អាជ្ញាធរជាតិអប្សរា និងស្ថាប័នធានាគុណភាពជប៉ុន JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ប្រចាំឆ្នាំ២០២៦ និងប្រគល់រង្វាន់ដល់សិស្សឆ្នើម

29-05-2026 15:18

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងស្ថាប័នធានាគុណភាពជប៉ុន JQA រួមជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានបិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ប្រចាំឆ្នាំ២០២៦ និងបានប្រគល់រង្វាន់លើកទឹកចិត្តដល់ក្រុមសិស្សឆ្នើម មកពីសាលាបឋមសិក្សាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរមានសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាគោកគ្រើល និងសាលាបឋមសិក្សាត្រពាំងស្វាយ បន្ទាប់ពីដំណើរការកម្មវិធីអប់រំបរិស្ថាន អស់រយៈពេល៦ខែកន្លងមក (២៨.១១.២០២៥-២៨.៥.២០២៦) ដោយប្អូនៗ ក្មួយៗសិស្សានុសិស្ស បានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ អនុវត្តកម្មវិធីបំណិនជីវិតមូលដ្ឋានពាក់ព័ន្ធ និងការងារបរិស្ថានបានល្អប្រសើរ។

ពិធីបិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ រៀបចំឡើងនៅបរិវេណសាលាបឋមសិក្សាដូនឪ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក សុខ លក្ខិណា អ្នកតំណាងអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា លោកស្រី Morishima តំណាងស្ថាប័នធានាគុណភាពជប៉ុន JQA លោក ណាំង សុខខឿន ប្រធានស្តីទី ការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង៤០០នាក់។

លោក សុខ លក្ខិណា បានថ្លែងថា កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ បានអនុវត្តនៅសាលាបឋមសិក្សាទាំង៣ យ៉ាងតិច៦ខែក្នុងមួយឆ្នាំ ដោយចាប់ផ្តើមពីខែវិច្ឆិកា រហូតដល់ខែឧសភា ក្នុងឆ្នាំនីមួយៗ។ កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយបានអប់រំកុមាររាប់រយនាក់ក្នុងមួយឆ្នាំៗ ឱ្យយល់ដឹងពីផលប៉ះពាល់បរិស្ថាន ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មិនត្រូវបោះចោលសំរាមនៅតាមទីសាធារណៈ និងការកែច្នៃប្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញជាដើម។

លោកស្រី Morishima តំណាងស្ថាប័នធានាគុណភាពជប៉ុន JQA បានថ្លែងថា ស្ថាប័នធានាគុណភាពជប៉ុន JQA ពិតជាមានសេចក្តីរីករាយ ដែលបានចូលរួមចំណែក ផ្តល់ការអប់រំដល់កុមារៗ នៅតាមសាលារៀន ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក បានយល់ដឹងពីការការពារថែរក្សាបរិស្ថាន។

ជាមួយគ្នានេះ ស្ថាប័នធានាគុណភាពជប៉ុន JQA នៅតែបន្តការចូលរួមជាមួយអាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធ ក្នុងសកម្មភាពអប់រំបរិស្ថាន ជាមួយសាលាបឋមសិក្សាទាំង៣នេះ ដើម្បីបណ្តុះគំនិតកុមារ ឱ្យមានបំណិនជីវិតមូលដ្ឋាន យល់ដឹង ចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ និងធម្មជាតិ ដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរមនា រវាងបរិស្ថានស្អាត និងសង្គមវប្បធម៌៕

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ