លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយសមាគមអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅឋាន (REHDA) នៃប្រទេសម៉ាឡេស៊ី

29-05-2026 21:00

(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួបសំណេះសំណាល សម្តែងការគួរសម និងពិសាអាហារថ្ងៃត្រង់ជាមួយសមាគមអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅឋាន (REHDA) នៃប្រទេសម៉ាឡេស៊ី ដើម្បីបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរ។

នៅក្នុងឱកាសនោះលោកអ្នកឧកញ៉ា លី ហួរ បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់លោក Datuk Ir. Ho Hon Sang ប្រធានសមាគមអចលនទ្រព្យ និងលំនៅឋាន (REHDA) ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចវិស័យអចលទ្រព្យនៅកម្ពុជា នាពេលនេះ។

លោកអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានមានប្រសាសន៍ថាសំណង់នៅតែជាតម្រូវការខ្ពស់ទៅថ្ងៃអនាគត ការខិតខំរបស់សមាគមក៏ត្រូវតែបន្តការខិតខំទៅមុខ លើផ្លូវយូរអង្វែង សមាគមនឹងបន្តពង្រីកសក្តានុពលរបស់ខ្លួនឈរលើចក្ខុវិស័យ និងទិសដៅវែងឆ្ងាយ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សមាគមមានទស្សនៈវិស័យមួយទៀតគឺលើកកំពស់ស្តង់ដាវិស័យអចលនទ្រព្យកម្ពុជា ឲ្យកាន់តែល្អប្រសើរដោយមិនមែនផ្តោតសំខាន់លើតែសំណង់លំនៅឋានឬបុរីប៉ុណ្ណោះទេ សមាគមផ្តោតលើ អគារខុនដូ អគារពាណិជ្ជកម្មជាសំខាន់ ព្រោះអគារខ្ពស់ៗទាំងនោះគឺជាប៉ូលដ៏សំខាន់នៃការទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា ជាមួយនឹងអន្តរជាតិ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើសេវា ពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងចូលរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិកម្ពុជាផងដែរ។

លោកអ្នកឧកញ៉ា បានបន្ថែមទៀតថាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងបន្តពង្រឹងកិត្យានុភាព និងតួនាទីដ៏សំខាន់របស់សមាគមដល់អ្នកវិនិយោគសំណង់ក្នុងស្រុក និងអន្តរជាតិ។ បន្តអនុវត្តបេសកកម្មរបស់ខ្លួនជាអាទិភាពចម្បងប្រកបដោយប្រសិទ្ធភាព និងសម្រេចបានសមិទ្ធផលថ្មីៗ ជូនសមាជិក-សមាជិកា។ បន្តលើកកម្ពស់ភាពជឿទុកចិត្ត ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែង តាមរយៈការបង្កើតកិច្ចប្រជុំពង្រឹងផ្ទៃក្នុង សន្និបាតប្រចាំឆ្នាំ និងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយភាគីពាក់ ព័ន្ធ។ បន្តលើកកម្ពស់យន្តការ ភាពជាដៃគូរាជរដ្ឋាភិបាល និងផ្នែកឯកជន រវាងសមាគម ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រ និងជំរុញល្បឿននៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។

លោកអ្នកឧកញ៉ាបានថ្លែងបន្ដថា នេះជាការចូលរួមកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ស្របតាមគោលនយោបាយលើកកម្ពស់កម្រិត ជីវភាពប្រជាជនមានចំណូលទាប និងមធ្យមតាមរយៈការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យនៃ គម្រោងអភិវឌ្ឍន៍របស់សមាជិក-សមាជិកា។ លើសពីនោះបន្តរៀបចំវេទិកាធុរកិច្ច សិក្ខាសាលា និងដំណើរទស្សនកិច្ចក្រៅប្រទេស ជូនសមាជិក-សមាជិកា ដើម្បីស្វែងយល់ពីកាលានុវត្តភាព និន្នាការវិនិយោគ និងនវានុវត្តថ្មីៗក្នុងដំណើរការអាជីវកម្ម។ មួយវិញទៀតការរៀបចំប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មានស្នូលសមាគម ដោយសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បី សិក្សាស្រាវជ្រាវ តាមដាន ចងក្រង និងវិភាគស្ថានភាពអចលនទ្រព្យនៅកម្ពុជា។ ជាងនេះទៅទៀតឧត្តមភាពនៃសមិទ្ធផលថ្មីៗ របស់សមាគមនឹងបន្តគៀងគរ អ្នកវិនិយោគ ទាំងក្នុងស្រុក និងអន្តរ ជាតិចូលរួមកម្លាំងជាមួយសមាគម ស្របតាមគោលដៅអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជាប្រកប ដោយចីរភាព។ បន្តចូលរួមសកម្មភាពធ្វើសបុរសធម៌ជួយសង្គមជាតិ ទាំងក្របខណ្ឌសមាគម និងជាមួយរាជរដ្ឋាភិបាល។

ជាមួយគ្នានោះ លោក Datuk Ir. Ho Hon Sang ប្រធានសមាគមអចលនទ្រព្យ និងលំនៅឋាន (REHDA) នៃប្រទេសម៉ាឡេស៊ី ក៏បានសម្តែងក្តីរំភើប និងថ្លែងអំណរគុណលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានផ្តល់កិត្តិយសក្នុងការអនុញ្ញាតឱ្យសមាគមអចលនទ្រព្យ និងលំនៅឋាន (REDA) នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារពីវិស័យអចលនទ្រព្យ និងលំនៅឋាននៅកម្ពុជា ដើម្បីបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរ។

លោក Datuk Ir. Ho Hon Sang ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន និងអចលនទ្រព្យ (REHDA) បានជម្រាបជូនលោកអ្នកឧកញ៉ា លី ហួរ ឱ្យដឹងថា (REHDA) មិនត្រឹមតែផ្តោតលើការអភិវឌ្ឍលំនៅឋាននោះទេ ប៉ុន្តែវិសាលភាពការងារគឺគ្របដណ្តប់លើ «អចលនទ្រព្យ» ទាំងមូល ដែលរួមមាន៖ សណ្ឋាគារ, ការិយាល័យធ្វើការ, សួនកម្សាន្ត, ផ្សារទំនើប, មន្ទីរពេទ្យ និងសាលារៀនឯកជនជាដើម។

លោក Datuk Ir. Ho Hon Sang ក៏បានបង្ហាញក្តីសង្ឃឹមថាបន្ទាប់ពីសំណេះសំណាលការងារពីវិស័យអចលនទ្រព្យ និងលំនៅឋាននៅកម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន និងអចលនទ្រព្យម៉ាទ្បេស៊ី (REHDA) នឹងអាចស្វែងរកឱកាសចាប់ដៃគូវិនិយោគទៅវិញទៅមកជាមួយប្រទេសកម្ពុជាផងដែរ។