សហរដ្ឋអាមេរិក ចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍ចំពោះការដោះលែង លោក កឹម សុខា (Video insdie)
29-05-2026 10:43
(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទិ២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍ពីដំណឹងនៃការដោះលែង លោក កឹម សុខា អតីតមេបក្សប្រឆាំង។
តាមបណ្តាញសង្គមរបស់ខ្លួន ស្ថានទូតអាមេរិក បានអះអាងថា «សហរដ្ឋអាមេរិក ស្វាគមន៍ពីដំណឹងនៃការដោះលែង លោក កឹម សុខា។ សហរដ្ឋអាមេរិក តែងបានអំពាវនាវជាបន្តបន្ទាប់ឱ្យមានការដោះលែង លោក កឹម សុខា ហើយបានរក្សាជំហរថា ការផ្តន្ទាទោសរបស់លោកដែលពាក់ព័ន្ធនឹងការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា គឺគ្មានមូលដ្ឋាន»។
សហរដ្ឋអាមេរិក បានបញ្ជាក់ថា «ការដោះលែងរបស់លោកគឺជាការវិវឌ្ឍវិជ្ជមានមួយ ហើយយើងបន្តលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា ឱ្យធានាថា ពលរដ្ឋរបស់ខ្លួនអាចអនុវត្តសិទ្ធិក្នុងការជួបប្រជុំដោយសន្តិវិធី និងសេរីភាពក្នុងការបញ្ចេញមតិបានដោយសេរី»។
សូមបញ្ជាក់ថា ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យលោក កឹម សុខា ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ។ ការលើកលែងទោសនេះអនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ។ លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
មុននឹងទទួលបានការលើកលែងទោស លោកត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូង និងផ្តន្ទាទោសបន្ថែមដោយហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦៕





