អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវសប្បុរសជនចូលរួមជាមួយរដ្ឋបាលខេត្ត ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់ជួយកុមារកម្ពុជា

29-05-2026 15:46

(បន្ទាយមានជ័យ​)៖ លោក អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ បានអំពាវនាវដល់ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​​ អាជីវករ​ ពាណិជ្ជករ​ សប្បុរសជន​ ចូលរួមជាមួយរដ្ឋបាលខេត្តក្នុងយុទ្ធនាការ​ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីរៃអង្គាសថវិកាជួយដល់ កុមារ​កម្ពុជា​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

ការអំពាវនាវនេះធ្វេីឡេីងនៅឱកាសលោក ដឹកនាំកិច្ចប្រជុំ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ដោយមានការអញ្ជើញចូលរួមពី​ ស្ថាប័នអយ្យការអមសាលាដំបូង​ មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់ គណៈអភិបាលរង​ខេត្ត មន្ទីរ​ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត​ អភិបាលក្រុង-ស្រុក​ នៅព្រឹកថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២៦​នេះ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ​ នឹងមានការរៀបចំនូវព្រឹត្តិការណ៍ជិះកង់ដើម្បីរៃអង្គាសថវិកា​ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ដោយជិះជុំវិញក្រុងសិរីសោភ័ណ​ ដើម្បីកៀគរថវិកាចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ សម្រាប់កុមារកម្ពុជា រយៈពេល១ខែពេញ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។​

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិ គន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការអំពាវនាវឲ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ទៅតាមលទ្ធភាព​ ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាសនៃទិវាកុមារអន្តរជាតិ ១មិថុនា៕