នាយ​ឧត្ដម​សេនីយ៍​ សៅ​ សុខា អញ្ជើញបើកការដ្ឋានសាងសង់ ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ថ្មី ដែលគ្រោងនឹងចំណាយថវិកាសរុប៤លានដុល្លារ (Video inside)

28-05-2026 17:08

(កំពង់ស្ពឺ)៖ នាយ​ឧត្ដម​សេនីយ៍​ សៅ​ សុខា​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​ខេមរ​ភូមិន្ទ​ និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី​បញ្ចុះ​បឋម​សិលា ​បើកការដ្ឋានសាងសង់ ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ថ្មី​ ដែលមានទីតាំងស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអន្លង់គង់ ឃុំ​ត្រពាំងគង​ ស្រុក​សំរោងទង​ ខេត្តកំពង់ស្ពឺ។

ក្នុង​ពិធី​នេះដែរ មានការ​អញ្ជើញ​និមន្តយាងពីព្រះ​តេជគុណ​លោក​​ យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ​ លោក​​ តូច​ ប៉ូលីវ៉ា អភិបាល​រងខេត្ត តំណាង​លោកបណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាលខេត្ត​កំពង់ស្ពឺ ​លោកអ្នក​ឧកញ៉ា​ លី​ យ៉ុងផាត់ អ្នកតំណាងរាស្ត្រ ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ប្រតិភូរអមដំណើរមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ​លោកឧត្តមសេនីយ៍ទោមេបញ្ជាការយោធភូមិភាគទី៣ លោកឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថរាជធានី-ខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ អគ្គានុរក្សប្រធានពន្ធនាគារខេត្ត លោកឧត្តមសេនីយ៍អតីត ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ទាំងអស់​ និវត្តន៍​ជន​ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងភ្ងៀវកិត្តិយស​ចូលរួមយ៉ាងច្រើនកុះករថែមទៀតផង។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានឲ្យដឹងថា​​ ថ្ងៃ​នេះ​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ មានសេចក្តីសោមនស្សរីករាយដ៏ឧត្តុង្គ​ឧត្តមប្រសើរក្រៃលែង ដែលបានចាត់តាំងរៀបចំ ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សិលា​ បើកការដ្ឋានសាងសង់​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ថ្មី​ ដែល​ប្រព្រឹត្ត​ទៅក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ របស់​នាយ​ឧត្តម​សេនីយ៍​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស​។

លោកឧត្តម​សេនីយ៍​ត្រី​​ ម៉េ​ង​​​ ស្រ៊ុន បានបន្តទៀតថា ទីតាំង​របស់​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ចាស់​ មានលក្ខណៈ​និងស្ថានភាពតូចចង្អៀត មិន​អនុ​គ្រោះ​ឆ្លើយតបទៅនិងសំណូមពរសេចក្តីត្រូវការទាំងចំពោះមុខ និងយូរអង្វែងស្របតាមការវិវត្តន៍​រីកចម្រើន​របស់កងរាជអាវុធហត្ថបានឡើយ​ ទើបសម្រេចស្នើរសុំជ្រើសរើសយកទីតាំងថ្មី ដែលមានភាពអនុគ្រោះអំណោយផលនេះ ដើម្បី​ឆ្លើយ​តបនឹង​សំណូម​ពរ​ ធានា​ដល់​ការ​អនុវត្ត​តួនាទី​-ភារកិច្ច​​​ របស់កងរាជអាវុធហត្ថ ស្របតាមបរិបទក្នុងពេលបច្ចុប្បន្ននិងការវិវត្តន៍ រីកចម្រើន​ឆ្ពោះ​ទៅ​អនាគត​ ព្រោះ​ទីតាំង​ថ្មីនេះ​​មានស្ថានភាពសម្រាប់ការរៀបចំដល់ហេថារចនាសម្ព័ន្ធស្របតាមរចនាសម្ព័ន្ធចាត់តាំងថ្មី របស់​កងរាជ​អាវុធហត្ថ​។

ចំពោះ​គម្រោង​នៃការសាងសង់​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មីនេះ រួមមាន​​ ៣ដំណាក់​កាល៖
* ដំណាក់​កាល​ទី​១​​​​ ដោយ​សារ​ភូមិ​សាស្រ្ត​ទីតាំង​ក្នុង​ទីជម្រៅ​ ត្រូវបានចាក់បំពេញដីអោយស្មើនិងថ្នល់ជាតិ
* ដំណាក់​កាល​ទី​២​ សាងសង់​អគារ​ស្នាក់​នៅ​ មានកម្ពស់៤​ជាន់​ ទទឹង៩ម៉ែត្រ និង​បណ្តោយ​៥៦ម៉ែត្រ
* ដំណាក់​កាល​ទី​៣​ សាងសង់​អគារ​ជំនាញ​នគរបាល​យុត្តិធម៌​ អគារ​បដិសណ្ឋារ​កិច្ច​ ឃ្លាំង​សម្ភារៈ​ ភស្តុភារ​-បច្ចេក​ទេស​​​ រោង​ដាក់​រថយន្ត​​​ ប៉ុស្តិ៍​យាម​ និង​ ហេ​ដ្ឋ​រចនា​សម្ព័ន្ធ​ផ្សេង​ៗ​ទៀត​ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៤លានដុល្លារសហរដ្ឋអាមេរិក​ ដែល​នឹងលិចចេញជារូបរាងឡើង និងបានក្លាយជាទីតាំងប្រវត្តិសាស្ត្រថ្មី​ សម្រាប់​កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ផងដែរ។

ថ្លែង​ក្នុងអង្គ​ពិធី នាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងនូវការអបអសាទរយ៉ាងក្រៃលេងចំពោះ បើកការដ្ឋានសាងសង់អគារបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី​​ ហើយក៏បានកោតសរសើរចំពោះថ្នាក់​ដឹកនាំ​ នាយទាហាន នាយទាហានរង និងពលទាហាន​ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ដែលបានលះបង់ និងខិតខំប្រឹងប្រែង ចំពោះការបំពេញ​តួនាទី​-ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋនាពេលកន្លងមក។ ជាពិសេសក្នុងការកសាងរៀបចំ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងបរិវេណទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបានបន្តជំរុញឱ្យកងកម្លាំងទាំងអស់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។

ជាចុងក្រោយ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួម​ទាំងនាយទាហាន​​ នាយទាហានរង​ និងពលទាហាន​​​​ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ទាំងអស់​ សូម​លំឪនកាយគោរព​ថ្លែងអំណរគុណនិងដឹងគុណ​យ៉ាង​ជ្រាលជ្រៅបំផុតចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​​​​​ នាយ​ឧត្តម​សេនីយ៍ សៅ សុខា គណៈអធិបតី​ លោកឧកញ៉ា​ អ្នកឧកញ៉ា​ ឧកញ៉ា​ លោក​ លោកស្រី​ សប្បុរសជន​​​ និងភ្ងៀវកិត្តិយស ដែលបានចូលរួម​ និងរួមចំណែកជួយឧបត្ថម្ភ​ជា​ថវិការ និង​សម្ភារៈ​ជួយ​ទ្រ​ទ្រង់​កិច្ច​ដំណើរការ​ ការសាងសង់​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕