មន្ទីរសុខាភិបាលខេត្តព្រះវិហារ ចុះពិនិត្យស្រ្តីមានផ្ទៃពោះ ដោយម៉ាស៊ីនអេកូសាស្ត្រឥតគិតថ្លៃ នៅតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយហានិភ័យមាតា និងទារក

29-05-2026 22:53

(ព្រះវិហារ)៖ លោកវេបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយអង្គការ RACHA និងអាជ្ញាធរមូលដ្ឋាន រៀបចំសកម្មភាពពិនិត្យសុខភាពស្រ្តីមានផ្ទៃពោះ ដោយម៉ាស៊ីនអេកូសាស្ត្រឥតគិតថ្លៃ នៅតំបន់ដាច់ស្រយាល ក្នុងភូមិប្រា ឃុំឆែបពីរ ស្រុកឆែប ក្នុងគោលបំណងស្វែងរក និងតាមដានករណីស្ត្រីមានផ្ទៃពោះ ដែលអាចប្រឈមនឹងផលវិបាក ដើម្បីធានាសុវត្ថិភាពមាតា និងទារក។

នៅក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា សកម្មភាពនេះគឺជាការយកចិត្តទុកដាក់របស់មន្ទីរសុខាភិបាល ក្នុងការពង្រឹងសេវាថែទាំសុខភាពមាតា និងទារក ជាពិសេសសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយាល និងមានការលំបាកក្នុងការធ្វើដំណើរមកទទួលសេវាសុខភាព នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត គួង ឡូ បានបញ្ជាក់ថា ការពិនិត្យដោយម៉ាស៊ីនអេកូសាស្ត្រ អាចជួយរកឃើញបានទាន់ពេលវេលានូវករណីស្រ្តីមានផ្ទៃពោះ ដែលមានហានិភ័យ ឬផលលំបាក ដើម្បីត្រៀមបញ្ជូនស្ត្រីមកសម្រាលកូននៅមន្ទីរពេទ្យ ដែលមានគ្រូពេទ្យជំនាញ ឈាមបម្រុង និងសម្ភារសង្គ្រោះគ្រប់គ្រាន់។ លោកបន្ដថា «គោលដៅសំខាន់របស់យើង គឺកាត់បន្ថយអត្រាមរណភាពមាតា និងទារកក្នុងរង្វង់កំណើត តាមរយៈការពិនិត្យរកហានិភ័យឱ្យបានឆាប់រហ័ស និងធានាថាស្រ្តីមានផ្ទៃពោះទទួលបានការថែទាំសមស្រប និងទាន់ពេលវេលា»។

លោក គួង ឡូ បានបន្ថែមទៀតថា ក្រៅពីសេវាពិនិត្យដោយម៉ាស៊ីនអេកូសាស្ត្រ ក្រុមការងារក៏បាននាំយកនូវសេវារួមបញ្ចូលក្នុងសហគមន៍ (integrated outreach activities) ផ្តល់ជូនរួមមាន៖ ការអប់រំសុខភាព ការផ្តល់ថ្នាំបង្ការ ដល់កុមារ និងស្រ្តី ការតាមដានការលូតលាស់របស់កុមារ ព្រមទាំងការថែទាំសុខភាពមុន និងក្រោយសម្រាលផងដែរ។

លោកវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ទៀតថា មន្ទីរសុខាភិបាលខេត្តព្រះវិហារ នឹងបន្តពង្រីកសកម្មភាពបែបនេះ ទៅកាន់តំបន់ដាច់ស្រយាលផ្សេងៗទៀត នៅទូទាំងខេត្ត ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព សមធម៌ និងគ្មានការរើសអើង៕