រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះ MoU ស្តីពីការសហការជំរុញវិស័យទេសចរណ៍ក្នុងក្របខ័ណ្ឌវិស័យអប់រំ

29-05-2026 12:21

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅ៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងសហព័ន្ធសេវាអប់រំនៅកម្ពុជា ដោយមានឯកឧត្តម កាទើ មហាំម៉ាត់ ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត ហុង លីម ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ជាហត្ថលេខីលើអនុស្សរណៈនៃការយោគយល់ ស្តីពីការសហការជំរុញវិស័យទេសចរណ៍ក្នុងក្របខ័ណ្ឌវិស័យអប់រំ។

អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាឯកសារដ៏មានសារៈសំខាន់ និងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដែលផ្សារភ្ជាប់វិស័យទេសចរណ៍ និងវិស័យអប់រំដែលបង្ហាញអំពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីសម្រេចឱ្យបាននូវគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការបណ្ដុះបណ្ដាលមូលធនមនុស្សប្រកបដោយគុណភាព ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និង ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជាសរុបប្រមាណ ៣០០នាក់។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងជំរុញការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) ចាប់ពីខែឧសភា ដល់ខែតុលា ដែលជំនួសឱ្យពាក្យ “រដូវកាលភ្ញៀវតិច” ឬ Low Season។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ការបំប្លែងមកជារដូវកាលបៃតង «Green Season» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រដ៏មុតស្រួចរបស់ក្រសួងទេសចរណ៍ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរពេញមួយឆ្នាំ ដោយសារតែរដូវកាលនេះ គឺជារដូវកាលដែលកម្ពុជាបញ្ចេញនូវសម្រស់ដ៏ពិសេសរបស់ខ្លួន ជាមួយនឹងភាពស្រស់បំព្រងនៃធម្មជាតិ ពណ៌បៃតងខ្ចី និងបរិយាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់ទេសចរណ៍បែបធម្មជាតិ អេកូទេសចរណ៍ និងការលំហែកាយដើម្បីសុខុមាលភាព។

រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងបញ្ជាក់អំពីយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» មានចក្ខុវិស័យសំខាន់ៗ ចំនួន ៣៖ គឺ ទី១៖ ការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ទី២៖ ជំរុញចលនាទេសចរណ៍ក្នុងស្រុក និង ទី៣៖ ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាលបៃតង សំដៅជំរុញកម្ពុជា ឱ្យក្លាយជាគោលដៅទទួលបានកំណើនទេសចរពេញមួយឆ្នាំ (Year Round Destination)។

សូមជម្រាបថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍ និងវិស័យអប់រំ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធបំផុត និងអាចបំពេញឱ្យគ្នាទៅវិញទៅមក។ ក្នុងន័យនេះ អនុស្សរណៈនៃការយោគយល់គ្នានេះ មិនត្រឹមតែជាឯកសារផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃទស្សនវិស័យរួម និងឆន្ទៈរួម ក្នុងការអនុវត្តការងារដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវិស័យអប់រំ ឱ្យឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ មានជំនឿយ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាគំរូនៃកិច្ចសហការ ដែលនឹងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់វិស័យទេសចរណ៍ និងសង្គមជាតិទាំងមូល។ អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងសហព័ន្ធសេវាអប់រំនៅកម្ពុជាបន្ថែមមួយកម្រិតទៀត ក្រោមស្មារតី រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដោយឈរលើគោលការណ៍បុរេសកម្ម សកម្ម និងអន្តរសកម្ម ដើម្បីចូលរួមជំរុញកំណើនទេសចរណ៍ផ្ទៃក្នុង និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត៕