ការសម្រេចយកដីតំបន់ការពារធម្មជាតិជាង ៩៣ម៉ឺនហិកតា មកគ្រប់គ្រងដោយក្រសួងបរិស្ថាន បង្ហាញការប្តេជ្ញា​ចិត្ត​ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ

28-05-2026 17:18

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបនឹងសម្រេចយកដីតំ​បន់​​ការពារធម្មជាតិដោយសហគមន៍ទំហំជាង ៩៣ម៉ឺនហិកតា មកគ្រប់គ្រងដោយក្រសួង​បរិ​ស្ថាន​។ ការសម្រេចនេះ បង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារ និង​អភិ​រក្សធនធានធម្មជាតិ។

សម្រេចយកដីតំ​បន់​​ការពារធម្មជាតិដោយសហគមន៍ទំហំជាង ៩៣ម៉ឺនហិកតា មកគ្រប់គ្រង​ដោយ​ក្រសួង​បរិ​ស្ថាន ត្រូវបានធ្វើឡើងតាមរយៈអនុក្រឹត្យចុះហត្ថលេខាដោយសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ។

បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ដីតំបន់ការពារធម្មជាតិជាង ៩៣ម៉ឺនហិកតា ដែលដក​ហូត​ពី​សហគមន៍នេះ ស្ថិតនៅក្នុងខេត្តចំនួន២០។ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន​ឱ្យដឹងថា រាជរដ្ឋាភិបាលទាំងក្នុងនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និង​រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុក​ដាក់​ខ្ពស់លើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការសម្រេចរបស់សម្តេចមហាបវរធិបតីនាពេលនេះ គឺបង្ហាញឱ្យ​ឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់សម្តេចក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ហើយមិន​មែនដាក់ចេញត្រឹមគោលនយោបាយនោះទេ តែបានដាក់ចេញនូវសកម្មភាពជាក់ស្តែង។

លោករដ្ឋមន្ត្រីបន្តថា ផ្តើមចេញពីការប្តេជ្ញាចិត្ត និងធ្វើសកម្មភាពជាក់ស្តែងនេះហើយ ទើបនៅ​ពេលថ្មីៗនេះ កម្ពុជា បានជាប់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិ​ដ៏ល្អបំផុតនៅលើ​ពិភព​លោក តាមរយៈការសិក្សាស្រាវជ្រាវរបស់ U.S. News & World Report។

សូមបញ្ជាក់ថា ប្រទេសកម្ពូជា មានការគ្រប់គ្រងតំបន់ការពារធម្មជាតិរហូតដល់៧៣តំបន់ និង​មានផ្ទៃដីជាង ៧លានហិកតា (ប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេស) ដែលជាកត្តាធ្វើឱ្យ​ព្រៃ​ឈើ ត្រូវបានការពារ និងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរឹង សម្រាប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ។

ក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចគ្រប់​ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធឬមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងសហគមន៍​តំបន់​ការពារធម្មជាតិ និងដៃគូសហការជាតិ និងអន្តរជាតិ រួមគ្នាដើម្បីវិស័យបរិស្ថាន និងធនធាន​ធម្ម​ជាតិនៅកម្ពុជា ត្រូវបានធានា ដើម្បីការរស់នៅប្រកបដោយចីរភាពស្របតាមគោលនយោបាយ​និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងនោះតាមរយៈការពង្រឹង និងពង្រីកបន្ថែម ការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។

ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងជំរុញការដាំស្តារព្រៃឈើ ក្នុងនោះក្រសួងបរិស្ថានបាន​ជំរុញ​សកម្មភាពបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំ យ៉ាងតិចចំនួន១លានដើម ដែលមិន​ត្រឹម​តែស្តារព្រៃឈើ និងបង្កើនគម្របបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសាងភាពធន់ទៅនឹងការ​ប្រែប្រួលអាកាសធាតុ និងបង្កើនសេដ្ឋកិច្ចសហគមន៍ ព្រមទាំងឆ្លើយតបនឹងគោលដៅកម្ពុជា ជា​ប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕