យុវជនខ្មែរមួយក្រុមលួចប្រព្រឹត្តបទល្មើស Scam Online នៅស្រុកទឹកឈូ ខេត្តកំពត ត្រូវកម្លាំងនគរបាលបង្ក្រាបបាន

29-05-2026 10:05

(កំពត)៖ កម្លាំងនគរបាលខេត្តកំពត បានស្រាវជ្រាវ ហើយឈានដល់ការបង្ក្រាបបទល្មើស Scam Online មួយកន្លែងនៅស្រុកទឹកឈូ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនយុវជនខ្មែរចំនួន៤នាក់ និងដកហូតសម្ភារមួយចំនួនដែលបម្រើឲ្យការប្រព្រឹត្តបទល្មើស។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងក្រោមការសម្របសម្រួលនីតិវិធីរបស់លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា យុវជនខ្មែរ៤នាក់ បានលួចរៀបចំសម្ភារ និងប្រព្រឹត្តបទល្មើស Scams Online នៅមូលដ្ឋានស្រុកទឹកឈូ តែត្រូវបានកម្លាំងនគរបាលរបស់លោកបង្ក្រាប ព្រមទាំងដកហូតសម្ភារមួយចំនួន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ, យុវជនទាំងនេះធ្លាប់បម្រើការងារនៅកន្លែងប្រព្រឹត្តបទល្មើស Scams ជាមួយជនជាតិបរទេស ដោយទទួលប្រាក់ខែខ្ពស់ តែពេលក្រុមមេក្លោងទាំងនោះ ត្រូវបានបង្ក្រាប ពួកគេស្រាប់តែមានគំនិតប្រមូលគ្នា មកលួចប្រព្រឹត្តបទល្មើសនេះបន្តទៀត។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោស្នងការ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ចៀសឲ្យឆ្ងាយពីសកម្មភាពធ្វើ Scam Online ព្រោះករណីនេះត្រូវប្រឈមមុខចំពោះផ្លូវច្បាប់។

លោកបញ្ជាក់ថា កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានស្រាវជ្រាវបង្ក្រាបក្រុមលួចធ្វើ Scam Online នៅតាមភូមិឃុំដោយប្រើប្រាស់រូបភាពបន្លំភ្នែកសមត្ថកិច្ច តែទោះជាយ៉ាងណាក៏នៅតែមិនអាចគេចផុតពីសមត្ថកិច្ចបានឡើយ។

សម្រាប់យុវជនទាំង៤នាក់ ត្រូវបានសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៀត។