ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពលោក ជួន សុកាន់ណារិទ្ធ រដ្ឋលេខាធិការក្រសួង
29-05-2026 16:53
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ពិតជាមានសេចក្តីរន្ធត់ចិត្តឥតឧបមា និងសោកស្ដាយជាទីបំផុត បន្ទាប់ពីបានទទួលដំណឹងដ៏សែនក្រៀមក្រំបំផុតអំពីមរណភាពរបស់ លោក ជួន សុកាន់ណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៥:៤៣នាទីល្ងាច ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់លោក ជួន សុកាន់ណារិទ្ធ គឺជាការបាត់បង់ស្វាមី ឪពុក និងឪពុកក្មេក ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារ ដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ និងទឹកចិត្តសណ្តោសប្រណីមិនចេះរីងស្ងួត និងជាការបាត់បង់ថ្នាក់ដឹកនាំមួយរូបរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញបេសកកម្មបម្រើសង្គមជាតិនិងការអភិវឌ្ឍស្ថាប័ននាពេលកន្លងមក។
ក្នុងអំឡុងពេលប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមចូលរួមរំលែកមរណទុក្ខដោយសេចក្តីសង្វេគ និងអាឡោះអាល័យជាទីបំផុតជាមួយ ក្រុមគ្រួសារ និងសាច់ញាតិទាំងអស់ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ជួន សុកាន់ណារិទ្ធ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕










