ក្រសួងមុខងារសាធារណៈ កែសម្រួលគ្រូតាក់តែងវិញ្ញាសាម្នាក់ ដែលប្រព្រឹត្តខុសការណែនាំជុំវិញដំណើរការតាក់តែងវិញ្ញាសា

29-05-2026 14:18

(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃក្រសួងមុខងារសាធារណៈ បានសម្រេចកែសម្រួលគ្រូតាក់តែងវិញ្ញាសាម្នាក់ ដែលប្រព្រឹត្តខុសការណែនាំជុំវិញដំណើរការតាក់តែងវិញ្ញាសា។

យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការ ព្រំដែន សម័យប្រឡងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ សូមកត់សម្គាល់ជូនសាធារណជនមេត្តាជ្រាបថា៖

*ទី១៖ កាលពីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សមាសភាពគ្រូតាក់តែងវិញ្ញាសា មួយរូបដែលត្រូវ បានជ្រើសរើសសម្រាប់ការតាក់តែងវិញ្ញាសា បានធ្វើការបង្ហោះជាសាធារណៈលើ Story គណនី បណ្តាញសង្គមរបស់ខ្លួន ដែលបង្ហាញពីអត្តសញ្ញាណក្នុងការចូលរួមក្នុងអនុគណៈកម្មការតាក់តែង វិញ្ញាសាសម្រាប់ការប្រឡងប្រជែងវិញ្ញាសាសរសេរលើកទី១។

*ទី២៖ ក្រោយពីបានកត់សម្គាល់ករណីខាងលើ គណៈកម្មការរៀបចំការប្រឡង បានសម្រេចកែសម្រួល និងបំពេញបន្ថែមសមាសភាពគ្រូចេញវិញ្ញាសា ដើម្បីធានាថាដំណើរការនៃការរៀបចំវិញ្ញាសា អនុលោម តាមនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡង ដែលត្រូវធានាដាច់ខាតនូវការសម្ងាត់ និងសុក្រឹតភាពនៃ វិញ្ញាសា។

ផ្អែកលើបទពិសោធ នៃការរៀបចំដំណើរការប្រឡង៥៣លើកកន្លងមក គណៈកម្មការ នៅតែបន្តធានា ការអនុវត្តប្រកបដោយការយកចិត្តទុកដាក់ និងភាពប្រុងប្រយ័ត្នខ្ពស់លើគ្រប់ដំណាក់កាលដើម្បីឱ្យការប្រឡង ប្រជែងប្រព្រឹត្តទៅស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕