អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ជនជាតិរៀតណាម២នាក់ ដែលបាញ់ប្រហារលើជនជាតិអូស្ត្រាលី ហើយរត់គេចមកកម្ពុជា ត្រូវបានសមត្ថកិច្ចកម្ពុជា ប្រគល់ជូនភាគីវៀតណាម

28-05-2026 18:24

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ មានករណីបាញ់ប្រហារលើជនជាតិអូស្ត្រាលីចំនួន២នាក់ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលបានបណ្តាលឱ្យជនរងគ្រោះ បាត់បង់ជីវិតចំនួន១នាក់ និងរងរបួសធ្ងន់ចំនួន១នាក់។

បន្ទាប់ពីកើតហេតុនគរបាលវៀតណាម បានបើកប្រតិបត្តិការស្រាវជ្រាវរកឃើញថា ជនបង្កបានរត់គេចខ្លួនចូលមក ដែនដីនៃប្រទេសកម្ពុជា និងបានស្នើសុំកិច្ចសហប្រតិបត្តិការ ពីនគរបាលជាតិកម្ពុជា។

តាមរយៈការផ្លាស់ប្តូរ ព័ត៌មានជំនាញជាមួយភាគីវៀតណាម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិ សាម៉នចំនួន ០២នាក់ រួមមានឈ្មោះ VAA VAA ភេទប្រុស អាយុ ២៧ឆ្នាំ និងឈ្មោះ TAFIA STEVE ភេទប្រុស
អាយុ ២៣ឆ្នាំ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានប្រគល់ជូនភាគីវៀតណាម ដើម្បីបន្តនីតិវិធី។

លទ្ធផលប្រតិបត្តិការខាងលើបានបង្ហាញឱ្យឃើញថា នគរបាលនៃប្រទេសទាំងពីរបានសហការគ្នា យ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ សំដៅរួមគ្នាថែរក្សាសន្តិសុខ និងភាពសុខសាន្តរបស់ពលរដ្ឋ ប្រទេសទាំងពីរ ក៏ដូចជាក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបន្តរក្សាគោលការណ៍ និងឆន្ទៈមោះមុតលើកកម្ពស់កិច្ចសហ ប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគីទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីប្រឆាំងឧក្រិដ្ឋកម្មគ្រប់ប្រភេទ សំដៅរួមគ្នារក្សាស្ថិរភាពក្នុងសហគមន៍តំបន់ និងអន្តរជាតិ៕