សមត្ថកិច្ចចុះទៅហាមឃាត់សិប្បកម្មផលិត ឥដ្ឋ និងក្បឿងនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបើករកស៊ីរំលោភកម្មសិទ្ធិបញ្ញា
29-05-2026 14:53
(កំពង់ធំ)៖ សិប្បកម្មផលិត ឥដ្ឋ និងក្បឿងមួយកន្លែង នៅភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចចុះពិនិត្យ និងបានរកឃើញថា ម្ចាស់សិប្បកម្មបានរំលោភបំពានកម្មសិទ្ធិបញ្ញា ដោយបានផលិតក្បឿង លួចចម្លងរាងរៅ គំនូរឧស្សាហកម្ម ដែលបានចុះបញ្ជីការពារគំនូរឧស្សាហកម្ម ដោយគ្មានសុំការអនុញ្ញាតពី ម្ចាស់សិទ្ធិស្របច្បាប់ ហើយសមត្ថកិច្ចបានសម្រេចឲ្យបញ្ឈប់សកម្មភាពផលិតលួចចម្លងនេះ។
ការចុះទប់ស្កាត់របស់សមត្ថកិច្ចនេះ បានធ្វើឡើងក្រោមការសម្របសម្រួលតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ និងក្រោយមានពាក្យបណ្តឹងរបស់ម្ចាស់កម្មសិទ្ធិឧស្សាហកម្មឈ្មោះ លី ឈួង តាមរយៈមេធាវីរបស់ខ្លួន ដែលបានដាក់ពាក្យបណ្តឹងទៅកាន់តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។
តាមបណ្តឹងរបស់លោកមេធាវី ង៉ែត ពេជ្រវីរៈបុត្រ បានឱ្យដឹងថា លោក ហែម ទុំ ជាម្ចាស់សិប្បកម្មផលិត ឥដ្ឋ និងក្បឿង និងបក្ខពួក ដែលមានអាសយដ្ឋានស្នាក់នៅភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានផលិតក្បឿង បានចម្លងគំនូរឧស្សាកម្មក្បឿងរបស់លោក លី ឈួង ដែលជាម្ចាស់កម្មសិទ្ធិបញ្ញាស្របច្បាប់ ទៅផលិតដោយមិនមានសុំអនុញ្ញាតឡើយ។
បណ្តឹងបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ លោក លី ឈួង ជាម្ចាស់សិទ្ធិស្នាដៃ នៃគំនូរឧស្សាហកម្ម (ក្បឿង) ដែលមានពាណិជ្ជនាម «KRock» បានធ្វើការចុះបញ្ជីការពារគំនូរឧស្សាហកម្ម (ក្បឿង) ដោយមានវិញ្ញាបនបត្រ ចុះបញ្ជីគំនូរឧស្សាហកម្ម (ក្បឿង) ត្រឹមត្រូវចេញដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម (ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍)។
បន្ទាប់ពីមានទទួលស្គាល់ជាម្ចាស់សិទ្ធិស្នាដៃ នៃគំនូរឧស្សាហកម្ម ក្បឿង KRock លោក លី ឈួង ដែលជាម្ចាស់កម្មសិទ្ធិបញ្ញា បានផលិតក្បឿងដែលជាស្នាដៃរបស់ខ្លួន ប្រកបដោយរាងរៅទាក់ទាញ និងគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ដើម្បីធ្វើអាជីវកម្មលក់ទូទាំង២៥ រាជធានី-ខេត្ត។
បន្ទាប់មកក្នុងអំឡុងដើមឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៦នេះ ការលក់ក្បឿងរបស់លោក មានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា ដោយបាត់បង់ចំណូលស្ទើរតែទាំងស្រុង ទើបលោកបានចាត់ឲ្យក្រុមការងារ ចុះស្រាវជ្រាវស្វែង រកមូលហេតុអំពីការធ្លាក់ចុះការលក់ផលិតផលនេះ ក៏បានដឹងថាឈ្មោះ ហែម ទុំ ជាម្ចាស់សិប្បកម្មផលិត ឥដ្ឋ និងក្បឿងនេះ បានលួចធ្វើពុម្ពក្បឿង និងផលិត ដែលមានរចនាម៉ូតគំនូរឧស្សាហកម្មដូច ក្បឿង KRock ១០០ ភាគរយ។
ឈ្មោះ ហែម ទុំ បានលួចផលិត ចាប់តាំងពីដើមឆ្នាំ២០២៥មក នៅទីតាំងឡឥដ្ឋរបស់ខ្លួនផ្ទាល់ ដើម្បីចែកចាយលក់បន្ត នៅក្នុងទឹកដីខេត្តកំពង់ធំ និងចែកចាយស្ទើរគ្រប់២៥ រាជធានី-ខេត្ត ដែលជាទង្វើរំលោភបំពាន គំនូរឧស្សាហកម្មមិនមានសុំការអនុញ្ញាតពីម្ចាស់សិទ្ធិស្របច្បាប់ និងផលិតលក់ចែកចាយ អស់រយៈពេល១ឆ្នាំជាងមកហើយ។
យ៉ាងណាក៏ដោយសមត្ថកិច្ចបានចុះណែនាំឲ្យបញ្ឈប់ការផលិតនេះ ហើយសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន ទុកជាភស្តុតាង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះម្ចាស់ដើម នៃផលិតផលក្បឿង KRock សូមអំពាវនាវឲ្យអ្នកដែលលួចចម្លងគំនូរឧស្សាហកម្ម របស់ក្បឿង KRock ត្រូវបញ្ឈប់ជាបន្ទាន់ ចៀសវាងការប្រឈមផ្លូវច្បាប់៕
















