ពលរដ្ឋសាទរចំពោះវត្តមានស្តូបឈ្នះឈ្នះ ឈរត្រដែតលើទឹកដីខេត្តកោះកុង ដែលបង្ហាញពីសមិទ្ធផលសន្តិភាព បិទបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា (Video inside)

29-05-2026 18:23

(កោះកុង)៖ ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង បានសម្តែងការសាទរ ន៨ងសប្បាយរីករាយ ចំពោះវត្តមានស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ខេត្តកោះកុង ដែលបានសាងសង់រួចរាល់ និងកំពុងឈរបង្អួតសម្រស់យ៉ាងត្រដែតនៅជាប់នឹងផ្លូវជាតិលេខ៤៨ នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បើតាមលោកស្រី ភូ វល័ក្ខ ជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ បានលើកឡើងថា ពួកគាត់ពិតជាមានមោទនភាពយ៉ាងខ្លាំងនៅពេលឃើញវត្តមាន ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ដែលជានិមិត្តរូូបសន្តិភាពរបស់កម្ពុជា ត្រូវបានសាងសង់នៅក្នុងខេត្តកំណើតរបស់ខ្លួន។

លោកស្រី វល័ក្ខ បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំប្រជាជនខេត្តកោះកុង ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដោយសារមានវិមានឈ្នះឈ្នះ, ការសាងសង់នេះតំណាងឱ្យប្រជាពលរដ្ឋខ្មែរយើងនៅខេត្តកោះកុង ឱ្យបាបស្គាល់នូវវិមានឈ្នះឈ្នះ ជាចំណងដៃរបស់សម្តេច យើងមានកិត្តិយសណាស់ដែលមានវិមានឈ្នះឈ្នះនៅលើទឹកដីរបស់យើង»។

ខណៈលោកស្រី ជិន ម៉ូនីតា ក៏បានរៀបរាប់ស្រដៀងគ្នាថា ក្នុងនាមជាពលរដ្ឋក្នុងខេត្តម្នាក់ គឺមានមោទនភាពណាស់ ហើយស្តូបឈ្នះឈ្នះ និងវិមានឈ្នះឈ្នះ គឺតំណាងឱ្យនយោបាយឈ្នះឈ្នះ និងសន្តិភាពនៅកម្ពុជា។

គួរឱ្យដឹងថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ខេត្តកោះកុង បានដំណើរការសាងសង់កាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងត្រូវបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃតី៣០ ខែឧសភា ឆ្នាំ២០២៦នេះ។ ដោយចំណាយរយៈពេលសាងសង់ចំនួន ៦ឆ្នាំ។

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង បានសាងសង់នៅលើផ្ទៃដីទំហំ ២១៦ហិកតា ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានកម្ពស់៤៧ម៉ែត្រ និងមានទទឹង ៦៦ម៉ែត្រ ៤ជ្រុង ខាងក្រៅមានរូបសំណាកតោ នាគ ដំរីក្បាលបី គ្រុឌ និងហង្សក្បាល៣៕