មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យការងារសាងសង់ស្ពានបេតុង និងសំណង់សិល្បការ្យផ្សេងៗ នៅស្រុកជីក្រែង ខេត្តសៀមរាប

28-05-2026 16:24

(សៀមរាប)៖ លោកស្រី ឯក គន្ធវារី អនុរដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវាយតម្លៃ លើការងារសាងសង់ស្ពានបេតុង ១កន្លែង ប្រវែង ៩០ម៉ែត្រ ទទឹង ១០ម៉ែត្រ និងការស្ថាបនាសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិចេក ឆ្លងទៅភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

នាឱកាសនោះលោកស្រី ឯក គន្ធវារី បានឱ្យដឹងថាក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តបេសកម្មរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជំរុញការស្ថាបនា ការស្តារ និងការថែទាំ ក្នុងនោះការតភ្ជាប់មិនថាស្ពាន និងបណ្តាញផ្លូវផ្សេងៗនៅតាមជនបទឡើយ ពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើរ ផ្លូវនិងស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចបម្រើដល់ការដឹកជញ្ជូនដូចជា៖ ការដឹកកសិផលទៅកាន់ទីផ្សារ ទៅកាន់ឧស្សាហកម្ម រោងចក្រ និងសហគ្រាសនានា និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។

លោកស្រី ឯក គន្ធវារី បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តជំរុញអភិវឌ្ឍន៍លើវិស័យបម្រើដល់សង្គម និងសេដ្ឋកិច្ច ក្នុងនោះការអភិវឌ្ឍជនបទ គឺកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់សេវាសង្គមនានាជូនប្រជាពលរដ្ឋនៅតំបន់ជនបទដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល, សេវាទឹកស្អាត, អនាម័យ, ទូរគមនាគមន៍, ការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងបញ្ហាអនាម័យជនបទ ជាពិសេសការស្ថាបនាផ្លូវ និងស្ពាន នេះជាដើម ដើម្បីលើកកម្ពស់កម្រិតជីវភាពនៅជនបទឱ្យកាន់តែប្រសើរ។

ជុំវិញគម្រោងស្ពានខាងលើនេះ លោកស្រីអនុរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អ្នកទទួលការដែលបានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេស ដោយស្ពានមួយនេះនិងបានកំពុងសម្រួលដល់ ការធ្វើដំណើររបស់របស់ប្រជាពលរដ្ឋ។

លោកស្រីបន្ថែមថា ទាក់ទងការអភិវឌ្ឍនៅតាមជនបទនេះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់បំផុតទាំងការងារស្ថាបនា ការស្តារ និងការថែទាំ ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋគ្រប់ទិសទីនៅទូទាំងប្រទេស ដើម្បីរួមចំណែកក៏ដូចជាការកែប្រែនូវលក្ខខណ្ឌ រស់នៅរបស់សហគមន៍ជនបទ លើផ្នែកសេដ្ឋកិច្ច និងសង្គម និងការប្រែក្លាយតំបន់ជនបទឱ្យទៅជាតំបន់មានភាពរីកចម្រើនប្រកបដោយចីរភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាល៕