ឧត្តមសេនីយ៍ឯក លឹម សុខារស្មី លើកទឹកចិត្តភ្នាក់ងារសន្ដិសុខឯកជន រាយការណ៍ករណីសង្ស័យពាក់ព័ន្ធបទល្មើស Online Scams ឬការរស់នៅប្រមូលផ្ដុំទៅកាន់សមត្ថកិច្ច
28-05-2026 18:01
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការនគរបាលជាតិ លើកទឹកចិត្តក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ឬសហគ្រាសគ្រឹះស្ថាន ដែលប្រើប្រាស់ភ្នាក់ងារសន្តិសុខឯកជន ត្រូវចូលរួមដាច់ខាតក្នុងការបង្ការ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងភ្នាក់ងារសន្តិសុខឯកជន ដែលបានជួបប្រទះជនបរទេសដែលស្នាក់នៅតាម ទីតាំងរស់នៅប្រមូលផ្តុំច្រើន ត្រូវរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៨៦ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា កម្ពុជាក៏ជាជនរងគ្រោះអំពីបទល្មើស Online Scam ដោយក្រុមឧក្រិដ្ឋជនបានយកកម្ពុជាជាកន្លែងប្រព្រឹត្តបទល្មើស Online Scam នេះ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជាលេខ០១ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, បទបញ្ជា និងអនុក្រឹត្យនេះ ក៏មានភារកិច្ចសម្រាប់វិស័យសន្តិសុខឯកជន នេះផងដែរ ពិសេសភ្នាក់ងារសន្តិសុខឯកជននេះតែម្តង ដូច្នេះហើយភ្នាក់ងារសន្តិសុខឯកជន ត្រូវតែចូលរួមបង្ការ បង្ក្រាបបទល្មើស Online Scam នេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងមិនត្រូវគុបគិត ជាមួយឧក្រិដ្ឋជនក្នុងការប្រពឹត្តបទល្មើសនេះឡើយ ខណៈឥឡូវនេះ សមត្ថកិច្ចគ្រប់ជំនាញទាំងអស់ កំពុងចុះប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam យ៉ាងខ្លាំងខ្លា សំដៅធ្វើយ៉ាងណាបង្ក្រាបឲ្យអស់ចេញពីកម្ពុជា។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកឡើងថា វិស័យសន្តិសុខឯកជន ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ទប់ស្កាត់ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ ជូនសង្គមជាតិទាំងមូល ជាកម្លាំងជំនួយដល់សមត្ថកិច្ច ក្នុងការចូលរួមសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស។ មួយវិញទៀត គឺការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍន៍ប្រទេសជាតិយើងផងដែរ។
ហេតុនេះ ដើម្បីពង្រឹងនូវវិស័យសន្តិសុខឯកជនឲ្យមានការរីកចម្រើន និងប្រកបដោយគុណភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការ នៃអភិវឌ្ឍន៍ និងការរីកចម្រើនជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះឡើង។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានស្នើដល់អគ្គនាយក/អគ្គនាយិកា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន បន្តចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន មកទទួលការបណ្តុះបណ្តាល ឲ្យមានវិជ្ជាជីវៈច្បាស់លាស់ ឲ្យយល់ដឹងអំពីច្បាប់ យល់ដឹងអំពីវិធីសាស្រ្តការពារគោលដៅ ការពារកន្លែងកើតហេតុ ទប់ស្កាត់បទល្មើស ទប់ស្កាត់អគ្គីភ័យ និងសង្គ្រោះ ដែលជាកិច្ចការងារចម្បង សម្រាប់ភ្នាក់ងារសន្តិសុខឯកជន។
រយៈពេល២ថ្ងៃនេះ លោកជឿជាក់ថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ទទួលបានចំណេះដឹងជាច្រើន ដែលសិក្ខាកាមបាននិងកំពុងជួបប្រទះកន្លងមក ដើម្បីយកទៅបំពេញតួនាទីរបស់ខ្លួន បម្រើផលប្រយោជន៍សង្គមជាតិ ក្នុងផ្លូវវិជ្ជមាន និងមានក្រមសិលធម៌ វិជ្ជាជីវៈរបស់សន្តិសុខឯកជន។ ជាមួយគ្នានេះ លោកលើកទឹកចិត្តឲ្យយកចំណេះដឹងទាំងអស់នេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្តទៅដល់មិត្តរួមការងារ ក្រុមគ្រួសារ មិត្តភ័ក្រឲ្យយល់ដឹងអំពីសារៈសំខាន់ នៃការថែរក្សាសន្តិសុខ សុវត្ថិភាព អាយុជីវិត និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងការចូលរួមចំណែក អនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕
























