។ ភាពរឹងមាំ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍជម្រុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស អាស្រ័យភាពខ្លាំងលើគុណភាព សមត្ថភាព និងស្មារតីទទួលខុសត្រូវរបស់យុវជន។
ជាមួយគ្នានេះ នៅក្នុងពិភពលោកសម័យទំនើប សកលភាវូបនីយកម្ម កំណើនល្បឿននៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងការប្រកួតប្រជែងអន្តរជាតិ បានបង្កើតទាំងឱកាស ទាំងបញ្ហាប្រឈមសម្រាប់យុវជនផងដែរ។ ការប្រកួតប្រជែងនេះ ធាតុពិតមិនត្រឹមតែតាមរយៈ វិទ្យាសាស្ត្រ បច្ចេកវិជ្ជា សេដ្ឋកិច្ច នយោបាយការទូត ឬកម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលជាគ្រឹះពិតប្រាកដនៅពីក្រោយការប្រកួតប្រជែងទាំងនោះ គឺគុណភាពមនុស្ស ជាពិសេសជាយុវជន។
លោកបណ្ឌិតបានថ្លែងគូសបញ្ជាក់ទៀតថា គ្រឹះសំខាន់បំផុតនៃការអភិវឌ្ឍយុវជន គឺការអប់រំ។ ការអប់រំមិនមែនគ្រាន់តែជាការទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការកសាងសមត្ថភាពកាយសម្បទា បញ្ញា ការគិតវិភាគ សមត្ថភាពដោះស្រាយបញ្ហា ការយល់ដឹងអំពីជាតិ និងស្មារតីស្នេហាជាតិ។ ស្មារតីស្នេហាជាតិ មិនមែនជាជាតិនិយមជ្រុលនោះទេ ប៉ុន្តែជាការយល់ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី និងតម្លៃជាតិរបស់ខ្លួន ជាពិសេស ស្មារតីនៃការទទួលខុសត្រូវ ភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តក្នុងការការពារផលប្រយោជន៍ អធិបតេយ្យភាព សន្តិភាព និងឯកភាពជាតិ។
លោកបណ្ឌិតបានបន្ថែមថា ស្នេហាជាតិពិតប្រាកដ មិនផ្ទៀងផ្ទាត់ត្រឹមតែពាក្យសំដី និមិត្តសញ្ញា ឬការបង្ហាញអារម្មណ៍ប៉ុណ្ណោះទេ វាជាការគោរពច្បាប់ វិន័យ ការទទួលខុសត្រូវ ការចូលរួមបម្រើប្រទេស ការរក្សាសាមគ្គីភាពជាតិ ឯកភាពជាតិ និងការប្តេជ្ញាចិត្តជម្រុញវឌ្ឍនភាពជាតិ ដើម្បីមនុស្សជំនាន់ក្រោយ។
ផ្ទុយទៅវិញ កង្វះការអប់រំអាចនាំឲ្យមានភាពក្រីក្រ អត់ការងារធ្វើ វិសមភាពសង្គម និងការបាត់បង់ឱកាសប្រកួតប្រជែងក្នុងជីវិតផ្ទាល់ខ្លួន និងជីវិតជាតិ។ ដូច្នេះ យុវជនត្រូវចាត់ទុកការអប់រំជាជីវិតដែលមិនអាចអត់បាន ជាឆ្នួនជម្រុញការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងជាប្រភពនាំការរីកចម្រើនឲ្យជាតិ។ ដើម្បីការអប់រំមួយបានទៅដល់គោលដៅ យុវជនមិនត្រូវដើររំលងសីលធម៌ និងវិន័យដាច់ខាត។ សីលធម៌ជាឧបករណ៏នាំផ្លូវឲ្យអ្នកចេះបែងចែករវាងខុស និងត្រូវ វិន័យជាឧបករណ៏លើកតម្លៃខ្លួនអ្នកឲ្យមានភាពថ្លៃថ្នូរ ទទួលបានការគោរព និងមានការទទួលស្គាល់នៅក្នុងសង្គម។
លោកបណ្ឌិតបានរំលេចថា ប្រទេសជាតិមួយខ្លាំង មិនប្រាកដថាដោយសារតែអ្វីដែលគេមានមកនោះទេ ដោយសារតែ មានអ្នកដឹកនាំល្អ មានគោលនយោបាយជាតិល្អ មានពលរដ្ឋខ្លំាង និងការគោរពច្បាប់របស់រដ្ឋ។ បច្ចុប្បន្ន ប្រទេសជាតិយើងមានអ្នកដឹកនាំល្អ និងមានសមត្ថភាពពិតប្រាកដ មានគោលនយោបាយជាតិល្អ អ្វីដែលយើងទាំងអស់ត្រូវការចាំបាច់ គឺភាពខ្លាំងរបស់យើង ក្នុងការចូលរួម និងការទទួលខុសត្រូវក្នុងនាមជាពលល្អទាំងអស់គ្នា។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះលោកបណ្ឌិតសម តារា ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមសរុបថវិកាចំណាយ១,៦៥០០០០រៀលផងដែរ៕





















