ថវិកា៤៥០,៥៥៥ដុល្លាររបស់លោកឧកញ៉ា គិត ស៊ូឡា កូនប្រុសច្បងរបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ត្រូវបានប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា

28-05-2026 16:05

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ថវិកាដ៏ច្រើនរហូតដល់ ៤៥០,៥៥៥ដុល្លារ របស់ឧកញ៉ា គិត ស៊ូឡា កូនប្រុសច្បងរបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ត្រូវបានប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

ការប្រគល់ថវិកាដ៏ថ្លៃថ្លានេះ ត្រូវបាន ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ចាត់តំណាងឲ្យលោកឧកញ៉ា គិត លីច័ន្ទផាន់ណា ក្នុងនាមលោក ប្រគល់ថវិកាជូនលោកជំទាវបណ្ឌិត នៅក្នុងឱកាសដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុង ពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦។​ ការចាត់តំណាងប្រគល់ដោយសារលោកឧកញ៉ា គិត ស៊ូឡា កំពុងជាប់បេសកកម្មសំខាន់នៅក្រៅប្រទេស។

ការបរិច្ចាគថវិកាដ៏សប្បុរសរបស់លោកឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ធ្វើឡើងតបតាមការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧត្តមភរិយារបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Royal Group International Company របស់អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមហ៊ុននានា ដែលបានចូលរួមបរិច្ចាគថវិកាគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦»

លោកជំទាវបណ្ឌិត បានចាត់ទុកការចូលរួមរបស់វិស័យឯកជននាពេលនេះ គឺជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា ដែលបានបន្តផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់កុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះ ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោក ក៏ដូចជា ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងប្រឈមបញ្ហាមួយចំនួនក៏ដោយ។

លោកជំទាវបណ្ឌិត ក៏បានបង្ហាញក្តីសង្ឃឹមថា ទឹកចិត្តសប្បុរសធម៌ និងការចូលរួមរបស់ក្រុមហ៊ុននានា នឹងបន្តរីកសាយភាយ និងក្លាយជាគំរូល្អសម្រាប់វិស័យឯកជន និងសាធារណជន ក្នុងការចូលរួមគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ខណៈតម្រូវការចំណាយលើការព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះ កំពុងកើនឡើងជារៀងរាល់ឆ្នាំ។

កាលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company បាននាំយកនូវថវិកាចំនួន ១,៥៥៥,៥៥៥ ដុល្លារអាមេរិក (មួយលានប្រាំសែនប្រាំម៉ឺនប្រាំពាន់ប្រាំរយហាសិបប្រាំដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

ដូចមហាជនបានជ្រាបហើយថា អ្នកឧកញ៉ា គិត ម៉េង ជាមហាសេដ្ឋីល្បាញល្បីមួយរូបនៅកម្ពុជា ដោយកន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ព្រមទាំងបរិច្ចាគថវិកាជួយដល់រាជរដ្ឋាភិបាល និងកិច្ចការសង្គមនានាយ៉ាងច្រើន, ហើយនៅពេលនេះ កូនប្រុសរបស់អ្នកឧកញ៉ា គឺឧកញ៉ា គិត ស៊ូឡា ក៏បានដើរតាមគន្លងឪពុកម្ដាយដ៏គំរូ បន្ដចូលរួមជួយសង្គមជាតិ និងប្រជាជនកម្ពុជា។ លោកឧកញ៉ា គិត ស៊ូឡា គឺជាអ្នកជំនួញវ័យក្មេង ដ៏មានទេពកោសល្យ ដែលពេលនេះឧកញ៉ាមានវ័យទើបតែ ២០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបានយល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ។

សូមជំរាបថា «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕