អ្នកសារព័ត៌មានកម្ពុជា ជិត១០០នាក់ ទទួលបានចំណេះដឹងបន្ថែមលើផ្នែកហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយបន្ដដល់សាធារណជន
29-05-2026 14:07
(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រុមហ៊ុន Credit Bureau Cambodia (CBC) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាពិភាក្សា ស្តីពី «ការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព»។
វេទិកានេះ ធ្វើឡើងដើម្បីលើកកម្ពស់ចំណេះដឹងបន្ថែម ដល់អ្នកសារព័ត៌មានលើផ្នែកហិរញ្ញវត្ថុ ជាពិសេសការប្រើប្រាស់សេវាឥណទាន ប្រកបដោយសុវត្ថិភាព និងធ្វើការផ្សព្វផ្សាយបន្ត ដល់សាធារណជនបានយល់ដឹង និងមានការសម្រេចចិត្តត្រឹមត្រូវ លើការប្រើប្រាស់ឥណទាន ប្រកបដោយការទទួលខុសត្រូវ ហានិភ័យកម្រិតទាប។
វេទិកាពិភាក្សានេះ មានការចូលរួមពី លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ស៊ីប៊ីស៊ី, លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការ ស៊ីប៊ីស៊ី, និងលោក ហេង កូយ នាយកមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ព្រមទាំងអ្នកសារព័ត៌មានចំនួន៨៦នាក់ មកពីស្ថាប័ន និងអង្គភាពផ្សេងៗគ្នាចំនួន៦៦។
លោក ពុយ គា បានថ្លែងថា ការយល់ដឹងពីរបៀបប្រើប្រាស់ឥណទាន ឬប្រាក់កម្ចីឱ្យបានត្រឹមត្រូវ និងសុវត្ថិភាព គឺជារឿងចាំបាច់បំផុត សម្រាប់ប្រជាពលរដ្ឋ ក្នុងយុគសម័យនេះ ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល និងដើម្បីយកទុនទាំងនោះ ទៅពង្រីកអាជីវកម្មពិតប្រាកដ។
លោក អឿ សុធារ័ត្ន បានលើកឡើងថា អ្នកសារព័ត៌មាន គឺដើរតួរនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដើម្បីបញ្ច្រៀបការយល់ដឹង លើការប្រើប្រាស់ឥណទាន ប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយសុវត្ថិភាព ជៀសវាងហានិភ័យ។
បន្ទាប់ពីទទួលបានចំណេះដឹងនេះ អ្នកសារព័ត៌មាន នឹងផ្សព្វផ្សាយបន្តដល់សាធារណជនបានយល់ដឹង និងមានការសម្រេចចិត្តត្រឹមត្រូវ លើការប្រើប្រាស់ឥណទានប្រកប ដោយការទទួលខុសត្រូវ ហានិភ័យកម្រិតទាប។ វេទិកានេះ មានវាគ្មិនជំនាញល្បីៗ មកពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុ បានចូលរួម។
គូសបញ្ជាក់ថា វេទិកាពិភាក្សា ស្តីពី «ការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព» ខាងលើនេះ ធ្វើឡើងក្នុងគោលបំណង៖
(១)៖ លើកកម្ពស់ការប្រើប្រាស់ឥណទាន ប្រកបដោយការទទួលខុសត្រូវ
(២)៖ បញ្ច្រៀបការយល់ដឹង អំពីហានិភ័យនៃកម្ចីក្រៅផ្លូវការ (កម្ចីអនឡាញ ឬកម្ចីក្រៅប្រព័ន្ឋ) ដើម្បីជួយ សាធារណជនធ្វើការសម្រេចចិត្ត ជាមួយព័ត៌មានគ្រប់ជ្រុងជ្រោយ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព៕
















