អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនពលរដ្ឋខ្វះខាត១៣០គ្រួសារនៅឃុំកំពង់ភ្លុក ខេត្តសៀមរាប
30-05-2026 13:40
(សៀមរាប)៖ ដោយឃើញប្រជាពលរដ្ឋនៅមូលដ្ឋានឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាបមួយចំនួនមានការខ្វះខាត ជាពិសេសមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក កែវ ផុង និងលោកបណ្ឌិត សាន សុខសីហា ជំនួយការផ្ទាល់សម្តេចតេជោ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអំណោយសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចែកជូនប្រជាជនកំពុងជួបការខ្វះខាតចំនួន១៣០គ្រួសារ មកពីភូមិចំនួន៣ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សម្រាប់អំណោយទាំងនេះ ត្រូវបានចែកជូនពលរដ្ឋក្នុង១គ្រួសារទទួលបានអំណោយអង្ករចំនួន ២៥គីឡូ ទឹកបរិសុទ្ធ១កេស មី១កេស ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ មុង១ និងភួយ១ ព្រមទាំងប្រគល់ថវិកាចំនួន ៣,០០០,០០០រៀល ជូនក្រុមប្រឹក្សាឃុំ សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ និងយុវជនឃុំ។
ក្នុងកម្មវិធីនេះដែរក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការអាវុធហត្ថខេត្តសៀមរាប និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកំពង់ភ្លុក, លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង, លោក សុខ ប្លង់ មេឃុំកំពង់ភ្លុក សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ និងសមាជិកសមាជិកាក្រុមសេនាតេជោជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើមលោក សុខ ប្លង់ មេឃុំកំពង់ភ្លុក បានមានមតិរាយការណ៍ជារួមបញ្ហាសន្តិសុខសណ្តាប់ បញ្ហាការការពារបរិស្ថាន ការខិតខំបម្រើប្រជាពលរដ្ឋ យកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែលឿន និងឆាប់រហ័ស។
ជាកិច្ចបន្តលោក សូរ ប្លាតុង បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតផ្នែកជីវភាព ជាពិសេសសរសើរអាជ្ញាធរឃុំ ដែលបានខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានបានល្អ ផ្តល់សេវាទូទៅជូនប្រជាពលរដ្ឋបានឆាប់រហ័ស។
ក្នុងឱកាសនោះលោក កែវ ផុង បានពាំនាំនូវការសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត។ សម្តេច ជានិច្ចជាកាលតែងតែគិតគូរជានិច្ចដល់សុខទុក្ខប្រជាពលរដ្ឋ និងបានណែនាំដល់ក្រុមការងារ ជាពិសេសមន្ត្រីជាអាជ្ញាធរមូលដ្ឋានឲ្យចុះជាប្រចាំស្វែងយល់ពីសុខទុក្ខ និងខ្វះខាតរបស់ប្រជាពលរដ្ឋ ដើម្បីជួយគាត់ឲ្យបានទាន់ ពេលវេលា។
លោកបានសំណូមអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់តាំងពីខេត្ត ក្រុង ស្រុក ឃុំ សង្កាត់រហូតដល់ភូមិឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អ ដូចជាការផ្តល់សេវាសាធារណ ឲ្យបានលឿន និងទាន់ពេលវេលា ធានាឲ្យនូវសន្តិសុខសណ្តាប់ល្អនៅក្នុងមូលដ្ឋាន។ល។
លោកថា «កន្លងមកខ្ញុំសង្កេតឃើញថាលោកមេឃុំ បានខិតខំយ៉ាងខ្លាំងក្នុងការបំពេញសេវាជូនប្រជាពលរដ្ឋបានលឿន និងឆាប់រហ័ស ជាពិសេសការធ្វើសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងសំបុត្រកំណើត គឺបានឆាប់រហ័សទាន់ពេលវេលា។ ខ្ញុំសូមកោតសរសើរខ្ពស់ដល់ការលះបង់ខិតខំបម្រើប្រជាពលរដ្ឋនាពេលកន្លងមក និងសូមខិតខំបន្តទៀត ក្នុងការបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អថែមទៀត»៕


































