អភិបាលស្រុកស្ទោង៖ ផ្លូវថ្មី និងស្ពានថ្មថ្មី ជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន

29-05-2026 14:05

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងថា ផ្លូវថ្មី និងស្ពានថ្មថ្មីប្រវែង៦០ម៉ែត្រ ដែលគ្រោងសាងសង់ឆ្លងកាត់ស្ទឹងស្ទោង នៅភូមិអូរដូង ឃុំម្សាក្រង ស្រុកស្ទោង គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះសុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក សាយ គឹមឡម បានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោក និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យជាក់ស្តែង ដើម្បីត្រៀមលក្ខណៈសាងសង់ស្ពានថ្មថ្មី នៅភូមិអូរដូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

លោកអភិបាលស្រុក បានសង្កត់ធ្ងន់ថា ស្ពានថ្មថ្មីនេះ ពិតជាមានសក្តានុពល និងមានសារៈសំខាន់ខ្លាំងសម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ នៅឃុំម្សាក្រង។ ស្ពានថ្មីនេះ នឹងជំនួសស្ពានឈើចាស់ ដែលមានសភាពទ្រុឌទ្រោមខ្លាំង និងលំបាកក្នុងការធ្វើដំណើរ។

លោកបានបញ្ជាក់ថា ការទទួលបានស្ពានថ្មីនេះ គឺកើតចេញពីការគិតគូរ យកចិត្តទុកដាក់ និងការស្វះស្វែងខ្ពស់របស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង, លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធនានា។

លោក សាយ គឹមឡម បានបន្ថែមថា ស្ពានថ្មថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន ឱ្យមានភាពងាយស្រួល សុវត្ថិភាព និងឆាប់រហ័សជាងមុន។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុក ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងស្រុកស្ទោង ខេត្តកំពង់ធំទាំងមូល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ សុខុមាលភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបានបញ្ជាក់ថា ស្ពានថ្មថ្មីនេះ គឺជាចំណងដៃដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋនៅឃុំម្សាក្រង ក៏ដូចជាប្រជាពលរដ្ឋស្រុកស្ទោងទាំងមូល ក្នុងការធ្វើដំណើរឆ្លងកាត់ស្ទឹងស្ទោង បានកាន់តែងាយស្រួល សុវត្ថិភាព និងប្រសើរជាងមុន។

សូមបញ្ជាក់ថា ផ្លូវថ្មីនេះមានប្រវែង ៥,៣០០ម៉ែត្រ តភ្ជាប់ពីឃុំកំពង់ចិនត្បូង ទៅឃុំម្សាក្រង។ ចំណែកស្ពានថ្មថ្មី មានទទឹង ៨ម៉ែត្រ បណ្តោយ ៦០ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ទោង នៅភូមិអូរដូង ឃុំម្សាក្រង ជំនួសស្ពានឈើចាស់ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយគ្រោងនឹងដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ៕