លោកបណ្ឌិត គី សេរីវឌ្ឍន៍ ជំរុញឲ្យកសិករ និងរោងចក្រសហការគ្នា ទប់ស្កាត់ការកេងចំណេញពីឈ្មួញកណ្ដាល (Video inside)
29-05-2026 16:32
(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានជំរុញឲ្យកសិករ និងម្ចាស់រោងចក្រកែច្នៃក្នុងស្រុក បង្កើនកិច្ចសហការគ្នា ដើម្បីទប់ស្កាត់ការកេងចំណេញ និងការក្រឡុកទីផ្សារពីសំណាក់ឈ្មួញកណ្ដាល ដែលអាចប៉ះពាល់ដល់ស្ថិរភាពផលិតផលជាតិ។
ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលរាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្ដីពី «តើកម្ពុជាឈរលើគោលការណ៍អ្វីខ្លះ ដើម្បីឲ្យផលិតផលជាតិមានស្ថិរភាព?»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ថ្លែងយ៉ាងដូច្នេះថា «បើអត់រួមគ្នាទេ នៅតែធ្វើឲ្យឈ្មួញក្រឡុកទីផ្សារចឹងបានទៀត អានេះគឺកសិករយើង ផលិតផលក្នុងស្រុកយើងនៅតែមិនអាចទៅរួច ចឹងយើងមានទាំងការគួបផ្សំគ្នានៃអាជ្ញាធរពាក់ព័ន្ធទាំងអស់តាមតំបន់ព្រំដែន ក៏ដូចជាក្រសួងពាក់ព័ន្ធ»៕
បើតាមការពន្យល់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍, ឈ្មួញនៅតាមព្រំដែនមានយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងទីផ្សារ ដោយពេលខ្លះទិញផលិតផលកសិកម្មពីកម្ពុជាក្នុងតម្លៃខ្ពស់ ដើម្បីទាក់ទាញឲ្យកសិករលក់ផលិតផលចេញក្រៅប្រទេសទាំងអស់ ដែលធ្វើឲ្យរោងចក្រកែច្នៃក្នុងស្រុកខ្វះវត្ថុធាតុដើម និងអាចបង្ខំឲ្យផ្អាក ឬបិទដំណើរការនាពេលក្រោយ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឧទាហរណ៍លើវិស័យគ្រាប់ស្វាយចន្ទី ដោយបញ្ជាក់ថា នៅពេលឈ្មួញបរទេសទិញចន្ទីក្នុងតម្លៃខ្ពស់ កសិករភាគច្រើននាំគ្នាលក់ទៅឲ្យឈ្មួញជិតខាង ជាពិសេសឈ្មួញវៀតណាម។ បញ្ហានេះធ្វើឲ្យរោងចក្រកែច្នៃក្នុងស្រុកខ្វះចន្ទីសម្រាប់ផលិតកម្ម ហើយប្រសិនបើស្ថានភាពនេះបន្តយូរ រោងចក្រអាចត្រូវបិទទ្វារ។ បន្ទាប់មក ឈ្មួញអាចបន្ថយតម្លៃទិញវិញ ដែលធ្វើឲ្យកសិករខាតបង់។
លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ប្រសិនបើកសិករ និងអ្នកកែច្នៃមិនរួមសហការគ្នាទេ នោះឈ្មួញកណ្ដាលនឹងនៅតែអាចក្រឡុកទីផ្សារ និងប៉ះពាល់ដល់ផលិតផលក្នុងស្រុកបានដដែល។ លោកក៏បានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធនៅតាមតំបន់ព្រំដែន និងក្រសួងជំនាញ បង្កើនការសម្របសម្រួល និងការងាររួមគ្នា ដើម្បីការពារផលប្រយោជន៍ជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ គាំទ្រការរក្សាបរិយាកាសប្រកួតប្រជែងលើទីផ្សារ ប៉ុន្តែបានបញ្ជាក់ថា ចំណុចសំខាន់មិនមែនស្ថិតនៅលើ «តម្លៃខ្ពស់» នោះទេ ប៉ុន្តែស្ថិតនៅលើ «ផលចំណេញ» របស់កសិករ និងអ្នកផលិត។ លោកថា កម្ពុជាត្រូវខិតខំកាត់បន្ថយថ្លៃដើមផលិតកម្ម ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយទីផ្សារក្រៅប្រទេស៕




