ដើម្បីសង្គ្រោះជីវិត និងស្នាមញញឹមកុមារ ! អ្នកម្តាយកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ដឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
29-05-2026 11:51
(ភ្នំពេញ)៖ ដើម្បីសង្គ្រោះជីវិត និងស្នាមញញឹមកុមារ អ្នកម្តាយកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្ដឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដែលមានការអញ្ជើញពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោកស្រីសាស្ដ្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្ដិនៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោកវេជ្ជ. Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស រួមជាមួយលោកសាស្ត្រាចារ្យគី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងលោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ខេត្តសៀមរាប)។
កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភគាំទ្រជួយដល់កុមារកម្ពុជាចំនួន ១លានដុល្លារ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជានាពេលនេះ គឺជាលើកទី៩ ហើយថវិកានេះក៏ត្រូវបានប្រគល់បន្ដជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ ដូច្នេះនេះជាលើកទី១៥ហើយ គិតចាប់តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៦នេះ ដែលកាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ សម្រាប់ជួយកម្ពុជា ដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា៕














































