វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ត្រាំ គំរាមទម្លាក់គ្រាប់បែកលើអូម៉ង់?
29-05-2026 21:19
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមប្រើកម្លាំងយោធាប្រឆាំងនឹងអូម៉ង់ដែលជាសម្ព័ន្ធមិត្តយូរអង្វែងមួយរបស់សហរដ្ឋអាមេរិក ប្រសិនបើហ៊ានចូលរួមក្នុងជម្លោះជុំវិញការគ្រប់គ្រង ឬការធ្វើនាវាចររបស់កប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz ជាទីដែលអ៉ីរ៉ង់កំពុងរឹតបន្តឹងការគ្រប់គ្រង។ ការគំរាមរបស់លោក ត្រាំ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ថានឹងទម្លាក់គ្រាប់បែកលើអូម៉ង់ កើតមានឡើងចំពេលទីក្រុង Muscat ត្រូវបានរាយការណ៍ថាបានបើកកិច្ចចរចាជាមួយអ៉ីរ៉ង់អំពីការចាត់ចែងលើការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់មួយដែល ២០ភាគរយ នៃពាណិជ្ជកម្មប្រេងរបស់ពិភពលោកត្រូវឆ្លងកាត់។
«គ្មាននរណាម្នាក់នឹងគ្រប់គ្រងច្រកសមុទ្រ Hormuz ឡើយ។ Hormuz ជាដែនទឹកអន្តរជាតិ ហើយអូម៉ង់ត្រូវប្រកាន់អាកប្បកិរិយាដូចប្រទេសដទៃ បើពុំដូច្នោះទេយើងនឹងទម្លាក់គ្រាប់បែកបំផ្ទុះពួកគេ»។ នេះជាការលើកឡើងរបស់លោក ត្រាំអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែខណៈ Hormuz ជាច្រកសមុទ្រអន្តរជាតិក៏ពិតមែន តែផ្នែកជាច្រើននៃច្រកសមុទ្រមួយនេះមានទីតាំងស្ថិត ក្នុងដែនទឹកអ៉ីរ៉ង់ និងអូម៉ង់ មិនមែនស្ថិតក្នុងដែនទឹកអន្តរជាតិនោះទេ ហើយផ្នែកខ្លះរបស់វាក៏លាតសន្ធឹងដល់ដែនទឹកអេមីរ៉ាតអារ៉ាប់រួមផងដែរ។
* តើលោក ត្រាំ ពិតជាបានគំរាមអូម៉ង់មែនឬ?
នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ មានអ្នកសារព័ត៌មានម្នាក់បានសួរលោក ត្រាំ ថាតើលោកគិតយ៉ាងណាចំពោះគំនិតឱ្យអូម៉ង់ និងអ៉ីរ៉ង់ចាត់ចែងលើការធ្វើពាណិជ្ជកម្មឆ្លងកាត់តាម ច្រកសមុទ្រ Hormuz។ នៅពេលលោក ត្រាំ ឆ្លើយតបនឹងសំណួរនេះដោយការគំរាមទម្លាក់គ្រាប់បែកបំផ្ទុះកម្ទេចសម្ព័ន្ធមិត្តមួយដែលសហរដ្ឋអាមេរិកមានទំនាក់ទំនងជាមួយគ្នាជាង ២០០ឆ្នាំមកនេះ មានការសង្ស័យថាលោកប្រធានាធិបតីអាមេរិកប្រហែលជាមានការភ័ន្តច្រឡំនិយាយឈ្មោះអូម៉ង់ជំនួសឱ្យអ៉ីរ៉ង់។ ក៏ប៉ុន្តែ ក្រោយមក ក្រសួងការបរទេសអាមេរិកបានចែករំលែកការបញ្ចេញមតិមួយនៅលើ បណ្ដាញទំនាក់ទំនងសង្គម អមជាមួយសម្រង់សម្ដីរបស់លោក ត្រាំដែលពិតជាបាននិយាយឈ្មោះអូម៉ង់ប្រាកដមែន ជាប្រទេសមួយមានប្រជាជន ៥.៣លាននាក់។
អូម៉ង់មិនបាននិយាយជាសាធារណៈនោះទេជុំវិញការលើកឡើង ឬសេចក្ដីរាយការណ៍ដែលថាខ្លួនមានបំណងចូលរួមជាមួយអ៉ីរ៉ង់ ដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញសាមគ្គីភាពជាមួយអូម៉ង់ ដោយនិយាយថាអ៉ីរ៉ង់ឈរក្នុងសាមគ្គីភាពជាមួយអូម៉ង់ បន្ទាប់ពីការគំរាមរបស់សហរដ្ឋអាមេរិក។
* តើអូម៉ង់មានតួនាទីអ្វីក្នុងសង្រ្គាមអាមេរិក-អ៉ីរ៉ង់?
រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr Albusaidi ធ្លាប់ធ្វើជាអ្នកសម្របសម្រួលដ៏សំខាន់ម្នាក់ក្នុងកិច្ចចរចានុយក្លេអ៊ែរអាមេរិក និងអ៉ីរ៉ង់ នៅមុនសង្រ្គាមប្រឆាំងអ៉ីរ៉ង់ផ្ទុះឡើង។ នៅមុនពេលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហាររួមគ្នាលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក Albusaidi បានបើកកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីអាមេរិក ក្នុងនោះរួមមានអនុប្រធានាធិបតីអាមេរិក លោក JD Vance ដើម្បីសម្របសម្រួលកិច្ចចរចាអំពីអនាគតកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ ក្នុងកិច្ចពិភាក្សាជាមួយលោក JD Vance ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែកុម្ភៈ មួយថ្ងៃមុនសង្រ្គាមផ្ទុះឡើង លោក Albusaidi បាននិយាយថាកិច្ចចរចាសម្រេចបានគំនិត និងសំណើប្រកបដោយលក្ខណៈស្ថាបនាដែលនាំទៅរកភាពរីកចម្រើនមិនធ្លាប់មានពីមុនមក។
តែទោះជាបែបនេះក្ដី ប៉ុន្មានម៉ោងក្រោយមក លោក ត្រាំ ស្រាប់តែធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលថាសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើអ៉ីរ៉ង់ ដោយសារតែរូបលោកមានអារម្មណ៍ថាអ៉ីរ៉ង់នឹងបើកការវាយប្រហារមុន និងអះអាងថាកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់បានជាប់គាំង។ រដ្ឋមន្ត្រីការបរទេសអូម៉ង់បានច្រានចោលចំពោះការលើកឡើងថាអ៉ីរ៉ង់ជាការគំរាមកំហែងភ្លាមៗចំពោះសហរដ្ឋអាមេរិក ដោយនៅតែប្រកាន់ថា មានភាពរីកចម្រើនយ៉ាងសំខាន់បានកើតឡើងក្នុងកិច្ចចរចានុយក្លេអ៊ែរ។ ខុសពីសម្ព័ន្ធមិត្តដទៃទៀតរបស់អាមេរិក ក្នុងតំបន់ឈូងសមុទ្រពែក្សដូចជាកាតា បារ៉ែន និងអេមីរ៉ាតអារ៉ាប់រួម អូម៉ង់មិនបានទទួលឱ្យ កងទ័ពអាមេរិកឈរជើងនោះទេ។ ប៉ុន្តែ អូម៉ង់នៅតែមិនអាចគេចផុតពីផលប៉ះពាល់នៃសង្រ្គាម នៅពេលអ៉ីរ៉ង់បើកការវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិក និងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងបណ្ដាប្រទេស ក្នុងតំបន់ឈូងសមុទ្រ នៅប៉ុន្មានថ្ងៃដំបូងក្រោយសង្រ្គាមផ្ទុះឡើង។ កំពង់ផែពាណិជ្ជកម្ម Duqm មានទីតាំងស្ថិតនៅក្នុងខេត្ត Al Wusta ស្ថិតនៅភាគកណ្ដាលអូម៉ង់បានរងការវាយប្រហារ២លើកដោយដ្រូន កាលពីថ្ងៃទី១ ខែមីនា ខណៈស៊ីទែនប្រេងឥន្ធនៈមួយនៅឯកំពង់ផែបានរងការវាយប្រហារដោយដ្រូនផងដែរ នៅ២ថ្ងៃក្រោយមកទៀត។ នៅពេលនោះ លោក ត្រាំ បានបង្ហាញសាមគ្គីភាពជាមួយអូម៉ង់ ដោយនិយាយថាអ៉ីរ៉ង់កំពុងវាយប្រហារលើប្រទេសដែលមិនមានជាប់ពាក់ព័ន្ធអ្វីសោះទៅនឹងអ្វីដែលកំពុងកើតឡើង។
* ហេតុអ្វីអូម៉ង់មានសារៈសំខាន់សម្រាប់ដំណោះស្រាយអចិន្ត្រៃយ៍នៃសង្រ្គាមអាមេរិក-អ៉ីរ៉ង់?
លោក Muhanad Seloom ជាអ្នកវិភាគម្នាក់មកពីស្ថាប័ន Middle East Council on Global Affairs បាននិយាយថាអូម៉ង់ជាប្រទេសមួយក្នុងតំបន់ឈូងសមុទ្រដែលមានទំនាក់ទំនងល្អជាមួយអាមេរិកផង និងអ៉ីរ៉ង់ផង។ អ្នកវិភាគរូបនេះជឿថាគំនិតនៃការគ្រប់គ្រងរួមគ្នាណាមួយរវាងអ៉ីរ៉ង់ និងអូម៉ង់លើច្រកសមុទ្រ Hormuz គ្រាន់តែជាសារនយោបាយមួយប៉ុណ្ណោះ ជាជាងជាការពិតមួយដែលអាចនឹងកើតឡើង។ លោកបន្ថែមថាផលប្រយោជន៍ពិតរបស់អូម៉ង់មិនមែនរួមដៃគ្នាជាមួយអ៉ីរ៉ង់ក្នុងការគ្រប់គ្រង ឬបិទខ្ទប់ច្រកសមុទ្រ Hormuz នោះទេ តែគឺជួយសម្របសម្រួលឱ្យច្រកសមុទ្រនេះបើកឡើងវិញ។
បន្ថែមពីលើនេះ បើតាមលោក Seloom គំនិតឱ្យអ៉ីរ៉ង់ និងអូម៉ង់គ្រប់គ្រងលើច្រកសមុទ្រ Hormuz ប្រៀបដូចជាការប្រកាសអាសន្នមួយចំពោះលោក ត្រាំ ក្រោមហេតុផល៣យ៉ាង៖ ម្យ៉ាង វានឹងប្ដូរការគ្រប់គ្រងរបស់ អ៉ីរ៉ង់លើច្រកសមុទ្រ Hormuz ទៅជាអចិន្ត្រៃយ៍ ក្រោយសង្រ្គាមបិទបញ្ចប់ ជាជាងជាសកម្មភាពបណ្ដោះអាសន្នក្នុងសង្រ្គាម។ ទី២៖ វានឹងបង្កើតជាគំរូមួយថាប្រទេសណាដែលមានព្រំដែនជាប់ច្រកសមុទ្រ ឬផ្លូវទឹក អន្តរជាតិ គឺអាចចាត់ចែងគ្រប់គ្រងផ្លូវទឹកទាំងនោះបានដែលការណ៍នេះនឹងលុបបំបាត់ចោលសេរីភាពនៃការធ្វើនាវាចរដែលជាគោលការណ៍មួយនៅក្នុងសណ្ដាប់ធ្នាប់អន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក។ ទី៣៖ វានឹងផ្ដល់ឱ្យអ៉ីរ៉ង់នូវជ័យជម្នះខាងយុទ្ធសាស្ត្រ ឬផលប្រយោជន៍រយៈពេលវែង។
ក្រុមអ្នកវិភាគបាននិយាយថាសារៈសំខាន់ទាំង៣ របស់អូម៉ង់ រួមមានទីតាំងភូមិសាស្ត្រ ការទូត និងយុទ្ធសាស្ត្រ បានធ្វើឱ្យអូម៉ង់ក្លាយជាតួអង្គដ៏សំខាន់មួយក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ដែលបាននិងកំពុង ប្ដូរពីការវាយប្រយុទ្ធគ្នា ទៅជាការប្រជែងខាងភូមិសាស្ត្រនយោបាយដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់បំផុតមួយសម្រាប់សេដ្ឋកិច្ចពិភពលោក៕











