ដកហូតអាជ្ញាបណ្ណកាស៊ីណូមួយទៀត នៅក្រុងព្រះសីហនុ ដែលជាប់ពាក់ព័ន្ធសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

29-05-2026 17:13

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ដា ជីន កាង កាស៊ីណូ & ហួវេល លេខ ២៨០ គ.ល.ក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលបានផ្តល់ជូនក្រុមហ៊ុន ដា ជីន កាង ហូថេល & វីហ្សត ឯ.ក ស្ថិតនៅផ្លូវ២៨មិថុនា កែងផ្លូវ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០៤២ .គ.ល.ក.សសរ ចុះថ្ងៃទី២៥ ខែឧសសភា ឆ្នាំ២០២៦ ដោយសារកាស៊ីណូនេះ មានជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្ត សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦, ដោយមានការសម្របសម្រួល នីតិវិធីពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. បានចូលរួមជាមួយគណៈ-បញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុ និង អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងកាស៊ីណូ ដា ជីន កាង កាស៊ីណូ & ហូថេល ដែលស្ថិតនៅផ្លូវ២៨មិថុនា កែងផ្លូវ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។ ក្នុងអំឡុងពេលប្រតិបត្តិការនេះ, កម្លាំងមានសមត្ថកិច្ចបានដកហូតវត្ថុតាង នានា ជាអាទិ៍៖ កុំព្យូទ័រ ចំនួន ៥៥៥ គ្រឿង និងទូរស័ព្ទដៃចំនួន ២៩៥ គ្រឿង ដែលត្រូវបានពិនិត្យឃើញ ជាឧបករណ៍បម្រើឱ្យសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ចំណាត់ការរបស់ គ.ល.ក. នៅក្នុងការដកហូតអាជ្ញាបណ្ណភាស៊ីណូ ដា ជីន កាង កាស៊ីណូ & ហូថេល របស់ ក្រុមហ៊ុន ដា ជីន កាង ហូថេល & វីហ្សត ឯ.ក ត្រូវបានធ្វើឡើងដោយផ្អែកលើលទ្ធផល នៃ ប្រតិបត្តិការ ខាងលើ និង យោងតាមច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

បន្ថែមពីនេះ, គ.ល.ក. បានសហការផ្តល់ ព័ត៌មានអ្នកឈរឈ្មោះអាជ្ញាបណ្ណ និងម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុនកាស៊ីណូនេះ ជូនដល់អង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជា, ក្រសួង ឬ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី, ស្ថាប័នអយ្យការ និងសាលា ជម្រះក្តី ដើម្បីអនុវត្តនីតិវិធីឃាត់ទុកគណនីធនាគារ និងអចលនទ្រព្យដែលជាទីតាំងកាស៊ីណូ ស្របតាមច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាធរមាន៕