គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ YING HUANG ក្រោយជាប់ពាក់ព័ន្ធនឹងបទល្មេីស​ Online Scams

28-05-2026 21:19

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ យីង ហ័ង (CASINO YING HUANG) របស់ក្រុមហ៊ុន សាលៀន វែនឈរ ខូអិលធីឌី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយសារកាស៊ីណូនេះ មានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ការរក្សាទុកអាវុធ និងសារធាតុញៀនខុសច្បាប់។

នៅក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងទៀតថា កាលពីថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៦, ដោយមានការសម្របសម្រួលនីតិវិធីពី អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ, ក្រុមការងារនៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងកាស៊ីណូ យីង ហ័ង (CASINO YING HUANG) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការនេះកម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៦៦នាក់ ក្នុងនោះជនជាតិចិនចំនួន ៦៤នាក់ និងជនជាតិខ្មែរចំនួន ២នាក់ ព្រមទាំងសម្ភារមួយចំនួន រួមមាន កុំព្យូទ័រចំនួន ៩៨៧គ្រឿង, ទូរស័ព្ទចំនួន ៤២៨គ្រឿង, អាវុធខ្លីចំនួន ១ដើម, បង់ចំនួន ១, គ្រាប់កាំភ្លើងចំនួន ១០គ្រាប់ និងថ្នាំញៀនជាច្រើនកញ្ចប់។ ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

ដោយឡែក, កុំព្យូទ័រ, ទូរស័ព្ទ និងគ្រឿងអាវុធ ត្រូវបានយក ទៅរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

ចំណាត់ការរបស់ គ.ល.ក. នៅក្នុងការដកហូតអាជ្ញាបណ្ណកាស៊ីណូ យីង ហ័ង របស់ក្រុមហ៊ុន សាលៀន វែនឈីរ ខូអិលធីឌី ត្រូវបានធ្វើឡើងដោយផ្អែកលើលទ្ធផលនៃប្រតិបត្តិការខាងលើ និងយោងតាមច្បាប់ស្តីពី ការគ្រប់គ្រងល្បែង ពាណិជ្ជកម្ម។

ជាថ្មីម្តងទៀតអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមក្រើនរំលឹកដល់កម្មសិទ្ធិករ និង/ឬ ប្រតិបត្តិករ មណ្ឌល ល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវបន្តអាជីវកម្ម ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជា ធរមាន ព្រមទាំងត្រូវជៀសវាងដាច់ខាតនូវរាល់សកម្មភាពពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពើល្មើសច្បាប់ផ្សេងៗ។

ស្របតាមបទបញ្ជារាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. នឹងបន្តសហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តចុះប្រតិបត្តិការ ត្រួតពិនិត្យ ឆែកឆេរ និងចាត់វិធានការ ដោយមិនមានការលើកលែងចំពោះទីតាំងកាស៊ីណូទាំងឡាយណា ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ៕