សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបការផ្សាយព័ត៌មានតាមបណ្តាញសង្គមដែលគ្មានមូលដ្ឋានច្បាស់លាស់ដែលថា មានការចាប់ខ្លួនអតីតចៅក្រម និងចៅក្រមស៊ើបសួរក្នុងសំណុំរឿង ឡេង ចាន់ណា

29-05-2026 07:52

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបការផ្សាយព័ត៌មានតាមបណ្តាញសង្គមដែលគ្មានមូលដ្ឋានច្បាស់លាស់ដែលថា មានការចាប់ខ្លួនអតីតចៅក្រម និងចៅក្រមស៊ើបសួរក្នុងសំណុំរឿង ឡេង ចាន់ណា។

តាមសេចក្តីថ្លែងការណ៍របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការចុះផ្សាយតាមផេកទាំងពីរខាងលើជាការចុះផ្សាយព័ត៌មានមានលក្ខណៈមិនពិតខ្វះមូលដ្ឋានច្បាស់លាស់និងនាំឱ្យសាធារណជនមានការភាន់ច្រឡំ
ព្រមទាំងប៉ះពាល់សេចក្តីថ្លៃថ្នូរមានលក្ខណះចរិតបរិហារកេរ្តិ៍និងញុះញង់ឱ្យមានការរើសអើងដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស
យ៉ាងធ្ងន់ធ្ងរចំពោះថ្នាក់ដឹកនាំនៃសាលាដំបូងរាជធានីភ្នំពេញដែលគាត់ធ្លាប់ជាអតីតចៅក្រមនិងជាអតីតប្រធានសាលាដំបូង
ខេត្តសៀមរាបនិងធ្វើឱ្យបាត់ជំនឿចំពោះស្ថាប័នតុលាការ។

ការផ្សព្វផ្សាយព័ត៌មានដោយគ្មានប្រភពច្បាស់លាស់និងមិនបានផ្ទៀងផ្ទាត់អាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការអនុវត្តច្បាប់។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញសូមបញ្ជាក់ផងដែរថានៅថ្ងៃទី២៨ខែឧសភានេះសាលាដំបូងរាជធានីភ្នំពេញពុំបានចាត់ការសំណុំរឿងដែលមានបុគ្គល៣រូបពីបទវិតិក្រមជំរិតទារប្រាក់ខុសច្បាប់និងបទសម្អាតប្រាក់
ដូចដែលបានចុះផ្សាយរបស់ផេកទាំងពីរខាងលើនោះទេ។

ដូចនេះម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Karpit និងមជ្ឈមណ្ឌលនីតិក្រមត្រូវធ្វើការកែតម្រូវនិងដកចេញនូវខ្លឹមសារដែលបានផ្សព្វផ្សាយមិនពិតខាងលើជាបន្ទាន់។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញសូមធ្វើការច្រានចោលទាំងស្រុងនូវអត្ថបទផេកទាំងពីរដែលបានចុះផ្សាយព័ត៌មានមិនពិតនេះហើយសូមសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នក្នុងការទទួលនិងការចែករំលែកព័ត៌មានដោយត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់មុននឹងធ្វើការផ្សព្វផ្សាយបន្ត។

សាលាដំបូងរាជធានីភ្នំពេញនឹងចាត់វិធានការ
យ៉ាងម៉ឺងម៉ាត់តាមនីតិវិធីច្បាប់ចំពោះម្ចាស់ផេកឬបណ្តាញសង្គមដែលផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើនេះ។