លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា នាំយកអង្ករវីតាមីនចំនួន៣០០កេស ជូនដល់មន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)
28-05-2026 16:11
(ភ្នំពេញ)៖ ដើម្បីចូលរួមក្មុងសកម្មភាពមនុស្សធម៌ក៏ដូចជាជួយសម្រួលដល់ការស្នាក់អាស្រ័យ ពិនិត្យព្យាបាលជំងឺរបស់ ប្រជាពលរដ្ឋ, លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ អញ្ជើញនាំយកអង្ករវីតាមីនចំនួន៣០០កេស ជូនដល់មន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) នារាជធានីភ្នំពេញ។
ពិធីនេះបានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន, លោកស្រី សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោកស្រី ទេស ផល្លីន អគ្គលេខាធិការ នៃក្រសួងព័ត៌មាន ព្រមសមាជិក សមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន ជាច្រើនរូបទៀត។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការយកចិត្ត ទុកដាក់របស់ សម្តេចមហា បរវធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងបានយកចិត្តទុកដាក់ ចំពោះសុខុមាលភាពសង្គម ពិសេសសុខភាពស្រ្តីនឹងកុមារ ហើយក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវជូនដល់លោក លោកស្រីជាថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ បុគ្គលិក និងអ្នកជំងឺនៃមន្ទីរពេទ្យព្រះកុសុមៈទាំងអស់ សូមឱ្យមានសុខភាពល្អ និងស្នាមញញឹមជានិច្ចនិរន្ត។
លោកស្រីបានកោតសរសើរថ្នាក់ដឹកនាំ និងបុគ្គលិក មន្ទីរពេទ្យព្រះកុសុមៈទាំងអស់ ដែលតែងតែខិតខំបំពេញការងារអស់ពី កម្លាំងកាយចិត្ត ក្នុងការមើលថែទាំ ពិនិត្យ ពិគ្រោះ ព្យាបាល អ្នកជំងឺប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមវិជ្ជាជីវៈ វេជ្ជសាស្រ្តរបស់ក្រុមគ្រូពេទ្យជូនដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពេលវេលា និន្នាការនយោបាយ ពណ៌សម្បុរនោះគឺសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានជំងឺធ្ងន់មកស្រាល អ្នកជំងឺស្រាល មកមានការជាសះស្បើយ ឡើងវិញ។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា បានបន្តថា ទោះជាការផ្តល់ជូននូវអង្ករវីតាមីនចំនួន៣០០កេសនាឱកាសនេះពុំទាន់អាចឆ្លើយតបទៅ និងតំរូវការនៃអ្នកជំងឺយ៉ាងណាក៏ដោយប៉ុន្តែក៏ពិតជាអាចជួយសម្រួលនូវកង្វះខាតរបស់ប្រជាពលរដ្ឋមួយរយៈពេលនៃការសម្រាកព្យាបាលជំងឺផងដែរ។
លោកស្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានបោះជំហ៊ានយ៉ាងស្វាហាប់ និងបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៍ ប្រសិទ្ធភាព និងចីរភាព សម្រាប់ការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។ ដូចគ្នានេះដែរការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋជាកត្តាដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ជីវិតប្រចាំថ្ងៃ។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា បានសំណូមពរដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ ខ្លួននិងក្រុមគ្រួសារ ដោយប្រកាន់យកនូវការរស់នៅស្អាត ហូបស្អាត បរិស្ថានជុំវិញខ្លួនឱ្យបានស្អាតល្អ បញ្ហាសុខភាពគឺជាបញ្ហាប្រឈមមួយដែលត្រូវរួមគ្នាដោះស្រាយដើម្បីសុខដមរម្យនីយកម្មនៃសង្គមកម្ពុជានាពេល បច្ចុប្បន្ន និងឆ្ពោះទៅអនាគត។
បន្ទាប់ពីដំណើរទស្សនៈកិច្ចនៃមន្ទីរពេទ្យរួចមក លោកស្រី ទុយសិរីរតនៈ នេត្រភក្រ្តា រួមនិងគណប្រតិភូបានផ្តល់ជូនអង្ករវីតាមីន ជូនដល់មន្ទីរពេទ្យព្រះកុសុមៈសម្រាប់ផ្តល់ជូនអ្នកជំងឺដែលសម្រាកព្យាបាលផងដែរ៕






















