អ្នកជំនាញអារ្យធម៌ខ្មែរ៖ វិមានឈ្នះឈ្នះខេត្ដកោះកុង ជានិមិត្តរូបនៃសារៈមន្ទីរជាតិសន្ដិភាព និងបណ្ណាល័យបើកចំហជាសកលនៃប្រវត្តិសាស្ត្រសម័យទំនើប

30-05-2026 13:10

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៦ នេះ ចំពោះពិធីសម្ពោធវិមានឈ្នះឈ្នះ ខេត្តកោះកុង ដ៏ធំស្កឹមស្កៃ និងខ្ពស់ត្រដែតលើវេហាស៍ថ្មីមួយទៀត បន្ទាប់ពីវិមានឈ្នះឈ្នះនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលមានការចូលរួមពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និងប្រជាពលរដ្ឋជុំវិញខេត្ដ យ៉ាងច្រើនកុះករនិងអធិកអធមក្រៃលែង។

ទិដ្ឋភាពដ៏រស់រវើកនេះ បង្ហាញអំពីប្រពៃណីនៃការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតរបស់រាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះបិតាស្ថាបនិកសន្ដិភាព និងប្រតិបត្ដិករអនុវត្ដនយោបាយឈ្នះឈ្នះដ៏ឆ្នើមដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានតស៊ូបញ្ចប់សង្គ្រាមស៊ីវិលរុំារ៉ៃនៅកម្ពុជា នាំមកនូវសន្តិភាពនិងការអភិវឌ្ឍដ៏រុងរឿងក្នុងសម័យទំនើបយើងនេះ។

បើពោលឲ្យចំ វិមានឈ្នះឈ្នះ ខេត្ដកោះកុង មានរូបរាងពេញលេញបានផុសទ្បើងយ៉ាងធំស្កឹមស្កៃនិងខ្ពស់ត្រដែតចាប់ពីថ្ងៃនេះ នឹងក្លាយជាប្រពៃណីរំឭកដឹងគុណ កតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត និងមានគុណតម្លៃមិនអាចកាត់ថ្លៃបានរបស់ជាតិ ដល់រដ្ឋបុរសន្ដិភាពសម័យទំនើប ដោយប្រកាសប្រាប់មនុស្សជំនាន់ក្រោយៗ និងពិភពលោកថា ភាពអង់អាចក្លាហាន និងការលះបង់ដោយយកជីវិតធ្វើជាដើមទុនរបស់រដ្ឋបុរសខ្លួន ពីទុក្ខវេទនានៃសង្រ្គាមរុំារ៉ៃអស់កាលដ៏យូរលង់មកនេះ មិនត្រូវបានបំភ្លេចចោលឡើយ។ ហេតុនេះវិមាននយោបាយឈ្នះឈ្នះ ខេត្ដកោះកុង ជានិមិត្តរូបនៃសារៈមន្ទីរជាតិសន្ដិភាព និងបណ្ណាល័យបើកចំហជាសកលនៃប្រវត្តិសាស្ត្រពិតរបស់ជាតិដ៏រស់រវើក។

លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងន័យនេះ វិមាននយោបាយឈ្នះឈ្នះ ខេត្តកោះកុង ជាវិមានឧទ្ទិសដឹងគុណដល់រដ្ឋបុរសសន្ដិភាព និងដើរតួនាទីជាសាលារៀនប្រវត្តិសាស្ត្រក្រៅប្រព័ន្ធ ដ៏មានឥទ្ធិពលនិងរស់រវើក ដែលជួយឲ្យកុលបុត្រ កុលធិតាជំនាន់ក្រោយបានស្វែងយល់ តាមរយៈស្លាកស្នាមព្រឹត្តិការណ៍ លំដាប់ហេតុការណ៍ប្រវត្ដិសាស្រ្ដ ដែលបានចារឹកឈ្មោះវីរជន ដែលជាឯកសារប្រវត្តិសាស្ត្រដ៏រឹងមាំ ការពារមិនឲ្យមានការបំភ្លៃ ឬបំភ្លេចចោល និងការចងចាំរបស់ជាតិជាសកលអស់កល្ប។ នៅពេលកុលបុត្រកុលធីតាជំនាន់ក្រោយៗបានឃើញ ពួកគេនឹងស្វែងយល់ពីគុណតម្លៃនៃសន្តិភាព ឯកភាពជាតិ និងអធិប្បតេយ្យភាពដែនដីដែលមិនអាចកាត់ថ្លៃបាន ដែលនាំឲ្យពួកគេមិនអាចវង្វេងប្រវត្តិសាស្ត្ររបស់ជាតិខ្លួន។ ក្នុងការជំរុញទឹកចិត្តដល់យុវជនឲ្យមានស្មារតីស្នេហាជាតិ ការពារបូរណភាពទឹកដី និងត្រៀមខ្លួនជាស្រេចដើម្បីបម្រើជាតិ មាតុភូមិ ការពារជាតិដោយភាពក្លាហាននិងមិនញញើតជាមួយខ្មាំងសត្រូវ ដោយដើរតាមលំអាន រៀនសូត្រនិងយកគំរូតាមវីរជនជំនាន់មុន។

លើសពីនេះ វិមានឈ្នះឈ្នះ ខេត្តកោះកុង មានទីតាំងភូមិសាស្ត្រឋិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ដ៏ស្រស់ស្អាតដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ អមដោយទឹកជ្រោះជ្រលងភ្នំ ដងអូរ ឡោមព័ទ្ធដោយរុក្ខជាតិបៃតងខៀវស្រងាត់ដ៏ស្រស់ត្រកាល ក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រជាបណ្តុំវប្បធម៌ និងទេសចរណ៍ដ៏សំខាន់មួយប្រចាំខេត្ត។ ដោយតភ្ជាប់ជាមួយសក្តានុពលទេសចរណ៍ធម្មជាតិនៃព្រៃកោងកាង ទឹកធ្លាក់ សមុទ្រ និងជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើតការងារ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍តំបន់ តាមរយៈសេវាកម្មស្នាក់នៅ ម្ហូបអាហារ ការលក់ដូរដ៏មានសក្តានុពល និងពង្រឹងស្មារតីសាមគ្គីជាតិ ឲ្យកាន់តែរឹងមាំ ដោយបង្ហាញពីឫសគល់នៃការតស៊ូ និងការឆ្លងកាត់ដំណាក់កាលយូរអង្វែង ដ៏លំបាករបស់ប្រទេសជាតិ រហូតទទួលបានសន្តិភាពនិងការអភិវឌ្ឍនូវសមិទ្ធិផលដ៏ស្រស់បំព្រងដូចសព្វថ្ងៃ។

ដូច្នេះ ការផុសរូបរាងទ្បើងនៃវិមាននយោបាយឈ្នះឈ្នះ ខេត្តកោះកុងថ្មីមួយទៀតនេះ គឺជាស្ពានចម្លងស្មារតីនៃការតស៊ូ ការលះបង់ពីអតីតកាលរបស់រដ្ឋបុរសសន្តិភាព មកពង្រឹងបច្ចុប្បន្នកាល និងតម្រង់ទិសប្រទេសជាតិទៅអនាគតកាល ឲ្យដើរលើផ្លូវមួយដែលពោរពេញដោយស្មារតីស្នេហាជាតិ កិត្តិយសជាតិ ស្ថិរភាពនយោបាយ និងសន្តិភាពតរៀងទៅ៕