សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក Alan Peter Cayetano ដែលជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាហ្វីលីពីន (Video insdie)
29-05-2026 16:48
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារចូលរួមអបអរសាទរយ៉ាងកក់ក្ដៅជូនលោក Alan Peter Cayetano ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន កាលពីពេលថ្មីៗនេះ។
ក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបរាប់យ៉ាងដូច្នេះថា៖
«ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងការអបអរសាទរ យ៉ាងកក់ក្តៅបំផុតជូន ឯកឧត្តម ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាន ព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន នាពេលថ្មីៗនេះ។
ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់ ឯកឧត្តម ព្រឹទ្ធសភាហ្វីលីពីន នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជាតិ វឌ្ឍនភាពប្រជាធិបតេយ្យ និងសុខុមាលភាពរបស់ប្រជាជនហ្វីលីពីន។ កម្ពុជា និងហ្វីលីពីន បន្តមានទំនាក់ទំនងល្អ ប្រកបដោយ ផ្លែផ្កាលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងបំណងប្រាថ្នារួមគ្នា ដើម្បីសន្តិភាព និងវិបុលភាព ដែលជាចំណងទាក់ទងមួយដែលខ្ញុំប្រាកដណាស់ថា នឹងបន្តរីកចម្រើនកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត។
ដោយទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ាន ខ្ញុំមានទំនុកចិត្តថា ភាពជាដៃគូរបស់យើងទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី នឹងបន្តរួមចំណែកយ៉ាងមានអត្ថន័យ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍របស់គ្រួសារអាស៊ាន និងដើម្បីសម្រេចបាននូវចក្ខុវិស័យរួមគ្នាន សាមគ្គីភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសន្តិភាពយូរអង្វែងក្នុងតំបន់។
ក្នុងស្មារតីនេះ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីររបស់យើង តាមរយៈការបន្តកិច្ចសន្ទនា ការផ្លាស់ប្ដូរ ទស្សនកិច្ច និងការបង្កើនទំនាក់ទំនងអន្តរសភា ដើម្បីប្រយោជន៍រួមនៃប្រជាជនយើងទាំងពីរ។ សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យលើរាល់កិច្ចខំប្រឹងប្រែងទាំងអស់របស់ឯកឧត្តម»៕






