រដ្ឋមន្រ្តី ហេង សួរ និងលោកស្រី អញ្ជើញចូលរួមកម្មវិធី «បើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា

28-05-2026 16:46

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី សោម រស្មី នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធី «បើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ «ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា» និង «ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជនជូនមូលនិធិគន្ធបុប្ផាកម្ពុជា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅសណ្ឋាគារ Raffles Hotel Le Royal។

សូមជម្រាបដែថា «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលជាកម្មវិធីប្រចាំឆ្នាំដ៏ធំមួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ព្រមទាំងដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ក្នុងគោលបំណងរួមគ្នាផ្តល់ក្ដីសង្ឃឹម និងភាពញញឹមដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕