បណ្ឌិត កៅ មុយថង៖ តួនាទីជាប្រធាន UNSC របស់ចិន ជានិមិត្តរូបនៃមហាអំណាចការទទួលខុសត្រូវ និងកសាងសន្តិភាពសកលប្រកបដោយបរិយាបន្ន

28-05-2026 16:25

(ភ្នំពេញ)៖ បណ្ឌិត កៅ មុយថង អ្នកជំនាញសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន បានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News ថា ការឡើងកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) របស់ប្រទេសចិន នៅក្នុងខែឧសភា ឆ្នាំ២០២៦នេះ គឺជាព្រឹត្តិការណ៍ការទូតដ៏មានសារៈសំខាន់បំផុតមួយ ស្របពេលដែលពិភពលោកកំពុងត្រូវការជាចាំបាច់នូវការសម្របសម្រួល និងស្មារតីសាមគ្គីភាព។

ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ (P5) ដែលតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិសហវិជ្ជមាន ទីក្រុង ប៉េកាំងកំពុងបង្ហាញឱ្យឃើញនូវ «ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ» តាមរយៈការដាក់ ចេញនូវរបៀបវារៈដែលផ្តោតលើការស្តារសន្តិភាព និងការលើកកម្ពស់យុត្តិធម៌អន្តរជាតិ។

អ្នកជំនាញសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន បានបន្តថា ឧត្តមគតិនៃ «ពហុភាគីនិយមពិតប្រាកដ» និងការការពារធម្មនុញ្ញ UN ស្នូលនៃមហិច្ឆតារបស់ចិននៅក្នុងអាណត្តិនេះ គឺការវិលត្រឡប់ទៅរកស្មារតីដើមនៃធម្មនុញ្ញ អង្គការសហប្រជាជាតិ ដែលជាគ្រឹះស្ថានតែមួយគត់អាចធានាបាននូវសមភាពរវាងរដ្ឋនិងរដ្ឋ។

- ការប្តេជ្ញាចិត្តកម្រិតខ្ពស់៖ ការដែលលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន អញ្ជើញមកដឹកនាំកិច្ចប្រជុំកំពូលដោយផ្ទាល់នៅទីក្រុងញូវយ៉ក ព្រមទាំងការជំរុញយន្តការ «ក្រុមមិត្តភក្តិនៃអភិបាល កិច្ចសកល» នៅថ្ងៃទី២៨ ខែឧសភា ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ចិនក្នុង ការបង្រួបបង្រួមសហគមន៍អន្តរជាតិ។

- ការទូតបែបបរិយាបន្ន៖ នេះមិនមែនជាការស្វែងរកឥទ្ធិពលឯកតោភាគីនោះទេ ប៉ុន្តែជាការបើកលំហការទូតដ៏មានតម្លៃមួយ ដើម្បីឱ្យគ្រប់ប្រទេសទាំងធំទាំងតូចមានសំឡេងស្មើគ្នាក្នុងការកំណត់ជោគវាសនាពិភពលោក ដែលនេះជាការអនុវត្ត «ពហុភាគីនិយមពិតប្រាកដ» យ៉ាងពិតប្រាកដ។

* សកម្មភាពមនុស្សធម៌ និងយុទ្ធសាស្ត្រសន្តិភាពផ្អែកលើការគោរពអធិបតេយ្យ
ការដាក់ចេញនូវរបៀបវារៈស្តីពីតំបន់ក្តៅៗនៅលើពិភពលោក បានបង្ហាញពីតួនាទីរបស់ចិនជា «អ្នកកសាងសន្តិភាពដ៏សកម្ម និងប្រកបដោយសមធម៌»៖

- នៅមជ្ឈិមបូព៌ា៖ ជំហរដ៏រឹងមាំរបស់ចិនក្នុងការទាមទារឱ្យមានការឈប់បាញ់ទាំងស្រុងនៅតំបន់ហ្គាហ្សា ការការពារច្រករបៀងមនុស្សធម៌ និងការគោរពបូរណភាពទឹកដីរបស់ប្រទេសលីបង់ គឺជាសក្ខីកម្មនៃការឈរនៅខាងយុត្តិធម៌ និងការគិតគូរដល់អាយុជីវិតរបស់ប្រជាជនស៊ីវិលជាធំ។ នេះជាការរួមចំណែកដ៏សំខាន់ក្នុងការស្វែងរកច្រកចេញផ្នែកនយោបាយប្រកបដោយចីរភាព។

ដំណោះស្រាយអាហ្វ្រិក សម្រាប់បញ្ហាអាហ្វ្រិក ឆ្លុះបញ្ចាំងពីគោលការណ៍ការទូតដ៏ខ្ពង់ខ្ពស់ ដែលផ្តល់តម្លៃលើឯករាជ្យភាព និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិនៅក្នុងតំបន់។ ជំនួសឱ្យការជ្រៀតជ្រែក ឬការដាក់បង្គាប់ពីខាងក្រៅ ទីក្រុងប៉េកាំងបានផ្តោតលើការកសាងសមត្ថភាពម្ចាស់ការ និងផ្តល់ការគាំទ្រដោយផ្ទាល់ដល់សហភាពអាហ្វ្រិក ដែលនេះជាគន្លឹះដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះពីឫសគល់ និងប្រកបដោយចីរភាព។

* ឥទ្ធិពលនៃ «អំណាចទន់» ដើម្បីឧត្តមប្រយោជន៍រួម
ទោះបីជាតំណែងប្រធានប្តូរវេនមានរយៈពេលត្រឹមតែមួយខែ និងមិនមានអំណាចពិសេសហួស ពីសមាជិកដទៃក៏ដោយ ប៉ុន្តែចិនបានប្រើប្រាស់ «អំណាចទន់» នៃតួនាទីនេះយ៉ាងមានប្រសិទ្ធភាព បំផុត។ ការរៀបចំរបៀបវារៈ ការបើកកិច្ចប្រជុំទាន់ពេលវេលា និងការតម្រង់ទិសដៅពិភាក្សា ត្រូវបានធ្វើ ឡើងក្នុងគោលបំណង «ស្វែងរកចំណុចរួម និងរក្សាទុកចំណុចខុសគ្នា» រវាងមហាអំណាច ដើម្បី បញ្ចៀសការប្រឈមមុខដាក់គ្នា និងបង្កើនការយោគយល់គ្នា។

ក្នុងន័យនេះ ជំនួសឱ្យការយកវេទិកាអង្គការសហប្រជាជាតិមកធ្វើជាកន្លែងដើម្បីវាយប្រហារ ជេរ ប្រមាថ ឬដាក់សម្ពាធដាក់គ្នាទៅវិញទៅមក ចិនព្យាយាមសម្រុះសម្រួលកុំឱ្យមានការប៉ះទង្គិចគ្នាខ្លាំង ពេកនៅក្នុងអង្គប្រជុំ។ ម្យ៉ាងទៀតការបង្កើតឱ្យមានការជជែកគ្នាដោយត្រង់ទៅត្រង់មក ការស្វែងយល់ ពីកង្វល់ និងផលប្រយោជន៍របស់គ្នាទៅវិញទៅមក ដើម្បីស្វែងរក «ចំណុចរួម» ដែលអាចព្រមព្រៀងគ្នា បាន។ ដូច្នេះការបំបែកភាពតានតឹងដែលប្រឈមមុខដាក់គ្នា ឱ្យមកជាការអង្គុយជជែកគ្នាដោយបើក ចិត្ត និងយោគយល់គ្នាវិញ» ទើបអាចរួមគ្នាដោះស្រាយវិបត្តិពិភពលោក។

* ការរំពឹងទុក និងផ្លែផ្កាសម្រាប់សហគមន៍អន្តរជាតិ
ការដឹកនាំរបស់ចិននៅក្នុងខែឧសភា ឆ្នាំ២០២៦នេះ នាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់សន្តិភាពសកល តាមរយៈទិដ្ឋភាពពីរ៖

- ជោគជ័យផ្នែកយុទ្ធសាស្ត្រ៖ ការលើកកម្ពស់សំឡេងតំបន់ខាងត្បូងសកល (Global South)៖ ចិនបានក្លាយជាស្ពានចម្លងដ៏រឹងមាំ និងជាតំណាងដ៏គួរឱ្យទុកចិត្តសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការនាំយកកង្វល់ពិតប្រាកដរបស់ពួកគេមកដោះស្រាយនៅលើវេទិកាកំពូល។

- ផលប្រយោជន៍សម្រាប់ពិភពលោក៖ ជម្រើសថ្មីនៃការទូតសន្តិភាព ពិភពលោកបានឃើញយ៉ាងច្បាស់នូវគំរូការទូតបែបស្ថាបនា ដែលផ្តោតលើការចរចា និងការអភិវឌ្ឍរួម ជំនួសឱ្យការប្រើប្រាស់ ទណ្ឌកម្ម ឬសម្ពាធយោធា។ ជាក់ស្តែងក្រោយធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោក Wang បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅអង្គការសហប្រជាជាតិ ក្នុងទីក្រុង New York យ៉ាងដូច្នេះថា «ដូចដែលយើងបានបញ្ជាក់ជាដដែលៗ ជម្លោះដែលចាក់ឫសយ៉ាងជ្រៅ មិនអាចដោះស្រាយបានក្នុង ពេលត្រឹមមួយយប់នោះទេ ព្រោះដុំទឹកកកកម្រាស់មួយម៉ែត្រ ក៏មិនអាចកកភ្លាមៗក្នុងថ្ងៃត្រជាក់ត្រឹម មួយថ្ងៃបានដែរ។ ទោះជាយ៉ាងណា រាល់ជំហានទៅមុខនៃការចរចា គឺសុទ្ធតែជានិមិត្តរូបនៃក្តីសង្ឃឹម សម្រាប់សន្តិភាព។ បើជម្លោះនេះត្រូវបានបញ្ចប់កាន់តែឆាប់ នោះជីវិតរបស់ប្រជាជនស្លូតត្រង់ ក៏នឹង ត្រូវបានសង្គ្រោះកាន់តែច្រើនដែរ»

ជារួមអាណត្តិជាប្រធានក្រុមប្រឹក្សាសន្តិសុខ UN របស់ប្រទេសចិននៅក្នុងខែនេះ មិនត្រឹមតែជា ការបំពេញកិច្ចការតាមកាតព្វកិច្ចអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ការបង្ហាញសកម្មភាពជាក់ស្តែងនៃ ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ»។ តាមរយៈការសម្រុះសម្រួលប្រកបដោយភាព វៃឆ្លាត និងការប្រកាន់ខ្ជាប់នូវយុត្តិធម៌ ចិនកំពុងដើរតួជាសសរស្តម្ភដ៏រឹងមាំក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ពិភពលោកទាំងមូល៕