រដ្ឋមន្ត្រី ហួត ហាក់ ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកសិក្សា និងនិស្សិតសេដ្ឋកិច្ចថ្នាក់ភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

29-05-2026 12:22

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អញ្ជើញជួបសំណេះសំណាលជាមួយលោក លោកស្រី តំណាងគណៈគ្រប់គ្រងសាកលវិទ្យាល័យ បុគ្គលិកសិក្សា និងប្អូនៗនិស្សិតសេដ្ឋកិច្ចថ្នាក់ភាសាបារាំង ឆ្នាំទី១ ទី២ និងទី៣ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រមាណ១០០នាក់។

ជំនួបនេះធ្វើឡើងនៅមុនដំណើរទស្សនកិច្ចសិក្សា ក្រោមប្រធានបទ «បណ្ដុះស្មារតីយុវជន លើកកម្ពស់ការអប់រំ និងទេសចរណ៍ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ក្រោមកិច្ចសហការសម្របសម្រួល ពីក្រសួងទេសចរណ៍ អមដោយយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង (Green Season) ដែលមានគោលបំណងជំរុញចលនាទេសចរណ៍របស់និស្សិត ទៅកាន់តំបន់គោលដៅទេសចរណ៍នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមរយៈដំណើរទស្សនកិច្ចខាងលើ ពិតជាបានជួយលើកកម្ពស់ការអប់រំ តាមរយៈការពង្រឹងចំណេះដឹងរបស់និស្សិតក្នុងមុខជំនាញរបស់ខ្លួន និងការងារសង្គម ព្រមទាំងការបំផុសគំនិតយុវជនឱ្យស្រឡាញ់ និងយល់ដឹងពីភាពសម្បូរបែបនៃជីវៈចម្រុះ ភាពល្អប្រណីតនៃឆ្នេរសមុទ្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជាផងដែរ។

សូមជម្រាបថា ដំណើរទស្សនកិច្ចនេះចាប់ផ្តើមពីថ្ងៃទី២៨ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៦ (រយៈពេល ២យប់ ៣ថ្ងៃ) ឆ្លងកាត់ខេត្តចំនួន ៣គឺ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងព្រះសីហនុ៕