គណៈប្រតិភូក្រសួងនគរបាលវៀតណាម បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាទីតាំងគ្រោងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅខេត្តស្វាយរៀង

29-05-2026 19:48

(ស្វាយរៀង)៖ កាលពីថ្ងៃទី២៦-២៩ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូនៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក ង្វៀន វ៉ាន់ កឿង (Nguyễn Văn Cường) អនុប្រធាននាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចុះពិនិត្យ និងសិក្សាទីតាំងគ្រោងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាលបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅខេត្តស្វាយរៀង ដែលជាជំនួយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក៏បានចុះទស្សនកិច្ចសិក្សាស្វែងយល់អំពីដំណើការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជាតិព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ «កែវ ផុស» ខេត្តព្រះសីហនុ។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូវៀតណាម ដើម្បីពិនិត្យនិងពិភាក្សាអំពីគម្រោងសាងសង់មជ្ឈមណ្ឌល និងបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើគម្រោងសាងសង់មជ្ឈមណ្ឌលនេះ។

ក្នុងនាមសន្តិបណ្ឌិត នេត សាវឿន, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានថ្លែងអំណរគុណដល់នាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាមដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការល្អក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក ហើយគម្រោងផ្តល់ជំនួយក្នុងការសាងសង់មជ្ឈមណ្ឌលនេះនឹងជួយដល់ជនរងគ្រោះដោយសារគ្រឿងញៀន ក្នុងខេត្តស្វាយរៀង និងបណ្តាខេត្តជុំវិញ៕