Fresh Exclusive In-Depth Commentary: «ថៃអះអាងមិនឈ្លានពានអ្នកណា?» នៅពេលសម្តីការទូត ប៉ះទង្គិចនឹងភស្តុតាងដែលពិភពលោកបានឃើញផ្ទាល់ភ្នែក (Video inside)
28-05-2026 17:30
(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសថៃ លោក ភួងគិតកែវ ស៊ីហាសាក់ បានថ្លែងនៅលើវេទិកាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ប្រទេសថៃ មិនដែលមានបំណងឈ្លានពាន ឬដណ្តើមយកទឹកដីរបស់ប្រទេសណាមួយឡើយ។
សម្តីនេះ ត្រូវបានថ្លែងឡើង ដើម្បីឆ្លើយតបទៅនឹងប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលបានលើកឡើងអំពីបញ្ហាបូរណភាពទឹកដី ការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី។
ប៉ុន្តែ សំណួរដែលកំពុងលេចឡើងសម្រាប់កម្ពុជា និងសម្រាប់អ្នកសង្កេតការណ៍អន្តរជាតិជាច្រើន គឺថា៖ តើពិភពលោកអាចជឿសម្តីនេះបានដែរឬទេ នៅពេលដែលភស្តុតាងជាច្រើនពាក់ព័ន្ធនឹងសង្គ្រាម ការប្រើកម្លាំង និងការខូចខាតនៅតាមតំបន់ព្រំដែនកម្ពុជា ត្រូវបានថតទុក និងផ្សព្វផ្សាយពាសពេញពិភពលោករួចទៅហើយនោះ?
Fresh Exclusive មានអត្ថបទអត្ថាធិប្បាយស៊ីជម្រៅមួយ ជុំវិញការប៉ះទង្គិចរវាង “សម្តីការទូត” និង “ការពិតនៅលើដី” ក្នុងវិបត្តិកម្ពុជា–ថៃ៖
នៅលើវេទិកាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានថ្លែងជាភាសាអង់គ្លេសថា៖ “Thailand does not seek any claims on the territory of any country.” មានន័យថា «ប្រទេសថៃមិនស្វែងរកការទាមទារណាមួយលើទឹកដីរបស់ប្រទេសណាមួយឡើយ»។
សម្តីនេះ ត្រូវបានថ្លែងឡើង ដើម្បីឆ្លើយតបទៅនឹងសុន្ទរកថារបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលបានលើកឡើងអំពីបញ្ហាបូរណភាពទឹកដី ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សម្តីនេះ ទំនងថៃចង់បង្ហាញថា ថៃជាប្រទេសដែលគោរពច្បាប់អន្តរជាតិ និងមិនមានបំណងឈ្លានពានអ្នកណាឡើយ។ ប៉ុន្តែ សម្រាប់កម្ពុជា និងសម្រាប់អ្នកសង្កេតការណ៍អន្តរជាតិជាច្រើន សំណួរធំមួយកំពុងលេចឡើងថា៖ តើពិភពលោកអាចជឿសម្តីនេះ បានយ៉ាងដូចម្តេច នៅពេលដែលភស្តុតាងជាច្រើន ត្រូវបានថតទុក និងផ្សព្វផ្សាយពាសពេញពិភពលោករួចទៅហើយនោះ?
ពិភពលោកបានឃើញទង្វើរបស់ថៃរួចទៅហើយ
នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថល សង្គ្រាមមិនអាចលាក់បាំងបានដូចអតីតកាលទៀតឡើយ។
រាល់ការបាញ់ប្រហារ រាល់ការវាយប្រហារ និងរាល់ទង្វើអមនុស្សធម៌ អាចត្រូវបានថតទុកជាវីដេអូ រូបភាព ផ្សាយផ្ទាល់ និងចែកចាយទៅកាន់ពិភពលោកក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
ពិភពលោក បានធ្វើជាសាក្សីរួចទៅហើយ ចំពោះការវាយប្រហារដោយយន្តហោះ F-16 របស់ថៃ មកលើតំបន់ប្រាសាទបុរាណខ្មែរ។ ពិភពលោក បានឃើញវត្តអារាម សាលារៀន មន្ទីរពេទ្យ ផ្សារ អគារធំៗ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ ត្រូវបានបំផ្លាញដោយគ្រាប់បែកទម្លាក់, គ្រាប់ផ្លោង, គ្រាប់បែកចង្កោម, គ្រាប់ផ្សែងពុល។ល។ ដែលបង្កឱ្យមានការបាត់បង់ជីវិត និងរងរបួសយ៉ាងធ្ងន់ធ្ងរ។
ពិភពលោក ក៏បានឃើញជនភៀសខ្លួនខ្មែររាប់សែននាក់ រត់ភៀសខ្លួនចេញពីភូមិដ្ឋានរបស់ខ្លួនដែលរងការកម្ទេច និងទ្រព្យសម្បត្តិក្នុងផ្ទះ បានរងការលួចប្លន់ពីទាហានថៃក្នុងអំឡុងការបំផ្ទុះសង្គ្រាមទ្រង់ទ្រាយធំជាលើកទី២នាចុងឆ្នាំ២០២៥។
ប៉ុន្តែ អ្វីដែលធ្វើឱ្យសហគមន៍អន្តរជាតិ កាន់តែមានសំណួរសង្ស័យទៀតនោះ គឺការចោទប្រកាន់ផ្ទុយគ្នាជាបន្តបន្ទាប់ពីភាគីថៃ។ ថៃបានបាញ់ដាក់កម្ពុជា ប៉ុន្តែបែរជាចោទថា កម្ពុជាបានបាញ់មុន។ ថៃបានទន្ទ្រានចូលទៅក្នុងតំបន់ ដែលមានដាក់ស្លាកព្រមានគ្រាប់មីនសេសសល់ពីសង្គ្រាមស៊ីវិល ប៉ុន្តែ ថៃបែរជាចោទថា កម្ពុជាបានដាក់មីនថ្មី បន្ទាប់ពីទាហានថៃ ដើរជាន់គ្រាប់មីនចាស់ សេសសល់ក្នុងចម្ការមីនពីអតីតកាលនោះ។
ពិភពលោក ក៏បានឃើញទាហានថៃ រាយលួសបន្លាហ៊ុំព័ទ្ធយកដីភូមិអ្នកស្រុកខ្មែរនៅក្នុងតំបន់ព្រំដែនកម្ពុជា ប៉ុន្តែថៃបែរជានិយាយថា ខ្លួនមិនស្វែងរកទឹកដីអ្នកណានោះទេ។
ភស្តុតាងដែលពិភពលោកបានឃើញ ថែមទាំងមានការបង្ហាញនូវរូបភាពនិងវីដេអូ ដែលថៃបានប្រើមធ្យោបាយដូចជាចាក់សំឡេងបន្លាចថ្ងួចថ្ងូរខ្លាំងៗ ដល់ប្រជាពលរដ្ឋតាមតំបន់ព្រំដែន ដើម្បីបង្កភាពភ័យខ្លាច និងជំរុញឱ្យពលរដ្ឋខ្មែរ រត់ចោលផ្ទះសម្បែងរបស់ខ្លួនថែមទៀត។
សូម្បីតែមធ្យោបាយប្រើគ្រាប់ជំពាមកូនឃ្លី និងកូនគ្រាប់ដែក ដែលត្រូវបានគេចាត់ទុកថាជាវិធីសាស្ត្រគ្មានលក្ខណៈយោធាវិជ្ជាជីវៈ ក៏ត្រូវបានទាហានថៃប្រើប្រាស់ក្នុងការបង្កភាពតានតឹង និងការបំភិតបំភ័យពលរដ្ឋនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ផងដែរ។
សំណួរនៅទីនេះ គឺថា៖ តើពិភពលោក អាចមើលមិនឃើញនូវអ្វី ដែលបានកើតឡើងពិតប្រាកដនៅលើទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែនដែរឬទេ?
នៅក្នុងសម័យដែលរូបភាព វីដេអូ ភស្តុតាង និងសាក្សីអាចផ្សព្វផ្សាយទៅកាន់ពិភពលោកបានភ្លាមៗ ការព្យាយាមបដិសេធអ្វីដែលមនុស្សរាប់លាននាក់ បានឃើញរួចទៅហើយ គឺកាន់តែពិបាកទៅៗ។ ព្រោះនៅក្នុងយុគសម័យបច្ចេកវិទ្យា Digital ដែលមានភស្តុតាងគ្រប់សព្វបែបយ៉ាងទាំងនេះ សម្តីថៃអាចបង្កើតការដោះសារបាន ប៉ុន្តែភស្តុតាងដែលពិភពលោកបានឃើញផ្ទាល់ភ្នែក ក៏អាចបំបែកនិងលុបបំបាត់ការដោះសារបកស្រាយនោះទៅវិញបានដែរ។
«យកក្រដាសខ្ចប់ភ្លើង» នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថល
នៅក្នុងសង្គ្រាមសម័យទំនើប «សម្តីចេះបកស្រាយ» និង សម្តីនិយាយ ក៏អាចក្លាយជាអាវុធមួយដែរ។ ប្រទេសនីមួយៗខិតខំបង្កើត «រូបភាពនយោបាយ» របស់ខ្លួននៅចំពោះមុខសហគមន៍អន្តរជាតិ ដើម្បីឱ្យពិភពលោកមើលឃើញថា ខ្លួនជាភាគីត្រឹមត្រូវ និងគោរពច្បាប់អន្តរជាតិ។
ប៉ុន្តែ បញ្ហាដ៏ធំបំផុតរបស់ថៃ នៅពេលនេះ គឺថា ភស្តុតាងជាច្រើនពាក់ព័ន្ធនឹងអំពើបង្កវិនាសកម្មមកលើប្រជាពលរដ្ឋ ទាំងទ្រព្យសម្បត្តិ និងទឹកដីកម្ពុជា តាមតំបន់ព្រំដែន ត្រូវបានកត់ត្រា និងកសាងទុករួចទៅហើយ ដូចជារូបថត, ខ្សែវីដេអូ សាក្សីនៃក្រុមសង្កេតការណ៍អន្តរជាតិ ដែលជាសាក្សីដ៏សំខាន់ ជាពិសេសពិភពលោក ដែលបានយកចិត្តទុកដាក់ចំពោះស្ថានការណ៍ កម្ពុជា និង ថៃ រួមទាំងការផ្សាយព័ត៌មានពីស្ថាប័នអន្តរជាតិជាច្រើនទៀត។
ទាំងនេះ កំពុងក្លាយជាភស្តុតាងដ៏សំខាន់ ដែលពិភពលោកបានឃើញ និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានការណ៍រវាងកម្ពុជា និងថៃ។
សូម្បីតែក្រុមសង្កេតការណ៍អាស៊ាន AOT ក៏ធ្លាប់ត្រូវបានគេរាយការណ៍ថា បានរងការគំរាមកំហែងក្នុងពេលចុះពិនិត្យស្ថានការណ៍តាមតំបន់ព្រំដែនផងដែរ។ ហេតុការណ៍ទាំងនេះ កាន់តែធ្វើឱ្យការព្យាយាមបង្កើត «រូបភាពថ្មី» ដើម្បីជំនួស «រូបភាពចាស់» របស់ថៃ កាន់តែពិបាកទៅៗ។
ពីព្រោះ នៅក្នុងសម័យដែលមនុស្សគ្រប់គ្នាមានទូរស័ព្ទដៃ និងអាចផ្សាយព័ត៌មានទៅកាន់ពិភពលោកបានភ្លាមៗ ការព្យាយាមលាក់បាំងការពិត មិនអាចធ្វើបានងាយស្រួលដូចអតីតកាលទៀតឡើយ។
សម្រាប់អ្នកវិភាគជាច្រើន ការព្យាយាមបដិសេធអ្វីដែលពិភពលោកបានឃើញរួចទៅហើយ គឺប្រៀបដូចជា «យកក្រដាសខ្ចប់ភ្លើង» ដែលអាចបិទបាំងបានមួយរយៈ ប៉ុន្តែមិនអាចបិទបាំងការពិតបានរហូតឡើយ។
ព្រោះនៅក្នុងយុគសម័យបច្ចេកវិទ្យា Digital ទាន់សម័យនេះ សម្តីទោះអាចបង្កើតការបកស្រាយ ឬដោះសារបានក៏ពិតមែន ប៉ុន្តែភស្តុតាងដែលត្រូវបានថតទុក និងផ្សព្វផ្សាយពាសពេញពិភពលោក ក៏អាចបំបែកសម្តីទាំងនោះវិញបានដែរ។
ពេលសម្តីការទូតប៉ះទង្គិចនឹងការពិតនៅលើដី
បញ្ហាសំខាន់បំផុតសម្រាប់ថៃ នៅពេលនេះ មិនមែនស្ថិតត្រឹមតែសម្តីរបស់រដ្ឋមន្ត្រីការបរទេសថៃនោះទេ ប៉ុន្តែស្ថិតនៅលើការប៉ះទង្គិចគ្នារវាង «សម្តីការទូត» និង «ការពិតដែលបានកើតឡើងនៅលើដី»។
នៅលើវេទិកាអន្តរជាតិ ថៃនិយាយអំពីសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយ។ ប៉ុន្តែនៅលើទឹកដីកម្ពុជា តាមតំបន់ព្រំដែន ពិភពលោកបានឃើញរួចទៅហើយនូវភាពខូចខាតនៃប្រាសាទបុរាណ វត្តអារាម សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង និងការភៀសខ្លួនរបស់ប្រជាពលរដ្ឋរាប់សែននាក់ ដោយសារការប្រើប្រាស់អាវុធធ្ងន់, យន្តហោះទម្លាក់គ្រាប់បែក និងការបំផ្ទុះសង្គ្រាមទ្រង់ទ្រាយធំលើទឹកដីកម្ពុជា។
ពិភពលោក ក៏បានឃើញការប្រើប្រាស់សម្តីដែលផ្ទុយគ្នាជាបន្តបន្ទាប់ផងដែរ។ នៅពេលមានការបាញ់ប្រហារ ថៃចោទថា កម្ពុជាបាញ់មុន។ នៅពេលទាហានថៃដើរជាន់គ្រាប់មីនសេសសល់ពីសង្គ្រាមស៊ីវិល ក្នុងតំបន់ដែលមានស្លាកព្រមានច្បាស់លាស់ ថៃបែរជាចោទថា កម្ពុជាដាក់មីនថ្មី។ ហើយនៅពេលមានការរាយលួសបន្លា ហ៊ុំព័ទ្ធដីនិងផ្ទះរបស់អ្នកស្រុក ធ្វើផ្លូវថ្មី ដោយចាក់ក្រាលផ្លូវបេតុងលើផ្លូវចាស់ក្នុងភូមិអ្នកស្រុកខ្មែរ និងការទន្ទ្រានចូលតំបន់ព្រំដែនដោយថែមទាំងប្រើរថក្រោះ រថពាសដែក បាញ់ប្រហារដាក់មកលើកម្ពុជាទៀតផងនោះ ថៃបែរជានិយាយថា ខ្លួនមិនស្វែងរកទឹកដីអ្នកណានោះទេ។
ចំណុចទាំងនេះហើយ ដែលធ្វើឱ្យសហគមន៍អន្តរជាតិ និងអ្នកសង្កេតការណ៍ជាច្រើន ចាប់ផ្តើមលើកសំណួរថា៖ តើសម្តីនៅលើវេទិកាអន្តរជាតិ ពិតជាស្របគ្នានឹងអ្វីដែលកំពុងកើតឡើងនៅលើដីដែរឬទេ?
នេះហើយជាហេតុដែលសម្តីរបស់រដ្ឋមន្ត្រីការបរទេសថៃ មិនអាចបញ្ចប់សំណួររបស់សហគមន៍អន្តរជាតិបានឡើយ។ ព្រោះនៅក្នុងការទូតសម័យថ្មី ការនិយាយមិនគ្រប់គ្រាន់ទៀតទេ។ អ្វីដែលសំខាន់ជាងគេ គឺថា តើសកម្មភាពនៅលើដី ស្របគ្នានឹងសម្តីដែលថ្លែងនៅចំពោះមុខពិភពលោកដែរឬទេ?
នៅក្នុងយុគសម័យដែលភស្តុតាងអាចផ្សព្វផ្សាយបានក្នុងរយៈពេលតែប៉ុន្មានវិនាទី ការព្យាយាមបង្កើតរូបភាពនយោបាយថ្មី ដើម្បីលុបបំបាត់រូបភាពចាស់ដែលពិភពលោកបានឃើញរួចទៅហើយ គឺកាន់តែពិបាកទៅៗ។ ព្រោះនៅទីបំផុត ភស្តុតាង និងការពិតនៅលើដី តែងតែមានទម្ងន់ខ្លាំងជាងសម្តី។
សន្និដ្ឋាន៖ កម្ពុជា និងការប្រយុទ្ធដើម្បីភាពស្របច្បាប់អន្តរជាតិ
សម្រាប់កម្ពុជា ការលើកយកបញ្ហាទាំងនេះ ទៅកាន់វេទិកាអន្តរជាតិ មិនមែនគ្រាន់តែជាការតវ៉ា ឬការឆ្លើយតបផ្នែកនយោបាយប៉ុណ្ណោះទេ។ វាគឺជាការកសាង «កំណត់ត្រាអន្តរជាតិ» (International Record) និង «ភាពស្របច្បាប់អន្តរជាតិ» (International Legitimacy) ដើម្បីឱ្យសហគមន៍អន្តរជាតិបានដឹង និងបានកត់ត្រាថា កម្ពុជា កំពុងព្យាយាមដោះស្រាយបញ្ហាព្រំដែន និងអធិបតេយ្យភាព តាមរយៈច្បាប់អន្តរជាតិ ការទូត និងសន្តិវិធី មិនមែនតាមរយៈការប្រើកម្លាំងនោះទេ។
កម្ពុជា ដឹងយ៉ាងច្បាស់ថា ខ្លួនមិនមានអំណាចយោធា ឬឥទ្ធិពលភូមិសាស្ត្រនយោបាយដូចប្រទេសមហាអំណាចឡើយ។ ប៉ុន្តែកម្ពុជា ក៏យល់ដែរថា នៅក្នុងពិភពលោកសម័យថ្មី អំណាចមិនត្រូវបានវាស់ត្រឹមតែដោយកម្លាំងយោធាប៉ុណ្ណោះទេ។ ភស្តុតាង ការពិត ការគាំទ្រពីសហគមន៍អន្តរជាតិ និងភាពស្របច្បាប់តាមច្បាប់អន្តរជាតិ ក៏អាចក្លាយជាកម្លាំងដ៏មានឥទ្ធិពលមួយផងដែរ។
ហើយនៅពេលភស្តុតាង ត្រូវបានកត់ត្រា ថតទុក និងផ្សព្វផ្សាយពាសពេញពិភពលោករួចទៅហើយ ការព្យាយាមបដិសេធការពិត អាចធ្វើបានមួយរយៈក៏ពិតមែន ប៉ុន្តែមិនអាចធ្វើបានជារៀងរហូតឡើយ។
ព្រោះនៅទីបំផុត ពិភពលោកមិនអាចជឿទៅលើសម្តីណាមួយ ដែលផ្ទុយពីភស្តុតាង និងការពិតដែលខ្លួនបានឃើញផ្ទាល់ភ្នែកបានឡើយ។
នៅក្នុងយុគសម័យដែលរូបភាព វីដេអូ និងព័ត៌មាន អាចធ្វើដំណើរជុំវិញពិភពលោកក្នុងរយៈពេលតែប៉ុន្មានវិនាទី ការពិតអាចត្រូវបានពន្យារពេល ប៉ុន្តែមិនអាចត្រូវបានលុបបំបាត់បានទេ។ ហើយនោះហើយជាមូលហេតុដែលកម្ពុជា កំពុងបន្តប្រើវេទិកាអន្តរជាតិ ដើម្បីឱ្យពិភពលោកបានស្តាប់ បានឃើញ និងបានកត់ត្រាការពិតពីអ្វី ដែលកំពុងកើតឡើងនៅលើទឹកដីកម្ពុជា។




















