ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជួបសំណេះសំណាលក្រុមតារាងចម្រៀងកម្ពុជា ដែលទៅចូលរួមប្រគុំតន្ដ្រីនៅទីក្រុងសេអ៊ូល
29-05-2026 14:05
(កូរ៉េ)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយលោក សុវត្ថិ មុនីនាគ (N’ John) ជាកំពូលតារាចម្រៀងខ្មែរដែលពូកែទាំងក្បាច់រាំ និងលេងហ្គីតា ប្រចាំផលិតកម្ម Circa 13 Music របស់សហរដ្ឋអាមេរិក និងជាកូនប្រុសរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នៅស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលក្រុមរបស់លោកត្រូវបានគេអញ្ជើញមកសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីរួមគ្នាជាមួយតារាចម្រៀង K-pop នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
ក្នុងឱកាសនៃជំនួប លោក Pete Dinero អ្នកគ្រប់គ្រងក្រុមហ៊ុន Circa 13 Music បានជម្រាបឯកឧត្តមឯកអគ្គរាជទូតថា នេះជាលើកទី១ ដែលក្រុមរបស់លោកបានមកសម្តែងក្នុងកម្មវិធីប្រគំតន្រ្តីនៅទីក្រុងសេអ៊ូល។
លោកបន្តថា ក្រោយការសម្តែងថ្ងៃនេះ ក្រុមហ៊ុនរបស់លោកនឹងបន្តកិច្ចសហការកាន់តែល្អជាមួយក្រុមហ៊ុនសិល្បៈកម្សាន្តរបស់កូរ៉េ ដើម្បីឱ្យលោក N’ John មានឱកាសសម្តែងកាន់តែច្រើននៅប្រទេសកូរ៉េ ដោយសាររូបលោកមានមហិច្ឆតាចង់ជំរុញប្រជាប្រិយភាពរបស់លោក N’ John ឱ្យកាន់តែល្បីល្បាញ ក្នុងទឹកដីនៃប្រទេសកូរ៉េ និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកឯកអគ្គរាជទូតបានសម្តែងនូវមោទកភាពដែលបានឃើញតារាចម្រៀងខ្មែរឡើងសម្តែងលើឆាកអន្តរជាតិ។ លោកសង្ឃឹមថាលោក N’ John នឹងអាចធ្វើការសហការជាមួយស្ថានទូត ក្នុងការចូលរួមសម្តែងក្នុងកម្មវិធីធំៗរបស់ស្ថានទូត ដើម្បីឱ្យបងប្អូនខ្មែរបានជួប និងទស្សនាការសម្តែងរបស់លោក។
លោកក៏បានជម្រាបលោក N’ John ថាឆ្នាំក្រោយជាឆ្នាំពិសេសនៃទំនាក់ទំនងការទូតគម្រប់ខួប ៣០ឆ្នាំ រវាងប្រទេសកម្ពុជា-កូរ៉េ លោកចង់ឱ្យមានការបង្ហាញអំពីសិល្បៈចម្រៀងរួមគ្នារវាងកម្ពុជា-កូរ៉េ ដែលបញ្ចូលនូវវប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីឱ្យបណ្តាអង្គទូត និងភ្ញៀវបរទេសបានទស្សនា និងស្គាល់កាន់តែច្រើនអំពីវប្បធម៌ដ៏សំបូរបែបរបស់ប្រទេសកម្ពុជា៕











