លោកគ្រូ នេត ប៉េ ជាព្រឹទ្ធាចារ្យផ្នែកចាប៉ីដងវែង កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត អំពាវនាវសុំការជួយពីថ្នាក់ដឹកនាំ និងសប្បុរសជន
29-05-2026 19:38
(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦នេះលោក ឈួរ សុបញ្ញា បានចុះសួរសុខទុក្ខ និងនាំយកថវិកាជូនលោកគ្រូ នេត ប៉េ ជាព្រឹទ្ធាចារ្យផ្នែកចាប៉ីដងវែង កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដោយលោកមានជំងឺច្រើនមុខដូចជា ក្រពះពោះវៀន រលាកសួត និងក្រពេញប្រូស្តាត។ ក្នុងឱកាសនោះ លោក សុបញ្ញា បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ ព្រមទាំងថវិកាមួយចំនួនជូនព្រឹទ្ធាចារ្យ។
លោក ឈួរ សុបញ្ញា បានមានប្រសាសន៍ថា ក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរ និងការចំណាយព្យាបាលកាន់តែច្រើន លោកគ្រូ នេត ប៉េ បានសូមអំពាវនាវយ៉ាងក្តីគោរព ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងសប្បុរសជនជិតឆ្ងាយ មេត្តាចូលរួមជួយឧបត្ថម្ភតាមលទ្ធភាព ដើម្បីជួយសង្គ្រោះជីវិត និងសម្រាលទុក្ខលំបាករបស់លោកគ្រូក្នុងវេលានេះ។ ការជួយរបស់លោកអ្នក មិនមែនជាការជួយមនុស្សម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាការជួយថែរក្សា «មរតករស់» នៃវប្បធម៌ខ្មែរ ព្រោះថា ព្រឹទ្ធាចារ្យដូចជា លោកគ្រូ នេត ប៉េ គឺជាមនុស្សដែលបានឧទ្ទិសជីវិតទាំងមូល ដើម្បីរក្សា និងបន្តវង្សនៃសិល្បៈចាប៉ីដងវែង ដែលជាអត្តសញ្ញាណជាតិដ៏មានតម្លៃមិនអាចវាស់វែងបាន។
លោកបានបន្តថា លោកគ្រូ នេត ប៉េ គឺជាព្រឹទ្ធាចារ្យចាប៉ីដងវែងមួយរូប ដែលបានឧទ្ទិសជីវិតជាច្រើនទសវត្សរ៍ ក្នុងការសិក្សា អនុវត្ត និងបង្រៀនសិល្បៈចាប៉ីដងវែង ដែលជាមរតកវប្បធម៌អរូបីដ៏មានតម្លៃរបស់ជាតិខ្មែរ។ តាំងពីវ័យក្មេង លោកគ្រូបានចាប់អារម្មណ៍លើសិល្បៈចម្រៀងប្រពៃណី និងបានសិក្សាពីលោកតា ពូថៅដៃ និងគ្រូចាស់ៗក្នុងសហគមន៍ រហូតអភិវឌ្ឍខ្លួនក្លាយជាអ្នកច្រៀងចាប៉ីដែលមានជំនាញខ្ពស់ ទាំងផ្នែកសំនៀង ទំនុកច្រៀង និងការតែងនិពន្ធអត្ថបទបង្រៀនសង្គម។ ក្នុងអំឡុងពេលជីវិតសិល្បៈរបស់លោក គាត់មិនត្រឹមតែជាអ្នកសម្តែងប៉ុណ្ណោះទេ ប៉ុន្តែជាគ្រូបង្រៀន ដែលបានបណ្ដុះបណ្ដាលសិស្សជំនាន់ក្រោយជាច្រើនរូប ឱ្យស្គាល់ ស្រឡាញ់ និងបន្តអភិរក្សសិល្បៈចាប៉ីដងវែង។ សំនៀងចាប៉ីរបស់លោកភាគច្រើនផ្ទុកទៅដោយអត្ថន័យអប់រំ ដាស់ស្មារតីសង្គម ណែនាំឱ្យប្រជាពលរដ្ឋរស់នៅដោយសុចរិត ស្គាល់បុណ្យបាប និងគោរពតម្លៃវប្បធម៌ជាតិ។ ទោះបីជាបានឆ្លងកាត់សម័យលំបាកជាច្រើន រួមទាំងការបាត់បង់សិល្បៈក្នុងអតីតកាល លោកគ្រូនៅតែរក្សាចិត្តស្រឡាញ់ និងបន្តបេសកកម្មរបស់ខ្លួន ដើម្បីឱ្យសិល្បៈចាប៉ីមិនរលាយបាត់ពីសង្គមខ្មែរ។ ការខិតខំរបស់លោកគ្រូ គឺជាគំរូនៃការលះបង់ និងស្មារតីស្នេហាជាតិដ៏ខ្ពង់ខ្ពស់៕













