អភិបាលខេត្តបាត់ដំបង បង្ហាញទស្សនៈវិស័យរបស់រដ្ឋបាលខេត្ត ក្នុងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងដែលឆ្លាតវៃ ស្អាត និងមានពណ៌បៃតង
29-05-2026 14:14
(បាត់ដំបង)៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងបង្ហាញទស្សនៈវិស័យរបស់រដ្ឋបាលខេត្ត ក្នុងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងដែលឆ្លាតវៃ ស្អាត និងមានពណ៌បៃតង។
ការថ្លែងរបស់លោកបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដែលមានគោលបំណងបញ្ជ្រាបការយល់ដឹងអំពីខ្លឹមសាររួមនៃគោលនយោបាយនៅថ្នាក់ក្រោមជាតិ ព្រមទាំងជំរុញការអនុវត្តគោលនយោបាយ ដើម្បីលើកកម្ពស់ការផ្គត់ផ្គង់លំនៅឋានសង្គម លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ និងលំនៅឋានសមរម្យសម្រាប់ជួលនៅខេត្តបាត់ដំបង។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ហេង សាលពិសិដ្ឋ អគ្គនាយរង នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ផល វ៉ាន់ឌី នាយកប្រចាំប្រទេសនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា និងសមាជិកសមាជិកាជាច្រើនរូបផ្សេងទៀត។
ជាកិច្ចចាប់ផ្ដើម លោក ប្រាក់ អង្គារ៉ា បានលើកឡើងពីសារសំខាន់នៃលំនៅឋានដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរស់រានរបស់មនុស្សគ្រប់រូប ហើយប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យមានការអភិវឌ្ឍន៍យ៉ាងច្រើនគួរជាទីមោទនៈ។
ជាមួយគ្នានេះ លោក សុខ លូ បានថ្លែងអំណរគុណដល់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតែងតែគិតគូរជួយដោះស្រាយបញ្ហាសំណង់មិនរៀបរយ និងការរៀបចំទីប្រជុំជន។ លោក បានបញ្ជាក់ថា ក្រុងបាត់ដំបងមានផ្ទះមិនរៀបរយចំនួន ៣,៥១២ខ្នងផ្ទះ ដោយមិនទាន់រាប់បញ្ចូលប្រជាពលរដ្ឋរស់នៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ខណៈរដ្ឋបាលខេត្តបាននិងកំពុងខិតខំដោះស្រាយជាបន្តបន្ទាប់នូវបញ្ហាសំណង់មិនរៀបរយ ការរំដោះដីចំណីផ្លូវការសាងសង់ផ្លូវ ប្រព័ន្ធលូរំដោះទឹក ការរៀបចំផ្លូវដើរ ផ្លូវជិះកង់ និងការដាំដើឈើ ទាំងនៅក្នុងក្រុង និងនៅតាមទីប្រជុំជនស្រុក។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា «បន្ទាប់ពីប្រព័ន្ធលូរំដោះទឹកកខ្វក់នៅក្នុងក្រុងបាត់ដំបងបានបញ្ចប់ ការសាងសង់ផ្លូវចំនួន ២១ខ្សែក្រោមគម្រោងរបស់ ADB នឹងត្រូវសាងសង់ឡើងជាបន្តបន្ទាប់។ ចំណែកផ្លូវចំនួន ១៤ខ្សែ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល បាននិងកំពុងដំណើរការសាងសង់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ»។
ជាថ្មីម្ដងទៀត លោក សុខ លូ បានបង្ហាញពីទស្សនៈវិស័យរបស់រដ្ឋបាលខេត្ត ក្នុងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងដែលឆ្លាតវៃ ស្អាត បៃតង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរផងដែរ៕



































