សមិទ្ធផលជាតិ និងការគិតគូរខ្ពស់ពីជីវភាព ជំរុញឱ្យពលរដ្ឋស្រុកប្រាសាទបល្ល័ង្កជិត ៧ពាន់នាក់ ចូលជាសមាជិកបក្សប្រជាជនកម្ពុជា (Video inside)
29-05-2026 18:04
(កំពង់ធំ)៖ ការតម្កល់ជាចម្បងចំពោះការដឹកនាំកសាងជាតិឱ្យរីកចម្រើន ហើយផ្តល់អាទិភាពចំពោះជីវភាពរបស់ប្រជាពលរដ្ឋ បានធ្វើឱ្យប្រជាពលរដ្ឋពេញចិត្ត និងផ្តល់ការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា។ ការគាំទ្រមិនត្រឹមតាមរយៈការទម្លាក់សន្លឹកឆ្នោតឱ្យដឹងនាំប្រទេសជាតិប៉ុណ្ណោះទេ តែក៏បានស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពជាមួយបក្ស ដើម្បីបានរួមចំណែកក្នុងកិច្ចកសាងជាតិថែមទៀតផង។
ជាក់ស្តែងនៅព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំជិត៧ពាន់នាក់ បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់បក្សកំពុងកាន់អំណាចនេះ ត្រូវបានធ្វើឡើងយ៉ាងមហោឡារិក ក្រោមអធិបតីភាពលោកអ្នកឧកញ៉ា ទ្រី ភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារបក្សថ្នាក់ជាតិ និងនៅមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក។
នៅចំពោះមុខសមាជិកបក្សដែលបញ្ចូលថ្មី ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោកអ្នកឧកញ៉ា ទ្រី ភាព បានថ្លែងស្វាគមន៍ប្រកបដោយភាពកក់ក្តៅបំផុតចំពោះសមាជិកបក្ស ដែលបានផ្តល់ការជឿទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ហើយចូលរួមជីវភាពនយោបាយជាមួយបក្ស ដើម្បីប្រកៀកស្មាគ្នារួមចំណែកកសាងសង្គមកម្ពុជា។
លោកអ្នកឧកញ៉ា ទ្រី ភាព ចាត់ទុកការចូលរួមជីវភាពនយោបាយរបស់ប្រជាពលរដ្ឋស្រុកប្រាសាទបល្ល័ង្កនាពេលនេះ បង្ហាញឱ្យឃើញច្បាស់នូវការជឿទុកចិត្តដ៏មុតមាំបំផុតចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបានដឹកនាំរំដោះអាយុជីវិតប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ប៉ុលពត បញ្ចប់ភ្លើងសង្គ្រាមផ្ទៃក្នុង និងកសាងប្រទេសចេញពីសំណល់ផេះនៃភ្លើងសង្គ្រាមឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
ដើម្បីតបស្នងនូវការជឿទុកចិត្តរបស់ប្រជាពលរដ្ឋស្រុកប្រាសាទបល្ល័ង្កលើគណបក្សប្រជាជនកម្ពុជា លោកអ្នកឧកញ៉ា ទ្រី ភាព ក្នុងនាមជាប្រធានគណៈពង្រឹងការងារនៅស្រុកប្រាសាទបល្ល័ង្ក ប្តេជ្ញាឆ្លើយតបនូវតម្រូវការនានារបស់ប្រជាពលរដ្ឋនៅស្រុកប្រាសាទបល្ល័ង្ក និងប្រឹងប្រែងកសាងនូវសមិទ្ធផលទាំងឡាយជាឧត្តមប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃ។
តំណាងសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលមានយុវជនទើបគ្រប់អាយុបោះឆ្នោតដែរនោះ បានឡើងប្តេជ្ញារក្សាការពាររាល់សមិទ្ធផលឡាយដែលបានកសាងដោយរាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ ប្តេជ្ញាគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅគ្រប់អាណត្តិ ហើយដើរតាមមាគ៌ា និងគោលនយោបាយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុជាតិ និងកសាង ការពារជាតិមាតុភូមិ ព្រមទាំងចូលរួមបម្រើប្រជាជននៅមូលដ្ឋានឱ្យបានល្អប្រសើរ។
គណបក្សប្រជាជនកម្ពុជា បានក្លាយជាគណបក្សនយោបាយមានរចនាសម្ព័ន្ធដឹកនាំរឹងមាំបំផុតនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយទទួលបានការគាំទ្រខ្លាំងក្លាពីប្រជាពលរដ្ឋឱ្យដឹកនាំប្រទេសជាតិ ព្រោះតែការជឿជាក់លើសមត្ថភាពដឹកនាំ ហើយរំលេចឱ្យឃើញនូវសមិទ្ធផលជាច្រើននាពេលបច្ចុប្បន្ន។
ឈរលើមូលហេតុនៃជំនឿចិត្តលើការដឹកនាំ ការគិតគូរលើសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសមិទ្ធផលជាតិជាច្រើន ដែលគណបក្សប្រជាជនកម្ពុជានាំមកជូនជាតិ និងប្រជាជននេះហើយ ទើបជំរុញឱ្យប្រជាពលរដ្ឋស្រុកប្រាសាទបល្ល័ង្កក្នុងចំនួនដ៏ច្រើនសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ក្រៅពីផ្អែកលើហេតុផលស្នាដៃ និងសមិទ្ធផលកើតចេញពីការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាហើយនោះ ការយកចិត្តទុកដាក់ក្នុងកិច្ចអភិវឌ្ឍនៅមូលដ្ឋាន និងការយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋពីសំណាក់ក្រុមការងារគណៈពង្រឹងមូលដ្ឋាន ក៏ជាចំណែកជំរុញឱ្យពលរដ្ឋនៅស្រុកប្រាសាទបល្ល័ង្កស្ម័គ្រចិត្តចូលរួមសកម្មភាពជាមួយគណបក្សប្រជាជនដែរ។
យុវតី កុក ស្រីស្រស់ បានលើកឡើងថា ក្រោយពីបក្សប្រជាជនកម្ពុជា តែងតាំងជាប្រធានគណៈពង្រឹងការងារនៅស្រុកប្រាសាទបល្ល័ង្ក លោកអ្នកឧកញ៉ា ទ្រី ភាព បានចូលរួមកសាងសមិទ្ធផលបន្តបន្ទាប់ក្នុងឃុំ។ សកម្មភាពរបស់លោកអ្នកឧកញ៉ា ក៏ជាហេតុជំរុញឱ្យកញ្ញាពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជាដែរ។
ក្នុងឋានៈជាប្រធានគណៈពង្រឹងការងារនៅស្រុកប្រាសាទបល្ល័ង្ករបស់គណបក្សប្រជាជនកម្ពុជាលោកអ្នកឧកញ៉ា ទ្រី ភាព ក្រៅពីការចូលរួមជួយកសាងសមិទ្ធផលនានាហើយនោះ លោកក៏បានផ្សារភ្ជាប់មនោសញ្ចេតនាជាមួយប្រជាពលរដ្ឋ ដោយដាក់ចេញកម្មវិធីចងដៃរាល់ប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍ដោយការមួយរោងចងដៃ១០០ដុល្លារ។ សម្រាប់ពលរដ្ឋមានសមាជិកគ្រួសារទទួលមរណភាព ចូលរួមបុណ្យសព ២០ម៉ឺនរៀល និងអង្ករ៥០គីឡូក្រាម។
របាយការណ៍បង្ហាញថា មកដល់ពេលបច្ចុប្បន្ននេះ លោកអ្នកឧកញ៉ា បានចងដៃមង្គលការចំនួន ៤១៣គូ ចំណាយថវិកា ៤១,៣០០ដុល្លារ និងចូលរួមបុណ្យសព ៧៤០សព ចំណាយថវិកាជាង ១៤៨លានរៀល និងអង្ករជិត ៤ម៉ឺនគីឡូក្រាម។ តាមរយៈកម្មវិធីនេះ ជួយដោះស្រាយការលំបាក និងធ្វើឱ្យប្រជាពលរដ្ឋស្រុកប្រាសាទបល្ល័ង្កពេញចិត្ត។
សូមបញ្ជាក់ថា ក្នុងកម្មវិធីនាព្រឹកមិញនេះ លោកអ្នកឧកញ៉ា បានចំណាយថវិកាសរុបប្រមាណ ៥២០.០០០.០០០រៀល។ កម្មវិធីត្រូវបានបិទបញ្ចប់ប្រកបដោយក្តីសប្បាយរីករាយ និងប្រកបដោយមេត្រីភាព៕





































































