អគ្គិភ័យបំផ្លាញអគារ និងសម្ភារមួយចំនួនធំនៅរោងចក្រផលិតសម្ភារបរិក្ខារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង២ ក្រុងបាវិត
29-05-2026 16:36
(ស្វាយរៀង)៖ មានករណីអគ្គិភ័យឆាបឆេះរោងចក្រផលិតសម្ភារបរិក្ខារ សម្រាប់ផ្គត់ផ្គង់ឲ្យរោងចក្រយាន (គ្រឿងបំណែកសម្ភារបរិក្ខារទោចក្រយាន ទឹកថ្នាំ បោះពុម្ពតែម និងសម្ភារវេចខ្ចប់) ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បណ្ដាលឲ្យឆេះអគារទាំងស្រុង និងខូចខាតសម្ភារមួយចំនួនធំ នាព្រឹកនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង២ ដែលមានរោងចក្រឈ្មោះ យីងហាយខូតធីង (ខេមបូឌា) ឯ.ក។
ករណីអគ្គិភ័យឆាបឆេះបណ្តាលឲ្យមានការខូចខាតចំនួន១អគារ ដែលមានទំហំ ៥០ម៉ែត្រ គុណ៨០ម៉ែត្រ ធ្វើអំពីដែកជញ្ជាំង និងដំបូលប្រក់ស័ង្កសី និងខូចខាតទ្រព្យសម្បត្តិមួយចំនួនមានដូចជា៖ ធុងសាំងក្រអូបមួយចំនួនធំ និងទឹកថ្នាំងបោះពុម្ពតែម និងសម្ភារវេចខ្ចប់អស់ទាំងស្រុង។
ក្នុងនោះក៏មានមនុស្សម្នាក់រងរបួសឈ្មោះ សុខ សៀត អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សម្រាកព្យាបាលបាលនៅមន្ទីរពេទ្យបង្អែកជីភូ។ ខណៈមូលហេតុបណ្ដាលមកពី ឆ្លងចរន្តម៉ូទ័រកូថ្នាំ។
ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងបាវិត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៧ឡាន, រថយន្តស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន, រថយន្តអធិការដ្ឋាននគរបាលក្រុងខេត្តស្វាយរៀង ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន, រថយន្តកងរាជអាវុធហត្ថក្រុងបាវិត ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡាន, រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកស្វាយទាប ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន, រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន, រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុករំដួល ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន, រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន និងរថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនតាយសេង១ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន៕











