ខេត្តពោធិ៍សាត់ ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យទិន្នន័យក្បាលដី ៥ភូមិ ក្នុងឃុំបឹងកន្ទួត ដើម្បីធានាសុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋ
29-05-2026 14:02
(ពោធិ៍សាត់)៖ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅបរិវេណវត្តសុវណ្ណមូលី ហៅវត្តយាកាបក្រោម ស្ថិតក្នុងភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ មានរៀបចំពិធីជួបសំណេះសំណាល និងប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី ទាំង៥ភូមិ (រួមមាន៖ ភូមិត្រពាំងកន្ទួត ភូមិជជក ភូមិត្រពាំងឃ្លៃ ភូមិធ្លាម្អម និងភូមិតាកែវក្រោម) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងឱ្យ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ឱន សទ្ធា ប្រធានមន្ទីរ ដ.ន.ស ខេត្ត, លោកអភិបាលស្រុកស្តីទី, អាជ្ញាធរមូលដ្ឋាន, មន្ត្រីជំនាញសុរិយោដី និងបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដីយ៉ាងច្រើនកុះករ។
លោក រុន វិសាល ប្រធានក្រុមវាល បានធ្វើបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ លើវិសាលភាព ភូមិចំនួន៥ ក្នុងឃុំបឹងកន្ទួត ស្រុកក្រគរ រួមមាន៖ *ភូមិត្រពាំងកន្ទួត ៧០០ក្បាលដី និងម្ចាស់ទ្រព្យ ៣៧៧ក្បាលដី ម្ចាស់ចូលរួមបំពេញ ៦៧៤ក្បាលដី, *ភូមិជជក ៦០៦ក្បាលដី, ម្ចាស់ទ្រព្យ ២៦៥ក្បាលដី និងម្ចាស់ចូលរួមបំពេញ ៥៩៦ក្បាលដី, *ភូមិត្រពាំងឃ្លៃ ១,៩០០ក្បាលដី, ម្ចាស់ទ្រព្យ ៥៨៦ក្បាលដី និងម្ចាស់ចូលរួមបំពេញ ១,៨២៥ក្បាលដី, *ភូមិធ្លាម្អម ៨៦០ក្បាលដី, ម្ចាស់ទ្រព្យ ៣៦៨ក្បាលដី និងម្ចាស់ចូលរួមបំពេញ ៨៤៣ក្បាលដី, *ភូមិតាកែវក្រោម ៩៧៧ក្បាលដី, ម្ចាស់ទ្រព្យ ៥៥៦ក្បាលដី និងម្ចាស់ចូលរួមបំពេញ ៩២០ក្បាលដី។ សរុបរួមក្បាលដីទាំង៥ភូុមិសរុប ៥,០៤៣ក្បាលដី, ម្ចាស់ទ្រព្យសរុប ២,១៥២ក្បាលដី និងម្ចាស់ចូលរួមបំពេញសរុប ៤,៨៥៨ក្បាលដី។
នៅក្នុងឱកាសនោះ លោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ បានលើកឡើងពីអត្ថប្រយោជន៍សំខាន់ៗ នៃការប្រកាសបិទផ្សាយជាសាធារណៈ ដែលមានរយៈពេល ១៥ថ្ងៃនេះ គឺដើម្បីទុកឱកាសឱ្យប្រជាពលរដ្ឋជាម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងទិន្នន័យក្បាលដីរបស់ខ្លួន ឱ្យបានច្បាស់លាស់។ វាជាឱកាសមាស សម្រាប់អ្នកជិតខាង ឬភាគីពាក់ព័ន្ធ ក្នុងការតវ៉ា ឬកែតម្រូវព្រំដី ក្នុងករណីមានការខុសឆ្គង ដោយមានមន្ត្រីជំនាញចាំជួយសម្របសម្រួលភ្លាមៗ។ ជាមួយគ្នានោះ បន្ទាប់ពីការបិទផ្សាយនេះចប់សព្វគ្រប់ ទិន្នន័យទាំងនេះនឹងត្រូវយកទៅរៀបចំធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ដែលជាខែលការពារផ្លូវច្បាប់ដ៏រឹងមាំបំផុត។
មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ, លោក ហេង សុភាណា អភិបាលរងខេត្តពោធិ៍សាត់ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកអភិបាលខេត្ត ខូយ រីដា និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីសុរិយោដី ក៏ដូចជាការចូលរួមសហការពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែងជំរុញការងារអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារចុះជួយមូលដ្ឋានគ្រប់ជាន់ថ្នាក់ បាននិងកំពុងខិតខំប្រឹងប្រែងជំរុញការងារអភិវឌ្ឍន៍លើគ្រប់វិស័យយ៉ាងសស្រាក់សស្រាំ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង និងសេវាសាធារណៈ។ ក្នុងនោះដែរ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់លើការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាព និងធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅពេលរាត្រី។
លោកបានដាស់តឿនដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវរួមគ្នារៀបចំអនាម័យបរិស្ថាន របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រោះកត្តាទាំងនេះរួមផ្សំនឹងគោលនយោបាយដីធ្លីច្បាស់លាស់ គឺជាទំពក់យ៉ាងសំខាន់ ក្នុងការទាក់ទាញ និងជំរុញការវិនិយោគទុនមកកាន់ខេត្តពោធិ៍សាត់ ក្នុងន័យបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងនាមថ្នាក់ដឹកនាំ និងប្រជាជនខេត្តពោធិ៍សាត់ទាំងមូល លោកអភិបាលរងខេត្ត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់វីរកងទ័ពជួរមុខ ដែលបាននិងកំពុងលះបង់សាច់ស្រស់ឈាមស្រស់ ឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់សត្រូវ ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្តជូនជាតិមាតុភូមិ។
លោកអភិបាលរងខេត្ត ក៏បានធ្វើការអំពាវនាវយ៉ាងទទូច សូមឱ្យបងប្អូនប្រជាពលរដ្ឋម្ចាស់ក្បាលដីក្នុងភូមិទាំង៥ នៃឃុំបឹងកន្ទួត អញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃប្រកាសបិទផ្សាយនេះតទៅ ដើម្បីពិនិត្យមើលភាពត្រឹមត្រូវ។ ការបិទផ្សាយនេះមានរយៈពេលកំណត់ច្បាស់លាស់ (១៥ថ្ងៃ) ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំបីខកខានឡើយ ព្រោះបើហួសកំណត់ វានឹងបង្កការលំបាកក្នុងការកែតម្រូវនៅពេលក្រោយ។ ប្រសិនបើពិនិត្យទៅឃើញមានចំណុចខុសឆ្គង ឬមានការតវ៉ាលើព្រំដី សូមប្រញាប់ប្តឹងតវ៉ាទៅមន្ត្រីក្រុមការងារដែលប្រចាំការនៅទីនោះ ដើម្បីធ្វើការកែតម្រូវឱ្យបានទាន់ពេលវេលា នឹងសូមឱ្យឆាប់ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបានយកទៅប្រើប្រាស់ជាទុន ក្នុងការបង្កើន និងពង្រីកសេដ្ឋកិច្ចគ្រួសារ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ៕












































