អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ កម្ពុជាបានចុះបញ្ជីម៉ាក សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលចំនួន១២មុខ (Video inside)

29-05-2026 16:21

(ភ្នំពេញ)៖ លោក ប៉ែន សុជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលចំនួន១២មុខ ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរ លើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៉ែន សុជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី តើកម្ពុជាឈរលើគោលការណ៍អ្វីខ្លះ ដើម្បីឲ្យផលិតផលជាតិមានស្ថិរភាព? ដែលរៀបចំធ្វើឡើង នៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

លោក ប៉ែន សុជាតិ បានបញ្ជាក់ថា ផលិតផលទាំង១២មុខនេះ រួមមាន៖ ១) ម្រេចកំពត ២) ស្ករត្នោតកំពង់ស្ពឺ ៣) ឃ្មុំព្រៃមណ្ឌលគិរី ៤) ក្រូចថ្លុងកោះទ្រុង ៥) ទឹកត្រីកំពតកែប ៦) អំបិលកំពតកែប ៧) បង្កងតាកែវ ៨) ប្រហុកសៀមរាប ៩) ស្វាយចន្ទីកំពង់ធំ ១០) ស្វាយឧត្តរមានជ័យ ១១) ក្តាមថ្មកោះកុង និង ១២) សូត្រមាសភ្នំស្រុក។

បើតាមលោក ប៉ែន សុជាតិ, តាមរយៈការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ នឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗ រួមមាន៖

* ការការពារផ្លូវច្បាប់៖ ទប់ស្កាត់ការក្លែងបន្លំ និងធានាប្រើប្រាស់ឈ្មោះផលិតផលត្រឹមត្រូវតាមតំបន់ភូមិសាស្ត្រ
* ថែរក្សាវប្បធម៌ និងប្រពៃណី៖ រក្សាទុកចំណេះដឹង និងវិធីសាស្ត្រផលិតតាមសហគមន៍
* លើកកម្ពស់ទេសចរណ៍ និងបរិស្ថាន៖ ជំរុញទេសចរណ៍តាមតំបន់ផលិត និងគាំពារការផលិតស្របតាមបរិស្ថានធម្មជាតិ
* ការបង្កើនតម្លៃទីផ្សារ និងនាំចេញ៖ បង្កើនតម្លៃផលិតផល និងពង្រីកសក្តានុពលប្រកួតប្រជែងលើទីផ្សារអន្តរជាតិ
* បង្កើនសក្តានុពលចុះបញ្ជីអន្តរជាតិ៖ ជួយបើកផ្លូវសម្រាប់ការទទួលស្គាល់ GI នៅក្រៅប្រទេស និងការពារផលិតផលខ្មែរ នៅលើទីផ្សារសកល។

លោក ប៉ែន សុជាតិ បានលើកឡើងថា តាមរយៈផលិតផលទំនិញទាំង១២មុខនេះ បានជួយផ្ដល់កេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្ដរជាតិ និងមានគេទទួលស្គាល់ ព្រមទាំងមានប្រព័ន្ធត្រួតពិនិត្យគុណភាពត្រឹមត្រូវ៕