យុវជនគាំទ្រច្បាប់កាតព្វកិច្ចយោធា និងត្រៀមខ្លួនរួចរាល់ដើម្បីអនុវត្ត សំដៅលើកកម្ពស់ស្មារតីស្នេហាជាតិ (Video inside)
29-05-2026 10:51
(ភ្នំពេញ)៖ យុវជនជំនាន់ក្រោយទាំងអ្នកដែលគ្រប់អាយុ និងមិនទាន់គ្រប់អាយុក្ដី បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលបានចូលជាធរមានកាលពីពេលកន្លងទៅថ្មីៗនេះ។
ស្ថិតក្នុងវ័យសិក្សាយុវជនដែលជាអ្នកបន្ដវេន បានអះអាងថា ពួកគេត្រៀមខ្លួនជានិច្ចដើម្បីអនុវត្តតាមការកំណត់របស់រាជរដ្ឋាភិបាល ក្នុងការបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ នៅពេលដែលពួកគាត់គ្រប់អាយុត្រូវចូលហ្វឹកហ្វាត់។
ក្រៅពីការបង្ហាញស្មារតី និងការតាំងចិត្តចូលរួមអនុវត្តកាតព្វកិច្ចយោធាហើយនោះ ក្រុមយុវជនបានមើលឃើញថា ការអនុវត្តកាតព្វកិច្ចយោធា គឺឆ្លុះបញ្ចាំងអំពីស្មារតីស្នេហាជាតិ លុតដំខ្លួនឲ្យមានវិន័យ និងត្រៀមខ្លួននៅពេលជាតិត្រូវការ ដើម្បីរួមចំណែកការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិប្រឆាំងការឈ្លានពានពីបរទេស។
ពួកគេមើលឃើញថា បណ្ដាប្រទេសជាច្រើនហើយបានអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដូច្នេះកម្ពុជាក៏ដល់ពេលដែលត្រូវអនុវត្តដូចគ្នាដែរ។
សម្រាប់ក្រសួងការពារជាតិ, កាតព្វកិច្ចយោធា ជាករណីយកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជាវិធានការដ៏មានសារៈសំខាន់ ក្នុងកាជួយរពង្រឹងវិស័យការពារជាតិ និងការកសាងធនធានមនុស្សប្រកបដោយគុណភាពផ្តល់ឱកាសដល់យុវជនជំនាន់ថ្មី ដែលមានអាយុចាប់ពី១៨ ដល់ ២៥ ឆ្នាំ បានចូលរួមប្រកបដោយឆន្ទះ ក្នុងស្មារតីបម្រើជាតិមាតុភូមិ និងចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងសន្តិភាពនៃជាតិ។
តាមរយៈការបំពេញកាតព្វកិច្ចយោធា យុវជននឹងទទួលបានការហាត់ពត់លត់ដំ ផ្នែកវិន័យ សីលធម៌ការគោរពបទបញ្ជា ការរស់នៅជាក្រុម និងការទទួលខុសត្រូវក្នុងសង្គម។ ទន្ទឹមនឹងនេះ ក៏ជួយឲ្យយុវជនយល់ដឹងកាន់តែច្បាស់ និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទផងដែរ។ ខណៈជំហានដំបូងនឹងមានយុវជនគ្រប់អាយុចន្លោះ ១,៥ ទៅ ២ភាគរយ នឹងត្រូវចូលបំពេញកាតព្វកិច្ចយោធា តាមច្បាប់៕













