វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផ្សព្វផ្សាយលក្ខន្តិកៈថ្មីមួយ ដើម្បីធ្វើឱ្យនិស្សិតកម្ពុជា ក្លាយជាសហគ្រិន
28-05-2026 18:50
(ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានទទួលរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី លក្ខន្តិកៈជាតិនិស្សិត-សហគ្រិន (SNEE) នៅថ្ងៃទី២៥ និង២៦ ខែឧសភា ឆ្នាំ២០២៦។ ក្របខណ្ឌថ្មីនេះ ដែលដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូពាក់ព័ន្ធ មានគោលបំណងជំរុញការអភិវឌ្ឍសហគ្រិនភាព នៅតាមបណ្តាសាកលវិទ្យាល័យនានានៅកម្ពុជា ឱ្យកាន់តែរីកចំរើន។
អស់រយៈពេលពីរថ្ងៃ សិក្ខាកាមជាង៦០នាក់ មកពីស្ថាប័នចំនួន២៤ រួមមានសាកលវិទ្យាល័យ មជ្ឈមណ្ឌលបណ្តុះបណ្តាលសហគ្រិន អ្នកជំនាញ និងតំណាងមកពីវិស័យសាធារណៈ និងឯកជន បានជួបជុំគ្នានៅ ITC ដើម្បីសិក្សា និងស្វែងយល់អំពី SNEE។
លក្ខន្តិកៈនេះត្រូវបានអនុម័តជាផ្លូវការ តាមរយៈប្រកាសរបស់ក្រសួងអប់រំយុវជននិងកីឡា ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យនិស្សិតអាចអភិវឌ្ឍ គម្រោងសហគ្រិនភាពរបស់ខ្លួន ក្នុងខណៈពេលបន្តការសិក្សាដោយមានប្រព័ន្ធគាំទ្រយ៉ាងច្បាស់លាស់។
SNEE ផ្តល់ជូននូវដំណើរការបីកម្រិត ៖
* ការអភិវឌ្ឍស្មារតីសហគ្រិន និងការបង្កើតគំនិត
* នវានុវត្តន៍ និងការបង្កើតគំរូផលិតផល ព្រមទាំងការផ្ទៀងផ្ទាត់ទីផ្សារ
* ការបង្កើត និងអភិវឌ្ឍ Startup ជាក់ស្តែង
អ្នកចូលរួមយល់ថា វាជាវិធីសាស្ត្រមួយដែលអាចជួយណែនាំនិស្សិតជាបន្តបន្ទាប់ ចាប់ពីគំនិតដំបូង រហូតដល់ការបង្កើតអាជីវកម្មពិតប្រាកដ។ សិក្ខាសាលានេះ គឺជាផ្នែកមួយនៃ កម្មវិធី ENTREPRENDRE au Cambodge ដែលដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា អនុវត្តដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ITC និងគាំទ្រដោយទីភ្នាក់ងារសាកលវិទ្យាល័យ នៃប្រទេសប្រើប្រាស់ភាសាបារាំង (AUF)។
សម្រាប់លោក អ៊ឺម គ្រាវង្ស តំណាងការិយាល័យជាតិ (AUF-Cambodge) ភាពជាសហគ្រិនរបស់និស្សិត មិនមែនគ្រាន់តែជាឱកាសសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍ដ៏សំខាន់ សម្រាប់ «នវានុវត្តន៍ ភាពច្នៃប្រឌិត និងសមត្ថភាពការងាររបស់យុវជន »។ លោកក៏បានសម្ដែងការពេញចិត្តចំពោះ « លទ្ធផលជាវិជ្ជមានយ៉ាងខ្លាំង » នៃសិក្ខាសាលារយៈពេលពីរថ្ងៃនេះ ដែលអនុញ្ញាតឱ្យអ្នកចូលរួមយល់ដឹងកាន់តែច្បាស់អំពី SNEE និងគិតគូរអំពីការអនុវត្តនៅក្នុងស្ថាប័នរបស់ពួកគេ។
លោក ឈី សុទ្ធា អនុប្រធានមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានថ្លែងថា «នេះគឺជាឱកាសដ៏ល្អ សម្រាប់និស្សិតក្នុងការ ទទួលបានចំណេះដឹងថ្មីៗ ជាពិសេសផ្នែកសហគ្រិនភាព ភាពច្នៃប្រឌិត ការបង្កើតគំនិតអាជីវកម្ម និងការរៀបចំផែនការអាជីវកម្ម។ ពួកគេនឹងរៀនពីការសិក្សាទីផ្សារ និងការអនុវត្តជំហានចាំបាច់សម្រាប់ផលិត និងលក់ផលិតផលរបស់ខ្លួន។ ពួកគេក៏នឹងមានឱកាសទាក់ទងជាមួយដៃគូអាជីវកម្មផ្សេងៗ និងអាចទទួលបានការវិនិយោគ សម្រាប់អភិវឌ្ឍផលិតផលផងដែរ»។
ចំណែកកញ្ញា កែវ កន្និថា មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) បានថ្លែងថា «ក្នុងរយៈពេលពីរថ្ងៃនៃសិក្ខាសាលា ខ្ញុំបានរៀនច្រើនអំពីស្ថានភាពលក្ខន្តិកៈជាតិនិស្សិត-សហគ្រិន។ មានការពិភាក្សាជាក្រុមអំពីផលប៉ះពាល់ និងដំណោះស្រាយសម្រាប់ស្ថាប័ននីមួយៗ ព្រមទាំងការបង្កើតកម្មវិធីបណ្តុះបណ្តាលសហគ្រិនភាពដើម្បីដាក់អនុវត្ត SNEE»។
កញ្ញាបន្ថែមថា សិក្ខាសាលានេះមានសារៈសំខាន់ខ្លាំងសម្រាប់សាកលវិទ្យាល័យ និងស្ថាប័នអប់រំ ព្រោះសហគ្រិនភាពមានតួនាទីសំខាន់ទាំងសម្រាប់សហគមន៍ និងប្រទេសជាតិ។
សហគ្រិនភាពក្នុងកម្មវិធីសិក្សាការពិភាក្សាបានផ្តោតលើភាពចាំបាច់ក្នុងការបញ្ចូលសហគ្រិនភាពទៅក្នុងកម្មវិធីសិក្សា ដូចជា៖ មុខវិជ្ជាសហគ្រិនភាពជាក់លាក់, ការទទួលស្គាល់គម្រោងជំនួសកម្មសិក្សា , ការបណ្តុះបណ្តាលបែប Hybrid និងពហុជំនាញ , គម្រោងអនុវត្តជាក់ស្តែង , Hackathons , ការប្រកួត Startup , Mentorat។
កញ្ញាបណ្ឌិត សាំង ដាវីន ប្រធានមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចតិចណូ បានរំលឹកថា គោលបំណងមួយទៀត គឺការលើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា ដើម្បីឱ្យ « និស្សិត និងអ្នកស្រាវជ្រាវ ចេះការពារសិទ្ធិរបស់ខ្លួន មុនពេលចាប់ផ្តើមគម្រោង»។
ដូច្នេះ មានវគ្គពិសេសមួយស្តីពីកម្មសិទ្ធិបញ្ញា ដោយមានការចូលរួមពីលោក Fabrice PERRONO ទីប្រឹក្សាតំបន់អាស៊ីប៉ាស៊ីហ្វិកផ្នែកកម្មសិទ្ធិបញ្ញាសម្រាប់អាស៊ាននិងឥណ្ឌា តំណាង INPI ដែលបានពន្យល់អំពីការការពារ និងការបង្កើនតម្លៃនៃនវានុវត្តន៍។
នៅចុងបញ្ចប់នៃសិក្ខាសាលា មានអនុសាសន៍ជាច្រើនត្រូវបានដាក់ចេញ រួមមាន ៖
* ការរៀបចំផែនការអនុវត្ត SNEE នៅតាមស្ថាប័ន
* ពង្រឹងសមត្ថភាពផ្នែកសហគ្រិនភាព និងកម្មសិទ្ធិបញ្ញា
* ពង្រឹងភាពជាដៃគូរវាងសាកលវិទ្យាល័យ និងឧស្សាហកម្ម
គណៈកម្មការរៀបចំសិក្ខាសាលាក៏មានបំណងចូលរួមជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យកាន់តែច្រើន ដើម្បីឱ្យស្ថាប័នអប់រំមានមជ្ឈមណ្ឌលសហគ្រិនភាព និងប្រព័ន្ធគាំទ្រគម្រោងនិស្សិត។
លោក អ៊ឹម ក្រាវង្ស បានបញ្ជាក់ថា «ជំហានបន្ទាប់ យើងនឹងធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ ជាពិសេសសាកលវិទ្យាល័យជាសមាជិក AUF ដើម្បីឱ្យថ្នាក់ដឹកនាំនិងនាយកសាកលវិទ្យាល័យយល់ដឹងពីសារៈសំខាន់ និងភាពចាំបាច់នៃ SNEE ហើយអាចស្វែងរកមធ្យោបាយដាក់អនុវត្តនៅក្នុងគ្រឹះស្ថានរបស់ខ្លួន»។
ការផ្សព្វផ្សាយលក្ខន្តិកៈជាតិនិស្សិតធុរកិច្ច (SNEE)នេះ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតវប្បធម៌សហគ្រិនភាពពិតប្រាកដ នៅតាមបណ្តាសាកលវិទ្យាល័យនៅកម្ពុជា ដែលគំនិតរបស់និស្សិតនឹងត្រូវបានលើកទឹកចិត្តឱ្យក្លាយជាដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស៕






























