ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

29-05-2026 16:29

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន (ក.រ.ម) នៃទីស្តីការគណៈរដ្ឋមន្រ្តី បានរៀបចំកិច្ចប្រជុំផ្សព្វ​ផ្សាយ​របាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាពលោក សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន​ ក.រ.ម ដោយមានការចូលរួមកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ពីអភិបាលរងរាជធានី ខេត្ត អភិបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ដឹកនាំ មន្ត្រីនៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រមាណជាង១ ០០០នាក់។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងចំនួន ៣ គឺ ១-ផ្សព្វផ្សាយរបាយការណ៍ចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន, ២-ពិភាក្សានិងប្រមូលធាតុចូលអំពី​បញ្ហាប្រឈមក្នុងការអនុវត្តការងាររបស់លេខាធិការដ្ឋាន និង៣-ពង្រឹង​ទំនាក់ទំនង និងកិច្ចសហការរវាងលេខាធិការដ្ឋាន ក.រ.ម និងលេខាធិការដ្ឋានក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត។

ក្នុងឱកាសនោះដែរ ក្នុងនាមលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី អស់លោក ជាថ្នាក់ដឹកនាំនៃរដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក​ ខណ្ឌ ក្នុងកិច្ចសម្របសម្រួលគាំទ្រសកម្មភាពចុះមូលដ្ឋាន និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីនៃលេខាធិការដ្ឋានក្រុមការងារចុះមូលដ្ឋានគ្រប់ថ្នាក់ ក្នុងការបំពេញតួនាទីជាសេនាធិការ​ជូនប្រធានក្រុមការងារចុះមូលដ្ឋានរបស់ខ្លួន ប្រកប​ដោយ​ការទទួលខុសត្រូវ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។

ទេសរដ្ឋមន្ត្រីបានរំលឹកជូនអង្គប្រជុំអំពីតួនាទីរបស់ក្រុមការងារ និងលេខាធិការដ្ឋានក្រុមការងារចុះ​មូលដ្ឋាន ព្រមទាំងគូសបញ្ជាក់អំពីយន្តការក្រុមការងារនេះ មិនមែន​ជាការបង្កើត​ឱ្យមានរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងចាត់ចែងការងារជំនួសរចនាសម្ព័ន្ធ និងប្រព័ន្ធការងាររបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណត់ដោយច្បាប់នោះឡើយ។ ពោលគឺក្រុមការងារមានតួនាទីជួយតម្រង់ទិស ការលើកកម្ពស់សមត្ថភាពស្ថាប័ន និងធនធានមនុស្ស​នៅមូលដ្ឋាន សំដៅជំរុញការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។

អង្គប្រជុំក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធននានាជុំវិញ​ការអនុវត្តការងាររបស់លេខាធិការដ្ឋាន និងការរៀបចំរបាយការណ៍បូកសរុបលទ្ធផល ការងារចុះមូលដ្ឋានរបស់រាជធានី ខេត្តនាពេលកន្លងមក។ ទន្ទឹមនេះ លេខាធិការដ្ឋាន ក.រ.ម នឹងពិនិត្យមើលឡើងវិញនូវទម្រង់របាយការណ៍ដែលបានណែនាំកន្លងទៅ ព្រមទាំងគិតគូររៀបចំឱ្យមានជាប្រព័ន្ធមួយដែលមានលក្ខណៈសាមញ្ញ ដើម្បីអាចជួយសម្រួលដល់ការរៀបចំនិងបូកសរុបរបាយការណ៍ផងដែរ៕