សាកលវិទ្យាល័យជាតិមានជ័យ និងសាលាវិជ្ជាជីវៈឡាយអ៊ូ ចុះអនុស្សរណៈពង្រឹងកិច្ចសហការបណ្តុះបណ្តាលធនធានមនុស្ស កម្ពុជា-ចិន
29-05-2026 18:04
(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង សាកលវិទ្យាល័យជាតិមានជ័យ និង សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសឡាយអ៊ូ បានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅរាជធានីភ្នំពេញ ក្រោមបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្មារតីមិត្តភាព កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញារួមគ្នាក្នុងការលើកកម្ពស់វិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សរវាងកម្ពុជា និងចិន ក្រោមកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។
ពិធីនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រីពាក់ព័ន្ធ មកពីភាគីទាំងពីរ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងទំនាក់ទំនងអប់រំ និងការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ រវាងគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ បានមានប្រសាសន៍ រំលេចអំពីប្រវត្តិនៃការបង្កើត បេសកកម្ម និងចក្ខុវិស័យរបស់សាកលវិទ្យាល័យ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សីលធម៌ និងសមត្ថភាពវិជ្ជាជីវៈ ស្របតាមតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តមក៏បានរំលឹកផងដែរថា សាកលវិទ្យាល័យជាតិមានជ័យបានចាប់ផ្តើមបណ្តុះបណ្តាលភាសាចិន កម្រិតបរិញ្ញាបត្រតាំងពីឆ្នាំ២០១២មក ដែលបានបង្កើតឱកាសដល់និស្សិតកម្ពុជាជាច្រើនក្នុងការសិក្សាភាសា វប្បធម៌ និងការតភ្ជាប់ឱកាសការងារជាមួយសហគ្រាស និងស្ថាប័នចិន។ កម្មវិធីសិក្សានេះក៏បានក្លាយជាស្ពានមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងយុវជននៃប្រទេសទាំងពីរផងដែរ។
ជាមួយគ្នានេះ លោក Xu Yunguo បានបង្ហាញនូវការកោតសរសើរចំពោះការរីកចម្រើនរបស់សាកលវិទ្យាល័យជាតិមានជ័យ និងបានបញ្ជាក់ពីឆន្ទៈមុតមាំរបស់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសឡាយអ៊ូ ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា។ លោកបានគូសបញ្ជាក់ថា កិច្ចសហការនេះនឹងផ្តោតសំខាន់លើ ការបណ្តុះបណ្តាលឯកទេសក្នុងវិស័យកសិ-ឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា ការផ្លាស់ប្តូរគ្រូបង្រៀន និងនិស្សិត ព្រមទាំងការបណ្តុះបណ្តាលលើគ្រឿងយន្តកសិកម្ម ដើម្បីជួយពង្រឹងសមត្ថភាពជំនាញបច្ចេកទេស និងការផលិតសម័យទំនើបនៅកម្ពុជា។
លោកក៏បានបង្ហាញក្តីជឿជាក់ថា តាមរយៈកិច្ចសហការនេះ នឹងអាចបង្កើតបាននូវកម្មវិធីបណ្តុះបណ្តាលដែលមានភាពជាក់ស្តែង និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍វិស័យកសិកម្ម និងឧស្សាហកម្មក្នុងយុគសម័យបច្ចេកវិទ្យា។
ភាគីទាំងពីរបានឯកភាពថា ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់នេះ នឹងត្រូវយកទៅរៀបចំជា កិច្ចព្រមព្រៀងប្រតិបត្តិការជាក់លាក់ និងឆ្លងតាមឋានានុក្រមរដ្ឋបាលរៀងៗខ្លួន ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ កិច្ចសហការនេះត្រូវបានរំពឹងថា នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យមានទាំងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារការងារក្នុងតំបន់ និងអន្តរជាតិ។
ដោយមានលោកបណ្ឌិត ជា មុនីឫទ្ធិ ជាអ្នកសម្របសម្រួល ពិធីចុះអនុស្សរណៈនេះ ក៏បានឆ្លុះបញ្ចាំងពី ការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ជាពិសេសលើវិស័យអប់រំ បច្ចេកវិទ្យា និងការអភិវឌ្ឍមូលធនមនុស្ស ស្របតាមចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនប្រកបដោយគុណភាព និងអនាគតរួម៕
វិទ្យុមិត្តភាពកម្ពុជាចិន











