មន្ទីរពេទ្យកាល់ម៉ែត ចូលរួមអនុវត្តគម្រោងស្រាវជ្រាវការគ្រប់គ្រងជំងឺពុកឆ្អឹង ខណៈជំងឺនេះកំពុងក្លាយជាបញ្ហាសុខភាពសាធារណៈដ៏ធំនៅលើពិភពលោក និងក្នុងតំបន់ ព្រមទាំងកម្ពុជា

28-05-2026 18:19

(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ «សុខភាពឆ្អឹងរឹងមាំ ជីវិតរឹងមាំ នវានុវត្តន៍ក្នុងការព្យាបាលជំងឺពុកឆ្អឹង» ។ពិធីនេះប្រព្រឹត្ដទៅក្រោមអធិបតីភាព លោកសាស្ត្រាចារ្យរង វូ សុភៈរស្មី អគ្គនាយករងមន្ទីរពេទ្យ និងមានការចូលរួមពី Professor Sarath Lekamwasam, Distinguished International Speaker from Sri Lanka និងវេជ្ជបណ្ឌិតឯកទេស នៃបណ្តាមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យបង្អែកនិងមន្ទីរពេទ្យនានា សមាជិក សមាជិកាជាច្រើនរូបទៀត។

លោកសាស្ត្រាចារ្យរង វូ សុភៈរស្មី បានថ្លែងថា នៅមន្ទីរពេទ្យកាល់ម៉ែត បានផ្តល់អាទិភាពខ្ពស់បំផុតចំពោះការថែទាំអ្នកជំងឺដោយផ្ដោតលើគុណភាព និងបច្ចេកវិទ្យា ដោយមានការបំពាក់ឧបករណ៍ទំនើបៗ ប្រើប្រាស់នូវនវានុវត្តន៍វេជ្ជសាស្ត្រថ្មីៗ ស្របតាមយុទ្ធសាស្រ្តជាអាទិភាពរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ លោកបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងាររៀបចំសិក្ខាសាលារបស់មន្ទីរពេទ្យកាល់ម៉ែត ជាពិសេសក្រុមគ្រូពេទ្យជំនាញពាក់ព័ន្ធ ដែលបានផ្តួចផ្តើមរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងចែករំលែកបទពិសោធន៍ នវានុវត្តន៍វេជ្ជសាស្រ្តថ្មីៗរវាងអ្នកជំនាញ។

លោកសាស្ដ្រាចារ្យបានបន្ដថា «ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ជំងឺពុកឆ្អឹងកំពុងក្លាយជាបញ្ហាសុខភាពសាធារណៈដ៏ធំមួយនៅលើពិភពលោក និងក្នុងតំបន់ ព្រមទាំងប្រទេសកម្ពុជាផងដែរ។ ជំងឺនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាពជីវិតរបស់ប្រជាជន ជាពិសេសមនុស្សវ័យចំណាស់។ ដើម្បីឆ្លើយតបយ៉ាងសកម្មចំពោះបញ្ហាប្រឈមនេះ មន្ទីរពេទ្យកាល់ម៉ែតកំពុងចូលរួមអនុវត្តគម្រោងស្រាវជ្រាវដ៏សំខាន់មួយ ក្រោមប្រធានបទ៖ “កម្រិតអន្តរាគមន៍ផ្អែកលើ FRAX សម្រាប់ការគ្រប់គ្រងជំងឺពុកឆ្អឹង ក្រោយពេលស្រ្តីដល់វ័យអស់រដូវ នៅកម្ពុជា»។

ក្នុងឱកាសនោះលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Prof. Sarath Lekamwasam ចំពោះការចូលរួមក្នុងការសិក្សាស្រាវជ្រាវដ៏សំខាន់នេះ។ ជំនាញ និងកិច្ចសហការកម្រិតអន្តរជាតិរបស់លោកសាស្រ្តាចារ្យ នឹងរួមចំណែកលើកកម្ពស់គុណភាពវិទ្យាសាស្ត្រ និងផលប៉ះពាល់ផ្នែកព្យាបាលរបស់ការងារនេះសម្រាប់ប្រទេសកម្ពុជាយ៉ាងខ្លាំង។
ក្នុងន័យនេះការធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីនវានុវត្តន៍ និងការអភិវឌ្ឍថ្មីៗក្នុងការថែទាំជំងឺពុកឆ្អឹង និងការគ្រប់គ្រងសារធាតុខនិចឆ្អឹង គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងជាអ្នកជំនាញវេជ្ជសាស្ត្រ។

«ការរកឃើញជំងឺឱ្យបានឆាប់រហ័ស ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការគ្រប់គ្រងប្រកបដោយនវានុវត្តន៍ មានតួនាទីយ៉ាងសំខាន់ក្នុងការការពារការបាក់ឆ្អឹងធ្ងន់ធ្ងរ និងការរក្សាឯករាជ្យភាពក្នុងការរស់នៅរបស់អ្នកជំងឺ។ ការរកឃើញបញ្ហាដង់ស៊ីតេឆ្អឹងនៅដំណាក់កាលដំបូង អាចជួយឱ្យគ្រូពេទ្យរៀបចំផែនការព្យាបាលតាមបុគ្គល និងតាមដានយ៉ាងជិតស្និទ្ធ ដែលអាចជួយសង្គ្រោះជីវិត និងកាត់បន្ថយហានិភ័យបានយ៉ាងច្រើន»។ ក្នុងនាមជាគ្រឹះស្ថានសុខាភិបាលឈានមុខ លោកសូមលើកទឹកចិត្តយ៉ាងខ្លាំងដល់ការបង្កើនចំណេះដឹងត្រឹមត្រូវ និងការយកចិត្តទុកដាក់ខ្ពស់លើការថែទាំ ដែលជាគន្លឹះអាទិភាពសម្រាប់អនាគតដែលមានសុខភាពបរិបូណ៍ សម្រាប់គ្រួសារ ក៏ដូចជាងប្រទេសជាតិរបស់យើង។

លោកសាស្ដ្រាចារ្យបានបន្ដថា សិក្ខាសាលានេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ការចែករំលែកចំណេះដឹង និងពង្រឹងសមត្ថភាពជំនាញវេជ្ជសាស្ត្ររបស់វេជ្ជបណ្ឌិតឯកទេស ដើម្បីឱ្យការថែទាំ និងព្យាបាលអ្នកជំងឺអាចប្រព្រឹត្តទៅបានកាន់តែមានប្រសិទ្ធភាព និងគុណភាពកាន់តែខ្ពស់។ ជាមួយគ្នានេះលោកសូមលើកទឹកចិត្តដល់អ្នកជំនាញទាំងអស់ បន្តខិតខំសិក្សាស្រាវជ្រាវ និងពង្រីកកិច្ចសហការជាមួយអ្នកជំនាញអន្តរជាតិពីបណ្តាប្រទេសនានាបន្ថែមទៀត។

ជាងនេះទៅទៀតលោកសាស្ដ្រាចារ្យសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបទបង្ហាញ និងចំណេះដឹងជំនាញក្នុងសិក្ខាសាលានាពេលនេះ វេជ្ជបណ្ឌិតជំនាញនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីយកទៅអនុវត្តនៅក្នុងស្ថាប័នរបស់ខ្លួន សម្រាប់អត្ថប្រយោជន៍អ្នកជំងឺ និងការលើកកម្ពស់សុខមាលភាពសាធារណៈនៅកម្ពុជា៕